សិល្បករ-សិល្បការិនី ជាច្រើនដួងរួមគ្នា ធ្វើបុណ្យ នៅវត្តសំរោងអណ្តែត

399
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ សិល្បករ-សិល្បការិនី ជាច្រើនដួង បាននាំគ្នាទៅ ធ្វើ បុណ្យ រៀបចំពិធី សូត្រមន្ត លើករាសីបណ្ដោះគ្រោះ កាលពីថ្ងៃពុធ ទី១២ សីហា ២០២០ ដោយមានស្ថាបនិកគ្រួសារតារាកម្ពុជាជាអ្នករៀបចំផងដែរ។

នេះជាការជួបជុំធ្វើបុណ្យបណ្ដោះគ្រោះលើកដំបូងរបស់សិល្បករសិល្បការិនីបន្ទាប់ពី មានការកត់សម្គាល់ថាសិល្បករ-សិល្បការិនី និងគ្រួសារសិល្បករជាច្រើនបានជួប រឿង មរណៈភាព និងមានទុក្ខជាហូហែរតាំងពីដើមឆ្នាំ 2020មកនេះ។

លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បៈខ្មែរបានបង្ហាញការសាទរយ៉ាង ខ្លាំង ចំពោះការជួបជុំសិល្បករសិល្បការិនីក្នុងជំនួបធ្វើបុណ្យរួមគ្នា ដោយលោកចាត់ទុកថា នេះជាការបណ្ដេញគ្រោះចង្រៃ ដែលកំពុងកើតមានលើសិល្បករ និងគ្រួសារ សិល្បករ បណ្ដាក់គ្នាយ៉ាងចម្លែកតាំងពីដើមឆ្នាំ 2020 មកនោះ។

លោកថា ពលរដ្ឋកម្ពុជាមិនអាចមិនជឿលើអបិយជំនឿបានទេ ជាពិសេសគឺសិល្បករ សិល្បការិនី ដែលជាគម្រូ របស់មហាជនត្រូវតែបង្ហាញពីជំនឿ ដើម្បីលើកស្ទួយ ដល់ សាសនា របស់ជាតិក៏ដូចជាការចូលរួមធ្វើបុណ្យទានមិនខុសពីពាក្យចាស់ថា « អាគមផ្សំអាយុ » នោះ។

លោកបន្តទៀតថា ការជួបជុំដ៏ល្អនេះក៏ជាឱកាសធ្វើបុណ្យរួមគ្នា ដើម្បីឧទ្ទិសកុសល ដល់ជីដូនជីតា ក៏ដូចជាសុំសេចក្ដីស្រណុកសុខសប្បាយក្នុងនាមជា គ្រួសារ សិល្បកររួមគ្នាផងដែរ។

លោកថា សិល្បករម្នាក់ៗសុទ្ធតែបានធ្វើបុណ្យធ្វើទាន តែលោកនៅតែចាត់ទុកថា ការធ្វើបុណ្យរួមគ្នាលើកនេះ គឺជាការបណ្ដេញគ្រោះភ័យចង្រៃ ឧបទ្រព្យ ដែល បានកើតមានលើសិល្បករនិងគ្រួសារសិល្បករ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាដែលជាអ្នកផ្ដើមបុណ្យបានបញ្ជាក់ថា ហេតុផលដែលលោកផ្ដើមឱ្យមានពិធីជួបជុំនេះឡើងគឺដោយសារតែលោក និងលោក សុះ ម៉ាច បានពិភាក្សាគ្នាបន្ទាប់ពីកត់សម្គាល់ថា សិល្បករយ៉ាងហោច 20រូប ឬ20គ្រួសារមានទុក្ខបណ្ដាក់គ្នាជាហូរហែដែលគួរតែរួមគ្នាធ្វើបុណ្យដើម្បីសិរីសួស្ដីជារួមនៅក្នុងសង្គមសិល្បៈ។

កម្មវិធីនៅក្នុងថ្ងៃនោះ មានការប្រោះព្រំនិងរៀបចំពិធីដោយផ្ទាល់ដោយសម្ដេចសង្ឃ រ័ត្ន សារឿន ដែលជាព្រះចៅអធិការវត្តដោយសម្ដេចគឺជាអ្នកចាត់ចែង ពិធីជូនដល់ ក្រុម គ្រួសារតារាកម្ពុជាដោយផ្ទាល់ព្រះអង្គផងដែរ។ សិល្បករសិល្បការិនីដែល បានចូល រួមនៅក្នុងកម្មវិធីរួមមាន លោក សុះ ម៉ាច, លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារា កម្ពុជានិងក្រុមគ្រួសារ, លោកជំទាវ រីយ៉ាត្រាណេ, អ្នកនាង ឆៃលី ដាឡែន, តារាចម្រៀងអ្នកនាង ឈឹម ស្រីអូន, លោក រុន ណាកូ ពិធីករ, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក ពិសិដ្ឋ រាជ, លោក ឆាលី ផាវ៉ាត់, កញ្ញា រចនា វត្តី, អ្នកនាង យិន ស្រីពៅ, លោក មាស សំណាង, អ្នកនាង សាង សុរិយា, អ្នកនាង សាណា, លោក យិន ឃីន, លោក ស៊ឹម សុវណ្ណដូឡា, លោក សែម ធារិន្ទ, លោក សុខ វិសាល, លោក ឯក រ៉ាវ័ន្ត, កញ្ញា ស្រីថូ, កញ្ញ មុត សុវណ្ណារិទ្ធ និងសិល្បករសិល្បការិនីជាច្រើនផ្សេង៕

ទីតាំងផ្សាយពាណិជ្ជកម្ម