Huawei ថេកណឡជី ចុះMOU ជាមួយស្ថាប័ន២សហការលើការ អភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

462
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា)ខូអិលធីឌី នា​ពេល​ថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃ​ការយោគយល់គ្នាជាមួយ​សាកល​វិទ្យា​ល័យអាមេរិកាំងភ្នំពេញ (AUPP) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និង​វិជ្ជាជីវៈ (CLPD) ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យ​ឌីជីថលនៅកម្ពុជានាពេលអនាគ, ការបណ្តុះបណ្តាលទេពកោសល្​យផ្នែកបច្ចេក​វិទ្យា​ព័ត៌​មាន​​វិទ្យា ការផ្តល់អាហារូបករណ៍ និងកម្មសិក្សា។

លោក សុវណ្ណ យ៉ាវ (Yuya Yao)នាយកប្រតិបត្តិរបស់ក្រុមហ៊ុនHuawei ថេក​ណ​ឡ​ជី​ (ខេមបូឌា) បានមានប្រសាសន៍រំលឹកឲ្យដឹងថា៖ “ក្រុមហ៊ុន Huawei បានធ្វើ​ប្រតិបត្តិ​ការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២១ឆ្នាំមកហើយនិងតែងតែ​ប្រកាន់ខ្ជាប់​នូវគោលការណ៍“នៅកម្ពុជាដើម្បីកម្ពុជា។ជានិច្ចកាលយើងបានប្តេជ្ញាចិត្តក្នុងការ​នាំយក​នូវសេវាកម្មផ្នែកឌីជីថលដើម្បីបម្រើជូនដល់គ្រប់ស្ថាប័ន គ្រប់គេហដ្ឋានក៏ដូចជា​បុគ្គល​គ្រប់ៗរូបផងដែរ ដើម្បីកសាងទំនាក់ទំនងដ៏ពេញលេញ កម្ពុជាដ៏ឆ្លាតវៃ។ ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការចុះ​អនុស្សរណៈនៃការយោគ​យល់គ្នា​ជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP ) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍​ភាព​ជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD )ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ​វិស័យ​ឌីជី​ថលនៅកម្ពុជានាពេលអនាគត។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei ប្រកាន់​ខ្ជាប់នូវគោលការណ៍នៃការបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT talents ក្នុងស្រុកជាអាទិភាព ក៏ដូចជាតែងតែគាំទ្រដល់និស្សិតកម្ពុជាដើម្បី​ឱ្យពួក​គេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈានចូលមកដល់នៃយុគសម័យឌីជីថលនាពេលខាងមុខនេះ”។

លោកបានបន្ថែមទៀតថា៖ “ក្រុមហ៊ុន Huawei កំពុងបន្តផ្តល់ឱកាសការងារ និងការ​បណ្តុះ​បណ្តាលរយៈពេលវែងដល់ទេពកោសល្យវ័យក្មេងជាច្រើននាក់។ ជាក់ស្តែង ទោះ​ស្ថិតនៅក្នុងកំឡុងពេលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តផ្តល់​ឱកាស​ការងារដល់បុគ្គលិកថ្មីៗចំនួន ២១រូប ដែលបម្រើការងារនៅផ្នែកហិរញ្ញវត្ថុ ផ្នែកដំណោះ​ស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT និងផ្នែកទំនាក់ទំនងសាធារណៈ ជាដើម ដែល​ពួកគេសុទ្ធសឹងតែជានិសិ្សតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនានា”។

លោកបណ្ឌិតDan Kulmala សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកសិក្សាធិការ​និង​កិច្ច​ការ​និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានមានប្រសាសន៍ថា៖ “AUPP និង CLPDពិតជាមានកិត្តិយសក្នុងការធ្វើកិច្ចសហ​ប្រតិបត្តិការជាមួយ​ក្រុម​ហ៊ុន Huawei ក្នុងការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាឌីជីថល និងរួមចំណែកផ្តួចផ្តើមគំនិត​ដើម្បី​ជួយជម្រុញដល់ការផ្លាស់ប្តូរផ្នែកឌីជីថលក៏ដូចជាដើម្បីធ្វើយ៉ាងណា​ត្រៀមរៀបចំ​កម្លាំង​រួចជាស្រេចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា” ។

កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវឱកាសផ្សេងៗជាច្រើនរួមមាន៖ អាហារូបករណ៍ ការចុះ​កម្ម​សិក្សានិងសកម្មភាពសហការគ្នាផ្នែកបច្ចេកវិទ្យាផ្សេងៗ​ទៀតដែលផ្តល់អត្ថ​ប្រយោ​ជ​ន៍ដល់និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញផងដែរ។

ក្រុមហ៊ុន Huawei ផ្តោតសំខាន់នៅលើតម្រូវការរបស់អតិថិជន។ យើងវិនិយោគយ៉ាង​ច្រើនទៅលើការស្រាវជ្រាវជាមូលដ្ឋានដោយផ្តោតលើរបកគំហើញបច្ចេកវិទ្យាដែលជំរុញឲ្យពិភពលោកឆ្ពោះទៅមុខ។មកដល់បច្ចុប្បន្ននេះយើងមាននិយោជិត​សរុបចំនួន​ជាង​១៩៤,​០​០​០ នាក់ ដែលធ្វើប្រតិបត្តិការធុរកិច្ចនៅបណ្តាប្រទេសជាង ១៧០ប្រទេស និង​តំបន់។ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ជាក្រុមហ៊ុន​ឯកជន​មួយ​ដែលរួមចំណែកគ្រប់គ្រងដោយបុគ្គលិករបស់ខ្លួនផ្ទាល់៕ PH

ទីតាំងផ្សាយពាណិជ្ជកម្ម