ខេត្តកំពត​អាច​នឹងមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​ឆ្នេរសមុទ្រ​ក្នុង​គម្រោង​វិនិយោគ​ជិត​៤៣​លាន​ដុល្លារ

273
ចែករម្លែក

ដោយ​បូកគោ​/​កំពត​៖​ក្រុមហ៊ុន​មួយ​បានដាក់​ពាក្យ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់ឆ្នេរ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​រវាង​ខេត្តកំពត​និង​ខេត្ត​គៀន​យ៉ាង​ក្នុង​គម្រោង​វិនិយោគ​ប្រមាណ​ជិត​៤៣​លាន​ដុល្លារ​។

កាលពី​រសៀល​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​មាន​កិច្ចប្រជុំ​មួយ​បាន​ធ្វើឡើង​នៅ​សាលាខេត្ត​កំពត​រវាង​ក្រុមហ៊ុន​ហ្គោល​ខូ​ស​ថ៍​អ៊ី​ន​ធើ​ណេ​សិ​នណល​ឌី​វើ​ឡុ​ប​មិន​ខូ​អិ​ល​ធី​ឌី​ដើម្បី​ពិភាក្សា​ស្ដីពី​គម្រោង​វិនិយោគ ផ្នែក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់ឆ្នេរ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​បញ្ជាក់ជូន​អង្គប្រជុំ​ក្នុងឱកាស​នោះ​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថាៈ​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ជាមួយនេះ​ដើម្បី​កំណើន​ការងារ​សំដៅ​លើកកម្ពស់​ជីវភាព​ក៏ដូចជា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

ដូច្នេះ​រាល់​គម្រោង​នានា​ទាំង​វិស័យ​រដ្ឋ​ទាំង​វិស័យ​ឯកជន​គឺ​រដ្ឋបាល​ខេត្តកំពត​តែងតែ​ចូលរួម​គាំទ្រ​និង​ស្វាគមន៍​នូវ​សំណើសុំ​កិច្ចសហការ​ក្នុងនាម​ជា​ដៃគូ​ដ៏​ល្អ​ឱ្យតែ​ការវិនិយោគ​នោះ​បម្រើ​ដល់​សេដ្ឋកិច្ចជាតិ កំណើន​ការងារ ព្រមទាំង​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរឡើង​។លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​កិច្ចប្រជុំ​ា​ពេលនេះ​គ្រាន់តែ​ជាការ​ពិនិត្យ​ពិភាក្សា​ដោយ​ចូលរួម​មតិយោបល់​ពី​មន្ទីរ​អង្គភាព​និង​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​គម្រោង​ដែល​បានដាក់​បង្ហាញ​ក្នុង​ប្លង់គោល​មេ​របស់​ក្រុមហ៊ុន​វិនិយោគ​តែប៉ុណ្ណោះ​។

ជា​ជំហាន​បន្ទាប់​លោក​នឹង​ចាត់​បញ្ជូន​ក្រុមការងារ​បច្ចេកទេស​ឱ្យ​ចុះ​ដល់ទី​តាំង​ដើម្បី​ពិនិត្យ​សិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​តាម​ទិដ្ឋភាព​ច្បាប់​រួច​កសាង​ឯកសារ​ពាក់ព័ន្ធ​ដទៃទៀត​។​បន្ទាប់ពីនោះ​រដ្ឋបាលខេត្ត​នឹង​បញ្ជូន​សំណើសុំ​គោលការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ព្រមទាំង​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​គម្រោង​ស្នើសុំ​នេះ​។​

​សូមបញ្ជាក់ថា​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​បង្ហាញជូន​អង្គប្រជុំ​ដោយ​តំណាង​ក្រុមហ៊ុន​ហ្គោល​ខូ​ស​ថ៍​អ៊ី​ន​ធើ​ណេ​សិ​នណល​ឌី​វើ​ឡុ​ប​មិន​ខូ​អិ​ល​ធី​ឌី រួមមាន​៖​សំណង់​សណ្ឋាគារ​កម្រិត​ផ្កាយ​៤ ។​អគារ​ផ្សារ​ទំនើប​មណ្ឌល​កម្សាន្ត​ខុន​ដូ​និង​សេវាកម្ម​ទេសចរណ៍​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួនទៀត​។​គម្រោង​នេះ​នឹង​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ​៤២​ហិកតា​ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​៤៣​លាន​ដុល្លារ​អាមេរិក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម