ក្រសួង​ការងារ​នឹង​ផ្អាក​សកម្មភាព​គ្រឹះស្ថាន​អប់រំ ដែល​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិ បាល​

161
ចែករម្លែក


​ដោយ​: ពៅ​និមល​/​ភ្នំពេញ​:​បន្ទាប់ពី​អនុញ្ញាតឱ្យ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេក​ទេស​បើក​ដំណើរ​ប្រឡង​បញ្ចប់​ការការពារ​សា​រណា​របស់​សិស្ស​ឡើងវិញ ចំពោះ​គ្រឹះ​ស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ចង់​បើក​ដំណើរការ​ឡើងវិញ ត្រូវ​ជូន​ដំណឹង​មក​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមុនសិន ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ​មុននឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​។ នេះ​តាម​ការបញ្ជាក់​របស់លោក​បណ្ឌិត ពេ​ជ សោភ័ន​រដ្ឋលេខា​ប្រចាំការ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។​

ក្នុងឱកាស​ចុះ​ពិនិត្យមើល​ដំណើរ​ធ្វើ​សារ​ណា​ដើម្បី​ប្រឡង​បញ្ចប់​ការសិក្សា​របស់​និស្សិត​កម្រិត​បរិ​ញ្ញា​ផ្នែក​វិស្វករ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា ក្រសួង​ការងារ​បានអនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បើក​ដំណើរ​ប្រឡង​បញ្ចប់​ការការពារ​សា​រណា​របស់​សិស្ស​និស្សិត​ឡើងវិញ បន្ទាប់ពី​វិទ្យាស្ថាន​នេះ​បាន​គោរព​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​រួចមក​។ ជាមួយគ្នានេះដែរ មុននឹង​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​ត្រូវ​ជូនដំណឹង​មក​ក្រសួង​ជាមុនសិន ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ​មុននឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​។ ក្នុងករណី​គ្រឹះស្ថាន​ណាមួយ​មិនបាន​អនុវត្តតាម​ការណែនាំ​ខាងលើ​ទេ ក្រសួង​នឹង​ផ្អាក​សកម្មភាព​របស់​គ្រឹះស្ថាន​នោះ​តែម្តង​។​
​លោក​បណ្ឌិត​លើកឡើងថា​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បាន​អនុវត្តបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​រៀបចំ​ដំណើរការ​ប្រឡង​ដូចជា​តម្រូវឱ្យ​និស្សិត​និង​គណៈមេប្រយោគ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាកុល​ឬ​ជែ​ល វាស់​កម្តៅ​មុនពេល​ចូល​បន្ទប់​ប្រឡង​និង​ក្នុង​ថ្នាក់​បេក្ខជន​រក្សា​គម្លាត​ពីគ្នា​ដោយ​ក្នុង​១​បន្ទប់​មិន​ឲ្យ​លើសពី​១០​នាក់​។

​លោក​បន្តថា ការប្រឡង​នេះ​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រកាស​ឲ្យ​បើក​ដំណើរ​ការ​ឡើងវិញ​រោង​ជាង​បន្ទប់ពិសោធន៍​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព​និង​ការប្រឡង​បញ្ចប់​ការការពារ​សារ​ណា​ឬ​និក្ខេបបទ​បញ្ចប់​ការសិក្សា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​ជីវៈ​ក្រោម​ឱវាទ​ក្រសួង ព្រោះថា​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​សំខាន់​គឺ​ទាមទារ​ឲ្យ​សិស្ស​និស្សិត​អនុវត្ត​ជាក់ស្តែង​នៅក្នុង​សាលា​តែម្តង​ដើម្បី​ឲ្យ​សិស្ស​និស្សិត​ចេញពី​សាលា​ទៅ​មាន​សមត្ថភាព​គុណភាព​ពេញលេញ​សម្រាប់​ស្វែងរក​ការងារ​បាន​។​
​លោក ពេ​ជ សោភ័ន បន្ថែមថា រៀន​ទ្រឹស្តី​សិស្ស​និស្សិត​អាច​រៀន​តាម​អន​ឡាញ​នៅផ្ទះ​បាន តែ​ការអនុវត្ត​ជាក់ស្តែង​តម្រូវ​ឲ្យ​សិក្សា​និង​អនុវត្ត​ផ្ទាល់​នៅតាម​រោង​ជាង​ឬ​បន្ទប់​ស​ពិសោធន៍​តែម្តង​។​តែ​ត្រូវអនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ការ​ណែ​នាំ​​របស់​ក្រសួង​ផងដែរ​។ ទន្ទឹមនេះ លោក​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​សាស្ត្រា​ចារ្យ​និង​សិស្ស​និស្សិត​របស់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ទាំង​នៅផ្ទះ​នៅ​សាលា​ក៏ដូចជា​នៅតាម​សហគមន៍​ដើម្បី​ចៀសផុត​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម