ប្រធានាធិបតីតួកគីគំរាមសងសឹកលើពួកអ្នកវាយប្រហារលើនាវាដឹកប្រេងរបស់ខ្លួន ខណៈបារាំង បញ្ជូននាវាមកសមុទ្រមេឌីទែរ៉ាណេខាងកើតដើម្បីគាំទ្រក្រិក

207
ចែករម្លែក

ប្រធានាធិបតីតួកគី លោក រីស៊ីប ថាយយីប អឺដូហ្គាន បានគំរាមសងសឹកវិញ បន្ទាប់ពីលើកឡើងថា នាវាតួកគីមួយគ្រឿងត្រូវបានវាយប្រហារនៅក្នុងដែនទឹក ដែលកំពុងមានទំនាស់ជាមួយក្រិក។

ការអះអាងនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីបារាំងបានបញ្ជូននាវាចម្បាំងចំនួន ២ គ្រឿងដែលគាំទ្រដោយយន្តហោះចម្បាំងទៅកាន់តំបន់ដែលកំពុងមានភាពតានតឹងខ្លាំងឡើងនេះក្នុងកិច្ចប្រឹងប្រែងដើម្បីគាំទ្រដល់ប្រទេសក្រិក។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរសាទរខួបលើកទី ១៩ នៃការបង្កើតគណបក្ស AK របស់ប្រធានាធិបតីតួកគី លោកអឺដូហ្គាននិយាយថា កងកម្លាំងក្រិកបានទទួល “ចម្លើយដំបូងរបស់ពួកគេ” ចំពោះការព្រមានកាលពីមុនរបស់គាត់កុំឱ្យ វាយប្រហារលើនាវាតួកគី។

នាវាឈ្មោះ Oruc Reis កំពុងស្វែងរកប្រេងនិងឧស្ម័ននៅកោះកាស្តែលឡូរីហ្សូ ស្ថិតនៅចន្លោះ​​ប្រទេសក្រិកនិងស៊ីប។

នៅក្នុងការព្រមានលើកមុនរបស់គាត់ លោកអឺដូហ្គានបាននិយាយថា អ្នកវាយប្រហារ “នឹងត្រូវបង់តម្លៃធ្ងន់ធ្ងរ” ប៉ុន្តែមិនបានបញ្ជាក់បន្ថែមពីអ្វីដែលអាចនឹង កើតឡើងនោះទេ។

លោកអឺដូហ្គានហាក់លើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា នាវា Oruc Reis បានរងការវាយប្រហារ ហើយថារដ្ឋាភិបាលក្រុងអង់ការ៉ានឹងឆ្លើយតប ចំពោះការវាយប្រហារនេះ។

លោកអឺដូហ្គាននិយាយថា “យើងបានប្រាប់ពួកគេថា សូមអ្នកឯងកុំមក ហ៊ានវាយប្រហារនាវា Oruc Reis របស់យើង។ យើងបាននិយាយថា អ្នកឯងនឹងបង់នូវតម្លៃដ៏ធ្ងន់ធ្ងរ ប្រសិនបើអ្នកឯងវាយប្រហារនាវា Oruc Reis របស់យើង។ ហើយថ្ងៃនេះពួកគេបានទទួលចម្លើយដំបូងរបស់ពួកគេហើយ”។

តួកគីបានអមដំណើរនាវា Oruc Reis ជាមួយនាវាកងទ័ពជើងទឹកជាច្រើនគ្រឿង ខណៈឧទ្ធម្ភាគចក្ររបស់ខ្លួនបានហោះល្បាតនៅលើមេឃជុំវិញតំបន់នោះ។

លោកមិនបានផ្តល់ព័ត៌មានលម្អិតទេ ហើយលោកបានប្តូរទៅប្រធានបទថ្មី មួយទៀតនៅក្នុងសុន្ទរកថាដ៏ធំទូលាយរបស់គាត់ ខណៈដែលក្រសួង ការពារជាតិក្រិកបានបដិសេធថាមិនបានពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ។

មន្ត្រីការពារជាតិក្រិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “គ្មានឧបទ្ទវហេតុណាមួយបានកើតឡើងទេ”។

ភាពតានតឹងរវាងរបបក្រុងប៉ារីសនិងអង់ការ៉ាបានកើនឡើង នៅពេលសេចក្តី ប្រកាសចុងក្រោយរបស់បារាំងត្រូវភ្ជាប់ទៅនឹងការកើនឡើងនៃជម្លោះនៅសមុទ្រមេឌីទែរ៉ាណេខាងកើតរវាងតួកគីនិងក្រិកជុំវិញតំបន់ឧស្ម័ន។

បារាំងបានរិះគន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួនតួកគីជុំវិញការវាយប្រហារដោយយន្តហោះដ្រូននៅសប្តាហ៍នេះនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ខណៈលោកអឺដូហ្គាន បានចោទប្រកាន់សមភាគីបារាំងលោកអេមម៉ានូអែល ម៉ាក្រុង ថាស្វះស្វែង “នាំយករចនាសម្ព័ន្ធអាណានិគមមកវិញ” នៅពេលដែលលោកបានធ្វើ ទស្សនកិច្ចនៅប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏សាហាវកាលពីសប្តាហ៍មុន នៅកំពង់ផែក្រុងបៃរូត៕ ដោយ៖ កញ្ញាដាលីស/Ha

តួកគីនឹងសងសឹកលើជនវាយប្រហារនាវាដឹកប្រេង Oruc Reis តែក្រិកថាពុំមានករណីវាយនាវានោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម