វៀតណាម​​បញ្ជាក់​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​២២​នាក់​និង​ស្លាប់​២​នាក់​

164
ចែករម្លែក

​វៀតណាម​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​២២​នាក់​និង​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នេះ​ចំនួន​២​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​សីហា ដោយ​បង្កើន​ចំនួន​ករណី​ឆ្លង​សកម្ម​ដល់​៤៦៤​នាក់​។​

​អ្នកស្លាប់​បន្ថែម​២​នាក់​នេះ បាន​បង្កើន​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​វៀតណាម ដល់ ២០ នាក់​។

​អ្នកជំងឺ​ទាំង​២​នាក់​ដែល​បាន​ស្លាប់​នេះ មាន​ជំងឺខ្សោយបេះដូង លើសឈាម​និង​ទឹកនោម​ផ្អែម​។​

​អ្នកជំងឺ​លេខ​៦២៣ គឺជា​ស្ត្រី​អាយុ ៨៣​ឆ្នាំ​មក​ពី​ខេត្ត​ក្វាងណាម ។​គាត់​មាន​ជំងឺខ្សោយបេះដូង​និង​កង្វះ​ឈាម​ក្រហមរួចទៅហើយ​។ គាត់​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្វាង​ណា​ម​ចាប់ពី​​ថ្ងៃទី ២៧ ខែកក្កដា ដល់​ថ្ងៃទី ២ ខែ​សីហា នៅ​មុនពេល​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​នៅ​ថ្ងៃទី​២​ខែ​សីហា​។

​អ្នក​ស្លាប់​ម្នាក់​ទៀត​គឺ​អ្នកជំងឺ​លេខ​៤៧៩ ជា​បុរស​អាយុ ៨៧ ឆ្នាំ​មក​ពី​ខេត្ត​ក្វាង​ង៉ាយ ។ គាត់​មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​។​គាត់​ត្រូវបាន​នាំ​ទៅ​មន្ទីរពេទ្យ​ក្រុង​ដា​ណាំង កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ ហើយ​ត្រូវបាន​ធ្វើតេស្តិ៍​មាន​ជំងឺ​កូវី​ដ​១៩ កាលពី​ថ្ងៃទី​២៧​ខែកក្កដា​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងនេះ ១៤​ករណី​ត្រូវបាន​រាយការណ៍​នៅ​ទីក្រុង​ដា​ណាំង ២​ករណី​នៅ​ខេត្ត​ក្វាង​ណា​ម ១​ករណី​នៅ​ខេត្ត​ក្វាង ទ្រី​និង​៥​ករណី ជា​ករណី​ឆ្លង​នាំ​ចូល​នៅ​ខេត្ត​ខាញ់​ហ័រ ។​

​គិត​រហូត​មកដល់ពេលនេះ វៀតណាម​មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​៩០៥​នាក់​និង​មនុស្ស​៤២១​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ក្រុមគ្រូពេទ្យ យក​សំណាក​វិភាគ​កូវី​ដ​១៩​នៅ​ខេត្ត​ក្វាង​ណា​ម​កាលពី​ថ្ងៃទី​១១​ខែ​សីហា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម