មន្ត្រីនគរបាល​ខេត្តព្រៃវែង​៧​នាក់​ត្រូវ​ដក​មុខតំណែង ផ្ទេរ​សម្រួល​ភារកិច្ច និង​ទម្លាក់​ស័ក្តិ​

558
ចែករម្លែក
មន្ត្រីនគរបាល​ខេត្តព្រៃវែង​៧​នាក់​ត្រូវ​ដក​មុខតំណែង ផ្ទេរ​សម្រួល​ភារកិច្ច និង​ទម្លាក់​ស័ក្តិ​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចំនួន ៧​រូប ត្រូវបាន​ដក​មុខតំណែង ផ្ទេរ សម្រួល​ភារកិច្ច និង​ទម្លាក់​ឋានន្តរស័ក្តិ ពាក់ព័ន្ធ​ការ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ កាលពីពេល​ថ្មីៗ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន ដែល​រង​ការរិះគន់​យ៉ាងខ្លាំង​នៅ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។


​ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ បានចេញ​ប្រកាស​ស្តីពី​ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិ ដោយ​ក្នុងនោះ សម្រេច​ផ្ទេរ​សម្រួល​ភារកិច្ច ទី​១. សម្រួល​ភារកិច្ច​ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង វណ្ឌី ពី​ស្នងការ រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ជា​ស្នងការរង​។ មូលហេតុ​ល្មើស​វិន័យ​រប​សើ​កងកម្លាំង​នគរបាលជាតិ និង​ព្រមាន​លើក​ទី​១ ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង វណ្ឌី ស្នងការរង​។ ទី​២. អនុវត្ត​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​១ ចំពោះ​វរសេនីយ៍ឯក ពៅ ជី​វ័​ន្ដ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។ ទី​៣. ត្រូវបាន​អនុវត្ត​វិន័យ​ក្រោមរូបភាព​ដកហូត មុខតំណែង​ចំពោះ​អនុសេនីយ៍ឯក ទូច ធារ៉ា ពី​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ឲ្យ​មកជា​មន្ដ្រី និង​បន្ថយ​ឋានន្ដរស័ក្ដិ​មួយ​ថ្នាក់ មក​នៅត្រឹម អនុសេនីយ៍ទោ​។ មូលហេតុ​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ​។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ


​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​៤ ខែសីហា ក៏​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិ ចំនួន​៤ រូប​ផងដែរ ក្នុងនោះ​មានដូចជាៈ ទី​១. ត្រូវបាន​អនុវត្ត​វិន័យ​ក្រោមរូបភាព​ដកហូត​តំណែង អនុសេនីយ៍ឯក ស៊ី បូ ពី​នាយផ្នែក​ស្រាវជ្រាវ និង​ស៊ើបអង្កេត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ឲ្យ​មកជា​មន្ដ្រី​។ មូលហេតុ​ល្មើស​វិន័យ​របស់ កងកម្លាំង​នគរ បាល​ជាតិ​។
​ត្រូវអនុវត្ត​វិន័យ​ចំពោះ​មន្ដ្រីនគរបាល ៣​រូប​ទៀត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក្រោមរូបភាព​បន្ថយ​ឋានន្ដរស័ក្ដិ​មួយ​ថ្នាក់ មានឈ្មោះ​ដូចជាៈ ១. អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​ឲ្យ​មក​នៅត្រឹម​អនុសេនីយ៍ទោ​។ ២. អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ដ្រី​ឲ្យ​មក​នៅត្រឹម​ថ្នាក់ អនុសេនីយ៍ទោ​។ ៣. អនុសេនីយ៍ទោ យុន តារា​ភ័​ស្ដ មន្ដ្រី​ឲ្យ​មក​នៅត្រឹម​ថ្នាក់​អនុសេនីយ៍ត្រី មូលហេតុ​ល្មើស​វិន័យ​របស់​កង​កងកម្លាំង​នគរបាលជាតិ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ


​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​បានចេញ​សេចក្តីសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​មន្ត្រី​នគរបាលជាតិ ចំនួន ៧​រូប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​។ ការផ្អាក​ការងារ​បណ្តោះអាសន្ន គឺ​បន្ទាប់ពី​កើតមាន​រឿង​ចាប់​យុវជន​ពីរ​នាក់​យកទៅ​ធ្វើ​ទារុណកម្ម និង​ទារលុយ​ពី​ជនរងគ្រោះ ១.០០០​ដុល្លារ​ជា​ថ្នូរ​ដោះលែង​។ ករណីនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២០ ខែកក្កដា នៅ​ចំណុច​មុខ​វត្ត​រោងដំរី ភូមិ​ប្រាំមួយ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។


​សូម​រំលឹកថា កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​២០ ខែកក្កដា​កន្លង​នៅ​ចំណុច​មុខ​វត្ត​រោងដំរី ភូមិ​ប្រាំមួយ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ក្រុមមន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​វាយ​ក្បាល និង​ប្រើ​ហិង្សា​លើ​យុវជន​ពីរ​នាក់ និង​ចាប់​វ៉ៃ​ក្រៀក​យកទៅ​ការិយាល័យ ធ្វើ​ទារុណកម្ម ហើយ​ថែមទាំង​ទារលុយ​១.០០០​ដុល្លារ​ទៀតផង ជា​ថ្នូរ​នឹង​ការដោះលែង​។ ជនរងគ្រោះ​ក្នុង​អំពើហិង្សា​នេះ​មានដូចជា ១. ឈ្មោះ ថៃ សា​មាឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។​២. ឈ្មោះ ហឿន រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ស្វាយ​សុ​ខោ សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ។ ពួកគេ​បាន​របួស​ហើម​ក្បាល ជាំភ្នែក ខៀវ ហើម​ខ្លួន​និង​ដៃជើង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម