នាយករដ្ឋមន្ត្រី​ថៃ​និយាយ​អំពី​ឯកភាព​ជាតិ និង​ហៅ​ការទាមទារ​របស់​ពួក​បាតុក​រថា «​មិន​អាច​ទទួលយកបាន​»

253
ចែករម្លែក

​ក្នុងការ​ថ្លែង​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​សីហា នាយករដ្ឋមន្ត្រី​ថៃ បាន​អំពាវនាវ​ឲ្យមាន​ឯកភាព​ជាតិ​និង​ទទូច​សុំ​ឲ្យ​ប្រជាជាតិ​«​និយាយ​ថា​ទេ​ចំពោះ​នយោបាយ​សំ​អប់​»​បន្ទាប់ពី​មាន​​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​ពេល​ជាច្រើន​សប្តាហ៍​មក​នេះ ដែល​ហាក់ដូចជា​ទៅ​ហួស​ព្រំដែន​។​

​ព្រះ​ជា​រាជាណាចក្រ​នេះ​បាន​ជួប​ការតវ៉ា​ប្រឆាំង​ស្ទើរ​រាល់ថ្ងៃ​ពី​សំណាក់​បណ្តា​ក្រុមនិស្សិត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ទាមទារ​រំលាយ​ចោល​រដ្ឋាភិបាលរ​បស់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា និង​សរសេរ​រដ្ឋ​​ធម្មនុញ្ញ​ឡើងវិញ មុន​ធ្វើ​ការបោះឆ្នោត​ជា​ថ្មី​មួយ​។​

​នៅក្នុង​ការ​ថ្លែង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ អតីត​ប្រមុខ​យោធា​រូប​នេះ បាន​អំពាវនាវ​ឲ្យ​គ្រប់​ពលរដ្ឋ​ថៃ «​កំណត់​ន័យ​»​នយោបាយ​របស់​ប្រទេស​ឡើងវិញ​។​លោក​បាន​និយាយ​ដូច្នេះ​ថា «​យើង​ត្រូវតែ …​រំលាយ​ចោល​ពុម្ព​នយោបាយ​ចាស់​ហើយ​យើង​ប្រឆាំង​វា​។​អនាគត​ជា​របស់​យុវជន​…​ទុក​ឲ្យ​ពួកគេ​នាំ​ផ្លូវ​និង​ផ្តល់​ភាពជា​អ្នកដឹកនាំ​ប្រកប​ដោយ​សីលធម៌​ដើម្បី​បង្ហាញ​យើង​រាល់គ្នា​ថា​តើ​ការប្រកាន់​យក​​ផ្លូវ​ដ៏​លំបាក​ក្នុង​ការសហការ​ជាមួយ​ក្រុម​មនុស្ស​ដែល​មិន​ចុះសម្រុង​ជាមួយ​យើង​វា​យ៉ាងណា​»​។​

​ថៃ​បាន​ជាប់​ក្នុង​វដ្ត​នៃ​ការតវ៉ា​ប្រឆាំង​ហិង្សា​និង​រដ្ឋប្រហារ​អស់​ពេល​ដ៏​យូរ ដោយ​រដ្ឋប្រហារ​ចុងក្រោយ​ដឹកនាំ​ធ្វើ​ដោយ​លោក​ប្រា​យុទ្ធ​នៅ​ឆ្នាំ​២០១៤​។​លោក​បន្ត​កាន់អំណាច​ក្រោយ​ការបោះឆ្នោត​សភា​កាលពី​​ឆ្នាំមុន នៅក្រោម​រដ្ឋធម្មនុញ្ញ​បង្កើត​ឡើង​ដោយ​របប​យោធា ដែល​ពួក​អ្នកវិភាគ​និយាយ​ថា​វា​អំណោយផល​សម្រាប់​គណបក្ស​ចេញពី​ក្រុម​យោធា​របស់​លោក​។​

​ការមិនសប្បាយចិត្ត​ចេះតែ​កើន​ឡើង​ក្រោយ​ការបិទ​ខ្ទប់​ប្រទេស​ប្រឆាំង​វីរុស​កូរ៉ូណា ដែល​បាន​រុញ​សេដ្ឋកិច្ច​ឲ្យធ្លាក់ចុះ​ ហើយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​អំពាវនាវ​ឲ្យលោក​ប្រា​យុទ្ធ​ចុះចេញ​ពី​តំណែង​។​

​ក្នុង​ការជួបជុំ​តវ៉ា​កាលពី​ថ្ងៃ​ចន្ទ ពួក​អ្នក​រៀបចំ​ក៏​បាន​អាន​ការទាមទារ​ឲ្យមាន​ការកែ​ទម្រង់​របបរាជានិយម និង​ពួក​សកម្មជន​ថែម​ទាំង​អំពាវនាវ​ឲ្យមាន​ការពិភាក្សា​អំពី​តួនាទី​របស់​វា​ថែម​ទៀត​។​

​រាជវង្ស​កំពូល​មាន​ទ្រព្យធន​របស់​ថៃ ដែល​តាម​ការប៉ាន់ស្មាន​ថា​មាន​ទ្រព្យ​៦០​ពាន់​លាន​ដុល្លារ អង្គុយ​នៅ​ចុង​ផុត​នៃ​អំណាច​ក្រោម​ការគាំទ្រ​ពី​យោធា​និង​វណ្ណៈ​មហាសេដ្ឋី​សម្រាំង​។​ក្រុម​នេះ​ត្រូវ​បាន​ការ​​ពារ​មិនឲ្យមាន​ការរិះគន់ ដោយសារ​តែ​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​ដ៏​ចម្រូងចម្រាស​របស់​ប្រទេស ដែល​អាច​ដាក់ទោស​ជាប់គុក​១៥​ឆ្នាំ​ចំពោះ​បទល្មើស​ប្រមាថ​ស្តេច​មួយៗ​។​

​មុន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រា​យុទ្ធ​បាន​និយាយថា មនុស្ស​ភាគច្រើន​មិន​ជឿ​លើ​បុព្វហេតុ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​បាន​ហៅ​ការទាមទា​ររបស់​ចលនា​នេះថា​«​គ្រោះថ្នាក់​និង​មិន​អាច​ទទួល​​យក​បាន​ចំពោះ​ប្រជាជន​ថៃ​ភាគច្រើន​»​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​បាតុកម្ម​កាលពី​ថ្ងៃ​ចន្ទ​នៅ​សកល​វិទ្យាល័យ​ធម្មា​សាត សាស្ត្រាចារ្យ​ជាង​១៤០​នាក់​មក​ពី​ពាសពេញ​ប្រទេស​បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​គាំទ្រ​ការទាមទារ​របស់​បាតុករ និង​ថា​«​មតិ​របស់​គេ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​»​។​

​បាតុករ​គាំទ្រ​រាជានិយម​ប៉ុន្មាន​សិប​នាក់​ដែល​បាន​ធ្វើ​ការជួបជុំ​នៅ​ជិត​សកល​វិទ្យាល័យ​ធ​ម្មាសា​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កាន់​បដា​អំពាវ​ឲ្យ​អាជ្ញាធរ​ចាប់​កាត់ទោស​អ្នក​ដែល​ប្រមាថ​ស្តេច​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា ថ្លែង​តាម​ទូរទស្សន៍​អំពី​នយោបាយ​ស្រុកទេស​កាលពី​ថ្ងៃ​១៣​ស​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម