ដូ​ណា​ល់ ត្រាំ និង​ចូ បៃ​ឌិន ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​ជុំវិញ​តម្រូវឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​

246
ចែករម្លែក

​ ​
​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប៉ះទង្គិច​ពាក្យសម្ដី​ជាមួយ​លោក ចូ បៃ​ឌិន បេក្ខជន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ ជុំវិញ​ការតម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​​ម៉ាស់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហា​វកូវី​ដ​-១៩​។

​លោកចូ បៃ​ឌិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែសីហា​ថា អភិបាលក្រុង​និង​អភិបាលរដ្ឋ​គ្រប់រូប​គួរតែ​តម្រូវឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​រយៈពេល ៣ ខែ​ទៀត​ជា​វិធីសាស្ត្រ​មួយ​ដែល​លោក​និយាយថា​​នឹង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាង​៤០.០០០ នាក់​។

​កាលពី​ខែ​មិថុនា លោកចូ បៃ​ឌិន បាន​និយាយថា ក្នុងឋានៈ​ជា​បេក្ខជន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី លោក​ទទូច​សុំ​ឱ្យ​ពលរដ្ឋ​អាម៉េរិក គ្រប់រូប​ពាក់​មុខ​ហើយ​ប្រើប្រាស់​អំណាច​ប្រតិបត្តិ​​របស់​លោក​ដើម្បី​អនុវត្ត​វិធានការ​នេះ​ជា​កំហិត​។

​លោក ចូ បៃ​ឌិន បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រដ្ឋ​ដេ​ឡាវែ (Delaware) ថា “​ពលរដ្ឋ​អាម៉េរិក គ្រប់រូប​គួរតែ​ពាក់​ម៉ាស់ នៅ​ពេល​ចេញ​ទៅ​ខាងក្រៅ​សម្រាប់​រយៈពេល ៣ ខែ​ទៀត​។​កុំ​និយាយ​រឿង​​សិទ្ធិ​របស់​អ្នក​ទេ តែ​គួរ​និយាយ​អំពី​ទំនួល​ខុស​ត្រូវរ​បស់​អ្នក​ក្នុងនាម​ជា​ពលរដ្ឋ​អាម៉េរិក​”​។​

​ប៉ុន្តែ​អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល លោក ដូ​ណា​ល់ ត្រាំ បាន​ច្រានចោល​វិធីសាស្ត្រ​របស់លោក ចូ បៃ​ឌិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក ត្រាំ និយាយថា “​បើ​ប្រធានាធិបតី​មាន​អំណាច​ឯកតោភាគី​ក្នុងការ​បញ្ជា​ឱ្យ​ពលរដ្ឋ​គ្រប់គ្នា​ពាក់​ម៉ាស់​នោះ អញ្ចឹង​គាត់​នៅ​មាន​អំណាច​អី​ខ្លះទៀត​? យើង​ចង់​មាន​សេរីភាព​ពិតប្រាកដ​នោះ​ជា​អ្វី​ដែល​​យើង​កំពុង​ធ្វើ​”​។

​ការ​ប៉ះទង្គិច​គ្នា​នេះ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩ ដែល​បានសម្លាប់​ពលរដ្ឋ​អស់​ជាង​១៦៦.០០០​នាក់​នៅ​សហរដ្ឋ​អាម៉េរិក និង​ការរិះគន់​ដែល​ប្រធានាធិបតី ត្រាំ បាន​ប្រឈមមុខ​ជុំវិញ​ថា តើ​លោក​បាន​ចាត់វិធានការ​ម៉ឺងម៉ាត់​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដើម្បី​បង្អង់​ល្បឿន​នៃ​ការឆ្លង​រាតត្បាត​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ដូ​ណា​ល់ ត្រាំ និង​ចូ បៃ​ឌិន

ទីតាំងផ្សាយពាណិជ្ជកម្ម