តើកូវីដ១៩អាចឆ្លងតាមរយៈអាហារក្លាសេឬកញ្ចប់ទំនិញនាំចូលដែរទេ?

581
ចែករម្លែក

ចិនបានរាយការណ៍ពីករណីជាច្រើននៃអាហារវេចខ្ចប់ក្លាសេមានផ្ទុកមេរោគកូរ៉ូណានៅសប្តាហ៍នេះ ខណៈនូវែលសេឡង់និយាយថាខ្លួនកំពុងស៊ើបអង្កេតលទ្ធភាពករណីកូវីដ១៩ចុងក្រោយរបស់ខ្លួនអាចមានដានចេញពីទំនិញនាំចូល។

នូវែលសេឡង់បានរាយការណ៍ពីករណីកូវីដ១៩លើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងបីខែនៅថ្ងៃពុធ ទី១២ សីហា ដែលជំរុញឱ្យមានការដាក់ចេញភ្លាមៗឡើងវិញនូវការរឹតបន្តឹងលើការធ្វើដំណើរ។ មន្ត្រីសុខាភិបាលបានលើកឡើងពីលទ្ធភាពដែលថាវីរុសកូរ៉ូណាបានមកដល់ប្រទេសនូវែលសេឡង់សាជាថ្មីតាមរយៈទំនិញនាំចូល ដោយហេតុថាអ្នកធ្វើការម្នាក់នៅហាងលក់ទំនិញក្លាសេនាំចូលពីបរទេសបានឆ្លងជំងឺនេះ។

ចិននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែសីហាថា សំណាកស្លាបមាន់ក្លាសេដែលបាននាំចូលមកទីក្រុងស៊ិនចិនពីប្រទេសប្រេស៊ីលបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ការរកឃើញដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្នុងស្រុកគឺជាផ្នែកមួយនៃការតាមដានការនាំចូលសាច់និងអាហារសមុទ្រដែលបានធ្វើឡើងចាប់តាំងពីខែមិថុនានៅពេលដែលការផ្ទុះឡើងជំងឺកូរ៉ូណាជាថ្មីនៅក្នុងទីក្រុងប៉េកាំងត្រូវបានផ្សារភ្ជាប់ទៅនឹងមជ្ឈមណ្ឌលលក់ដុំស៊ីនហ្វាឌីរបស់ទីក្រុង។

កាលពីដើមសប្តាហ៍នេះដាននៃវីរុសកូរ៉ូណាត្រូវបានរកឃើញនៅក្នុងប្រទេសចិនលើកញ្ចប់បង្គាក្លាសេពីអេក្វាឌ័រនិងនៅផ្នែកខាងក្រៅនៃកញ្ចប់អាហារសមុទ្រក្លាសេដែលនាំចូលទៅដល់កំពង់ផែតាលៀននៅភាគឦសានប្រទេសចិន។

មន្រ្តីគយចិនបានរកឃើញវីរុសកូរ៉ូណាជាលើកដំបូងពីអាហារវេចខ្ចប់ពីប្រទេសអេក្វាឌ័រកាលពីថ្ងៃទី ១០ ខែកក្កដា។ វាជាការកត់សម្គាល់នូវលទ្ធផលវិជ្ជមានលើកដំបូងពីសំណាកចំនួន ២២៧.៩៣៤ ដែលត្រូវបានយកចេញពីអាហារនាំចូល។

យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាវីរុសកូរ៉ូណាអាចទុំលើវត្ថុវេចខ្ចប់អាហារបានចន្លោះច្រើនម៉ោងទៅច្រើនថ្ងៃអាស្រ័យលើសម្ភារៈសីតុណ្ហភាពនិងសំណើម។ វីរុសអាចទុំបានពី ៤ ទៅ ៥ ថ្ងៃលើប្លាស្ទិកឬក្រដាស។

យោងតាមអង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះមិនមានភស្តុតាងបង្ហាញថាមនុស្សអាចឆ្លងកូវីដ១៩ពីអាហារវេចខ្ចប់ឬអាហារទូទៅនោះទេ ដែលការលើកឡើងនេះត្រូវបានគាំទ្រដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិកនិងទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀតផងដែរ។ វីរុសកូរ៉ូណាមិនអាចបំបែកខ្លួនចេញពីអាហារបាននោះទេ ព្រោះវាត្រូវការសត្វរស់ឬមនុស្សរស់ ដើម្បីឱ្យវាបំបែកខ្លួនបានច្រើននិងបន្តរស់រានមានជីវិត៕ ដោយ៖ កញ្ញាដាលីស

មនុស្សមិនអាចឆ្លងកូវីដ១៩ពីអាហារនោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម