ទិវា​ឯករាជ្យ​ជាតិ នៃ សាធារណរដ្ឋ​ប៉ា​គី​ស្ថាន​

268
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ នៃ​រដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន ប្រារព្ធ​ទិវា​សាធារណៈ របស់ខ្លួន ដើម្បី​រំឭក​ដល់​បដិវត្តន៍ ឬ​សេចក្តីប្រកាស នៅ​ទីក្រុង Lahore ខេត្ត​ពុន​ចាប់ ដែល​ត្រូវបាន​គេ ស្គាល់​ផងដែរ​ថា បដិវត្តន៍​ប៉ា​គី​ស្ថាន គឺជា​សេចក្តីថ្លែងការណ៍​នយោបាយ​ផ្លូវការ ដែល​អនុម័ត ដោយ​គណបក្ស​សម្ព័ន្ធ​មូស្លីម​ឥណ្ឌា ក្នុងឱកាស​ជួបជុំ​មហាជន រយៈពេល ៣ ថ្ងៃ គឺ​នៅ​ខែមីនា ឆ្នាំ​១៩៤០ ដើម្បី​ទាមទារ រក​ការបង្កើត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ចេញពី​ប្រទេស​ឥណ្ឌា​។​

ភូមិសាស្ត្រ​
​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន មាន​ផ្ទៃដី ៧៩៦.០៩៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍ មាន​ឆ្នេរ​សមុទ្ទ ប្រវែង ១.០៤៦ គីឡូម៉ែត្រ និង​មាន​ព្រំដែន​ជាប់​នឹង​សមុទ្ទ​អារ៉ាប់ និង​ឈូង​ស​មុ​ទ្ធ អូ​ម៉​ង់ ប្រទេស​ឥណ្ឌា អា​ហ្វ​កា​នី​ស្ថាន អ៊ីរ៉ង់ និង​ប្រទេស​ចិន រដ្ឋធានី គឺ​ទីក្រុង អ៊ិ​ស្លា​ម៉ា​បាដ ភាសាផ្លូវការ គឺ​ភាសា​អ៊ូ​ឌូ និង​ភាសា​អង់គ្លេស ។ ឆ្នាំ​២០២០ មាន​ប្រជាជន ជាង ២២១ លាន​នាក់ ។ ប៉ា​គី​ស្ថាន ជា​ទឹកដី​មរតក​វប្បធម៌​បុរាណ យ៉ាង​សម្បូរបែប ហើយ​យោធា របស់​ប៉ា​គី​ស្ថាន មាន​ទំនាក់ទំនង ជាមួយ​អតីត​សហភាពសូវៀត ដូច្នេះ​សព្វាវុធ និង​យោធា របស់​ប៉ា​គី​ស្ថាន ក៏មាន​ឥទ្ធិពល ខ្លាំងក្លា​ណាស់ដែរ ។

ប្រវត្តិសាស្ត្រ​
​ចាប់ពី​ឆ្នាំ​១៧៥៧ មក ប្រទេស​ឥណ្ឌា ស្ថិតក្រោម​ការត្រួតត្រារ​បស់​អង់គ្លេស​។ ជន ហិណ្ឌូ នៅ​ប្រទេស​ឥណ្ឌា បាន​យកចិត្តយកថ្លើម អាណានិគម​អង់គ្លេស ហើយ​ជាការ​តបស្នង​មកវិញ ពួក​ហិណ្ឌូ ទទួលបាន​កិត្តិយស​ឋានៈ​បុណ្យ​សក្តិ និង​ឥទ្ធិពល​យ៉ាងច្រើន​នៅក្នុង​សង្គម​ឥណ្ឌា ហើយ​ជន​ហិណ្ឌូ​ទាំងនោះ លើកតម្កើង​តែ​ជន​ហិណ្ឌូ​ដូចគ្នា ចំណែក​ពួក​អ្នក​កាន់សាសនា ផ្សេងទៀត នៅក្នុង​ប្រទេស​នេះ សឹងតែ​ពុំ​ត្រូវបាន​គេ​អើពើ​ឡើយ ។ នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ឥណ្ឌា មាន​ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ឬ​ពួក​ជន​មូ​ស្ល៊ី​ម ចំនួន​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ពុំ​សូវ ត្រូវបាន​គេ​ផ្តល់​សិទ្ធិសេរីភាព​ឡើយ ព្រោះ​អ្នកកាន់អំណាច​សំខាន់ៗ គឺជា​អ្នក​កាន់​ព្រហ្មញ្ញ សាសនា ឬ ជន​ហិណ្ឌូ ។​

​ក្នុង​បំណង​ស្វែងរក​សិទ្ធិសេរីភាព​របស់ខ្លួន នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​១៩០៦ ពួក​មូស្លីម បាន​បង្កើត គណបក្សនយោបាយ​មួយ​ឈ្មោះថា គណបក្ស​សម្ព័ន្ធ​មូស្លីម​ឥណ្ឌា ទាំងអស់ (All India Muslim League ) ប៉ុន្តែ​វា​គ្រាន់តែ​ជា​គណបក្សនយោបាយ ដ៏​ទន់ខ្សោយ​មួយ​ហើយ​បាន​ចាញ់​ដាច់ ក្នុងការ​បោះឆ្នោត​សកល នៅ​ឥណ្ឌា នា​ឆ្នាំ​១៩៣៦​។​

​ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​ការគាំទ្រ​ពី​ជន​មូស្លីម​ឥណ្ឌា នៅ​ខែតុលា ឆ្នាំ​១៩៣៧ មេបក្ស All India Muslim League លោក Muhammad Ali Jinnah បាន​អញ្ជើញ​មេដឹកនាំ​មូស្លីម​ដ៏​មាន​ឥទ្ធិពល មួយចំនួន ទៅ​ចូលរួម​ក្នុង​សន្និសីទ​មួយ នៅ​ទីក្រុង Lucknow ដែល​ក្នុងនោះ​មាន​លោក​ស៊ី កាន់​ដា​ហា​យ៉ា​ត់​ខាន់ នាយករដ្ឋមន្ត្រី​ខេត្ត​ពុន​ចាប់ (​ជាទី​ក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​ប្រទេស ប៉ា​គី​ស្ថាន បន្ទាប់ពី​ទីក្រុង អ៊ិ​ស្លា​ម៉ា​បាដ​) និង​ជា​ប្រធាន​គណបក្ស​អ្នក​សហភាព​ពុន​ចាប់ (Punjab Unionist Party) ផងដែរ​។​

​ពីដំបូង ពួក​មេដឹកនាំ​មូស្លីម​ដ៏​មាន​ឥទ្ធិពល​ទាំងនោះ មិន​ព្រម​គាំទ្រ​លោក ជី​ណាស ឡើយ​។ ប៉ុន្តែ​លោក ស៊ី​កាន់​ដា​ហា​យ៉ា​ត់ យល់ថា វា​ពិតជា​អាក្រក់​ណាស់ ប្រសិនបើ​ជន​មូស្លីម មិន​ក្រោក ឈរ​រួបរួមគ្នា​។ គាត់​ក៏បាន​បញ្ចុះបញ្ចូល​មេដឹកនាំ​មូស្លីម​ធំៗ​ដទៃទៀត ឱ្យចូល​រួមជាមួយ​គាត់ ដោយ​លើក​ហេតុផល​ថា “ ឥឡូវនេះ ដល់ពេល​ដែល​ជន​មូស្លីម ត្រូវ​រួបរួមគ្នា ដើម្បី​ទទួលបាន សិទ្ធិ​របស់ខ្លួន​ហើយ “ ។​

​គណបក្ស Unionist Party របស់លោក ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ បានធ្វើ​យុទ្ធនា​ការរក​សំឡេង ឆ្នោត នៅក្នុង​ខេត្ត​ពុន​ចាប់ ហើយ​បានផ្តល់​ការគាំទ្រ ទៅឱ្យ​លោក Muhammad AliJinnah (​ជា​ស្ថាបនិក​ប៉ា​គី​ស្ថាន ប៉ុន្តែ​កាលណោះ គាត់​គឺជា​មេធាវី និង​ក៏​ជា​អ្នកនយោបាយ​ផងដែរ​)​។ ជាមួយនឹង​ការគាំទ្រ របស់​ពួក​មេដឹកនាំ​មូស្លីម​ទាំងឡាយ មាន​លោក ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ ជាដើម​នោះ បាន​ជំរុញ​ឱ្យ​លោក មូ​ហា​ម៉ា​ដ ហ្សា​ហ្វា​រូ​ឡា​ហ​ខាន់ (Muhammad Zafarullah Khan ) ប្រធាន​ក្រុមប្រឹក្សា​ច្បាប់​ខេត្ត​ពុន​ចាប់ ហើយ​ជា​លទ្ធផល​នាំឱ្យមាន​ក​ត្តិ​កា​សញ្ញា​មួយ​ឈ្មោះថា Sikander-Jinnah ដែល​នោះ​គឺជា​ការគាំទ្រ​ចំពោះ​គណ​សម្ព័ន្ធ​មូ​ស្ល៊ី​ម​ឥណ្ឌា​នោះឯង​។

​នៅ​ឆ្នាំ​១៩៣៩ សង្គ្រាមលោកលើកទី​២ ផ្ទុះឡើង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក វីន​ស្តុ​ន ឈឺ​ឈី​ល (Winston Churchill ) បាន​ស្នើសុំ​ការជួយ​គាំទ្រ​ពី​ឥណ្ឌា ប៉ុន្តែ​គណបក្សនយោបាយ ទាំងអស់​របស់​ឥណ្ឌា មិន​គាំទ្រ​ឡើយ ។ ផ្ទុយទៅវិញ លោក ស៊ី​កាន់​ដា បាន​ជួយ និង​គាំទ្រ សំណើ​របស់លោក វីន​ស្តុ​ន ឈឺ​ឈី​ល ។ ជា​សា​គុណ​នឹង​ការជួយ​នោះ ចក្រភព​អង់គ្លេស បាន​សន្យាថា នឹង​ផ្តល់​អំណាច​ត្រួតត្រា ទៅឱ្យ​ឥណ្ឌា នៅពេល​ចប់​សង្គ្រាម ។​

​តាមពិតទៅ លោក ស៊ី​កាន់​ដា មិនបាន​គិតថា ចង់ឱ្យ​មានការ​បំបែក ឬ​ការ​ផ្តាច់ខ្លួន នៃ ខេត្ត​ពុន ចាប ជាទី​ស្រឡាញ់​របស់គាត់ ចេញពី​ឥណ្ឌា​ឡើយ ដូច្នេះ នៅពេលដែល​គាត់​ដឹងថា មានការ ប៉ុនប៉ង បំបែក​ខេត្ត​ពុន​ចាប គាត់​បាន​បដិសេធ​ទាំងស្រុង ។​

​ប៉ុន្តែ​ពេលនោះ ទំនាស់​នានា ជាពិសេស​បញ្ហា​សាសនា រវាង​ពួក​អ្នក​ហិណ្ឌូ ដ៏​មាន​សិទ្ធិអំណាច និង​ជន​មូស្លីម ដែល​គេ​មិនសូវ​ផ្តល់​សេរីភាព​ឱ្យ បាន​ឡើងក​ម្ដៅ​ខ្លាំង​ទៅៗ​រហូតដល់​មាន​អំពើ ហិង្សា​ជាច្រើន បង្កើតបានជា​ភាពចលាចល​ពាសពេញ​តំបន់ មាន​ជាអាទិ៍​ការប៉ះទង្គិច​គ្នា​រវាង ក្រុម​កាន់សាសនា​ទាំងពីរ​នោះ​នៅ​តំបន់​ខា​សា ជាដើម ។​

​ស្ថិតក្នុង​សភាព​ច្របូកច្របល់ កោលាហល​បែប​នោះ ពួកគេ​ក៏បាន​សម្រេចចិត្តថា លោក A. K. FazlulHuq (​នាយករដ្ឋមន្ត្រី​តំបន់​បេង​ហ្កា​ល់ ) ត្រូវជា​អ្នក​បង្ហាញ​នូវ​ដំណោះស្រាយ ។

​ខ្លឹមសារ នៃ​អត្ថបទ នៅក្នុង​ដំណោះស្រាយ​របស់ លោក A. K. FazlulHuq​នោះ បាន​បដិសេធ យ៉ាង​ឯកច្ឆន្ទ និង​យ៉ាង​ដាច់អហង្កា នូវ​គំនិត​ឥណ្ឌា​រួបរួម ( united India ) នៅលើ​ទឹកដី​ដែល កំពុងមាន​ទំនាស់​អំពើ​ហិង្សា​ថ្នាក់​តំបន់​នោះ ពោលគឺ​ពួក​មូស្លីម​មិន​ព្រម​នៅ​រួបរួម​ជា​រដ្ឋ​ឥណ្ឌា តែមួយ​ជាមួយនឹង​ពួក​ហិណ្ឌូ​ឡើយ ហើយ​បានស្នើ​រក​ការបង្កើត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ។ សំណើ​នេះ ទទួលបាន​ការគាំទ្រ​ពី​មេដឹកនាំ​សំខាន់ នៅ​ខេត្ត​ពុន​ចាប់ និង​ខេត្ត​ភាគ​ពាយ័ព្យ​នោះ ។​

ស្វែងរក​ការបង្កើត​រដ្ឋ​មូស្លីម​
​នៅក្នុង​សុន្ទរកថា​មួយ កាលពី​ខែធ្នូ ឆ្នាំ​១៩៣០ ប្រធាន​គណបក្ស​មូស្លីម​ឥណ្ឌា លោក AllamaIqbal បាន​លើកឡើងថា “ ជន​មូស្លីម ពិតជា​មិ​អាច​នៅ​រួមរស់​ជាមួយ​ជន​ហិណ្ឌូ​បានទេ ដោយសារ​ភាពខុសគ្នា នៃ​មនោ​គម​វិ​ជ្ចា​សាសនា “ ដែល​នេះ​បានសេចក្តីថា គាត់​ចង់​បង្កើត​រដ្ឋ មូស្លីម​ឯករាជ្យ​មួយ ពី​ឥណ្ឌា​។ បី​ឆ្នាំ​ក្រោយមក មេដឹកនាំ​ជាតិនិយម​ដ៏​លេចធ្លោ​ម្នាក់​គឺ​លោក ChoudharyRahmat Ali បាន​ថ្លែងថា “ រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ត្រូវតែមាន ហើយ​ឱ្យ​ឈ្មោះថា ប៉ា​គី​ស្ថាន “ ។​
​ ​
​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ខណៈដែល​ចលនា​ដើម្បី​ទាមទារ​ឯករាជ្យ​ឥណ្ឌា ពី​អង់គ្លេស បាន​ឡើង​កាន់តែខ្លាំង​ទៅៗ​នោះ ពួក​មូស្លីម ក៏​កាន់តែ​បង្កើន​ការទាមទារ​ឯករាជ្យភាព​របស់ខ្លួន ពី​ឥណ្ឌា​ដែរ ហើយ​មេដឹកនាំ ដែល​លេចធ្លោ​ជាងគេ​របស់​ពួក​មូស្លីម នាពេលនោះ គឺ​លោក Muhammad Ali Jinnah នៃ គណបក្ស All-India Muslim League ។​

​ក្នុង​បុព្វហេតុ​បង្កើត​រដ្ឋ​មូស្លីម​មួយ ពី​ឥណ្ឌា ពួក​ជន​មូស្លីម​ឥណ្ឌា បាន​ជួបជុំគ្នា​ពីថ្ងៃ​ទី ២២-២៤ ខែ មីនា ឆ្នាំ ១៩៤០ នៅឯ​ឩ​ទ្យា​ន Iqbal​នាទី​ក្រុ Lahore ខេត្ត ពុន​ចាប ហើយ​ចេញ​សេចក្តីប្រកាស មិន​ទទួលយក​ធម្មនុញ្ញ​រប​ស់​ឥណ្ឌា​ដែលមាន​ទំនោរ​ទៅរក​ហិណ្ឌូ ដែល​បានសេចក្តីថា ពួកគេ​បានសម្រេច​ចិត្ត​បំបែក​ខ្លួន​ចេញពី​ឥណ្ឌា ជា​ផ្លូវការ​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ពួកគេ (​ជា​ជន​មូស្លីម​) និង ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ ដែល​និយាយ​ម្យ៉ាង​ទៀតថា សេចក្តី​ថ្លែង ការ​នោះ គឺជា​ការប្រកាស់​ស្វែងរក​ការបង្កើត​រដ្ឋ​មូ​ស្ល៊ី​ម ឥណ្ឌា ឬ ប្រកាស​បំបែក​រដ្ឋ​របស់​ពី​ពួក មូ​ស្ល៊ី​ម ចេញពី​ឥណ្ឌា ហើយ​ការជួប​ជុំនោះ​ត្រូ​បាន​គេ​ហៅថា បដិវត្តន៍ ទីក្រុង ឡា​ហ័​រ ។​

​បន្ថែម​ពីលើ​នោះ នាយករដ្ឋមន្ត្រី ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ នៃ​ខេត្ត​ពុន​ចាប់ បាន​រៀបរាប់​នូវ ស្ថានភាព​ពាក់ព័ន្ធ​ទាំងឡាយ​ថា “ បញ្ហា​របស់ D.G. Khan (Dera Ghazi Khan គឺជា​ទីក្រុង​ភូមិ សាស្ត្រ​កណ្តាល​របស់​ប៉ា​គី​ស្ថាន នៅ​ចំ​ទី​ប្រសព្វ និង​គឺជា​ការិយាល័យ​កណ្តាល នៃ​ខេត្ត​ទាំង បួន​របស់​ប៉ា​គី​ស្ថាន ដែល​កំពុងមាន​ភាពច្របូក ច្របល់ រវាង​ពួក​ហិណ្ឌូ និង​មូស្លីម​ឥណ្ឌា​។ ទីក្រុង​នោះ ល្បីល្បាញ​ថា មាន​រ៉ែ អ៊ុ​រ​រ៉ានី​ញ៉ូ​ម ដែល​គេ​អាច​ប្រើ សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ) មិនមាន​ជា​បញ្ហា​របស់​តំបន់​ទេ ប៉ុន្តែ​ជាក់ស្តែង វា​គឺជា​បញ្ហា​ជា​អន្តរជាតិ “ ។​

​សេចក្តីប្រកាស​របស់​ប៉ា​គី​ស្ថាន នៅក្នុង​សភា Sindh សភា Sindh គឺជា​សភា​ឥណ្ឌា អង់គ្លេស ស្របច្បាប់​តែមួយគត់ ដើម្បី​អនុម័ត​សេចក្តីប្រកាស​គាំទ្រ​ប៉ា​គី​ស្ថាន ។ ពេលនោះ លោក G. M. Syed ជា​សកម្មជន​ជាតិនិយម​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៃ​ចលនា Jeay Sindhi ក៏បាន​ចូលរួម​នៅ ក្នុង​សភា​នោះដែរ ។ កត្តា​ជំរុញ​សំខាន់បំផុត​នោះ គឺជា​ការសន្យា​នៃ “ សិទ្ធិ​ស្វ័យភាព និង អធិបតេយ្យភាព សម្រាប់ ស្ថាប័ន​នីតិបញ្ញត្តិ “ ។

​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី​២ មក នៅ​ឆ្នាំ​១៩៤៦ ប្រទេស​អង់គ្លេស បាន​ជួបប្រទះ​បញ្ហា ច្រើនឡើងៗ គឺ​ខ្សោះ​ធនធាន កម្លាំង​កងទ័ព ខ្វះមុខខ្វះក្រោយ បាត់បង់​ការគាំទ្រ​ផ្ទៃក្នុង និង​ការ​ងើប​បះបោរ​គ្រប់ទិសទី នៃ​ដែនដី​អាណានិគម​របស់ខ្លួន ដែល​បានន័យថា​អង់គ្លេស លែងមាន​សមត្ថភាព​គ្រប់គ្រង​អាស៊ី​ខាងត្បូង​ទៀតហើយ ។ ដូច្នេះ រដ្ឋាភិបាល​អង់គ្លេស សម្រេចចិត្ត​បញ្ចប់​ការត្រួតត្រា​ឥណ្ឌា ។ ឆ្នាំ​១៩៤៦ សភា​ឥណ្ឌា បាន​ទទូច​ទាមទារ​ថា “ ឥណ្ឌា មានតែ​មួយ គឺ​គ្មាន​ការ​បំបែក​រដ្ឋ​ឡើយ “ ។​

​ប៉ុន្តែ​ពួក​មូស្លីម បាន​បដិសេធ​ដាច់ខាត មិន​ព្រម​នៅ​រួមរស់​ជាមួយ​ឥណ្ឌា ដែល​លើក តម្កើង​តែ ពួក​ហិណ្ឌូ​ឡើយ ។ ពេលនោះ មានការ​ចរចា​មួយ​រវាង​រដ្ឋាភិបាល​ឥណ្ឌា និង​ពួក​មេដឹកនាំ នយោបាយ​មូស្លីម​ឥណ្ឌា ដឹកនាំ​ដោយ​អាណានិគម​អង់គ្លេស​ដោយបាន​លើកសំណើ​ថា នឹងធ្វើ​វិមជ្ឈការ គឺ​ផ្តល់​អំណាច​យ៉ាងច្រើន ទៅ​រដ្ឋាភិបាល​មូលដ្ឋាន ពោលគឺ​ឱ្យ​ពួក​មូស្លីម ឥណ្ឌា ។ ប៉ុន្តែ ការចរចា​នេះ បាន​បរាជ័យ ដោយសារ​សំណើ​នោះ ត្រូវបាន​បដិសេធ​ទាំង​ខាង​រដ្ឋា ភិ​បាល​ឥណ្ឌា ពោលគឺ​រដ្ឋាភិបាល មិន​ព្រម​ផ្តល់​អំណាច​ឱ្យ​ពួក​មូស្លីម ចំណែក​ពួក​មេដឹកនាំ នយោបាយ​មូស្លីម ក៏​មិន​ព្រម​ទទួលយក​សំណើ​នោះ​ដូចគ្នា គឺ​ពួកគេ​ត្រូវការ​តែ​ការ​បំបែក​រដ្ឋ ចេញពី​ឥណ្ឌា​ជាដាច់ខាត ជាហេតុ​នាំឱ្យមាន​កូដកម្ម​នានា​ជាច្រើន ដែល​ពួក​ហិណ្ឌូ​ធ្វើ​កូដកម្ម ប្រឆាំងនឹង​ការ​បំបែក​រដ្ឋ ចំណែក​ពួក​មូស្លីម ធ្វើ​កូដកម្ម​ទាមទារ​បំបែក​រដ្ឋ ។​

​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៤៧ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Clement Attlee បានប្រកាស​ជា​ផ្លូវការ​ថា រដ្ឋាភិបាល​អង់គ្លេស នឹង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​យ៉ាង​ពេញលេញ​ទៅឱ្យ ឥណ្ឌា វិញ​មិន​ហួស​ពី​ខែ មិថុនា ឆ្នាំ​១៩៤៨ ។ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៩៤៧ រដ្ឋាភិបាល​អង់គ្លេស បានប្រកាសថា គោលការណ៍​នៃ​ការបង្កើត​រដ្ឋ​ឯករាជ្យ​ពីរ នៃ​ឥណ្ឌា អង់គ្លេស ត្រូវបាន​ទទួលយក​ពោលគឺ អង់គ្លេស គាំទ្រ​ការ​បំបែក​រដ្ឋ ។ មន្ត្រី​តំណាង​អង់គ្លេស បានជ្រើសរើស​យក​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​១៩៤៧ ធ្វើជា​ថ្ងៃ​ប្រគល់​អំណាច ទៅឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន ឬ​និយាយ​ម្យ៉ាង​ទៀតថា ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៧ គឺជា​ទិវា​បង្កើត​រដ្ឋ​ប៉ា​គី​ស្ថាន គឺជារ​ដ្ខ​ឯករាជ្យ​មួយ​របស់​ពួក​មូស្លីម​ឥណ្ឌា ។

​ទីបំផុត រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ត្រូវបាន​ប្រកាស​បង្កើត​ឡើង ដោយ​កំណត់​យក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​១៩៥៦ ឈ្មោះថា សាធារណរដ្ឋ​ប៉ា​គី​ស្ថាន ហើយ​បានក្លាយ​សាធារណ រដ្ឋ​ទីមួយ របស់​ពិភព​អ៊ិ​ស្លាម ។ មេដឹកនាំ និង​ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន បានជ្រើសរើស​យក​ថ្ងៃទី ២៣ ខែមីនា ជា​ទិវា​សាធារណរដ្ឋ​របស់ខ្លួន សម្រាប់​រំលឹក​ដល់​ថ្ងៃ ដែល​ពួកគេ​បាន​ជួបជុំគ្នា​នៅ​ទី ក្រុង​ឡា​ហ័​រ ខេត្ត​ពុន​ចាប់ កាលពី​ឆ្នាំ​១៩៤០ ចំណែក​ថ្ងៃទី​១៤ ខែសីហា គឺជា​ទិវា​ឯករាជ្យ ជាតិ ដ្បិត​ជា​ថ្ងៃ​ដែល​អង់គ្លេស ប្រគល់​សិទ្ធិ​ឯករាជ្យ ឱ្យ​ប៉ា​គី​ស្ថាន ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ក្បួនព្យុហយាត្រា នៃ កងទ័ព​ប៉ា​គី​ស្ថាន
ការ​ជួបជុំ​នៅ​ទីក្រុង​ឡា​ហ័​រ ប្រកាស​បង្កើត​រដ្ឋ មូ​ស្ល៊ី​ម
​រដ្ឋធានី​អ៊ិ​ស្លា​ម៉ា​បាដ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន

ទីតាំងផ្សាយពាណិជ្ជកម្ម