ជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅខេត្តស្វាយរៀង

75
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នាព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ជាអធិបតីក្នុងកម្មវិធីវេទិកាពិភាក្សា លើកកម្ពស់សមត្ថភាព យុវជន និងសហគ្រិន ក្រោមប្រធានបទៈ ” ជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ” នៅខេត្តស្វាយរៀង។

នៅក្នុងវេទិកានេះ លោក ម៉ែន វិបុល បានសូមសម្ដែងនូវការគាំទ្រថាៈ ប្រធានបទនៃវេទិកានេះ គឺពិតជាសមស្រប និងឆ្លើយតបទៅនឹងស្ថានភាព នៅក្នុងខេត្ត ដែលមានប្រជាពលរដ្ឋ ប្រមាណជា ៦១% ប្រកបមុខរបរកសិកម្ម និងជាខេត្តមួយ ដែលកំពុងមានសក្ដានុពល លើវិស័យកសិ-ឧស្សាហកម្ម ហើយ ប្រធានបទនេះ ក៏ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាក្នុងការគិតគូរ បង្វែរវិបត្តិកូវីដ ១៩ ទៅជាឱកាស ក្នុងការបង្កើនសក្ដានុពល ផ្នែកកសិកម្ម ។

លោកបានបញ្ជាក់ថាៈ ក្នុងនាមអាជ្ញាធរខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់ យ៉ាងមុតមាំ ថា តាមរយៈវេទិកាដ៏មានសារៈសំខាន់ នាថ្ងៃនេះ ដោយមានការចូលរួម ជាវាគិ្មនពីគ្រប់សមាស ភាពពាក់ព័ន្ធ ទាំងមន្ត្រីជំនាញ មកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអ្នកប្រតិបត្តិផ្ទាល់ វេទិកាទាំងមូល នឹងទទួលបានទាំងចំណេះដឹង លើផ្នែកទ្រឹស្ដី និងបទពិសោធន៍ ជោគជ័យ ដែលកើតចេញ ពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋាន បំផុសនូវគំនិត ក្នុងការចាប់យកឱកាស ក្លាយទៅជា សហគ្រិនជោគជ័យ ទៅថ្ងៃអនាគត ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងសូមគាំទ្រ និងលើកទឹកចិត្តឲ្យយុវជន របស់យើងទាំងអស់ ក្លាហាន តាមរយៈការចាប់ផ្ដើម ក្នុងការចាប់យក ឱកាសវិនិយោគ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថាៈ ដោយមើលឃើញ ពីការអភិវឌ្ឍសមិទ្ធផល និងសក្ដានុពលនានា នៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធ យុវជនកម្ពុជា បានសម្រេចជ្រើសរើស ខេត្តស្វាយរៀង គឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ ក្នុងការរៀបចំវេទិកាពិភាក្សា លើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាព ក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» នាពេលនេះ ក្នុងគោលបំណង ដើម្បីចែករំលែក បទពិសោធន៍ និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធ ទៅលើឱកាស ឈានទៅរកភាពជោគជ័យ ក្នុងអាជីវកម្ម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទៅដល់យុវជន និងម្ចាស់អាជីវកម្ម ការបំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើត អាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារ ក្នុងស្រុក និងក្នុងតំបន់ ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម