សម្រេច​ចោទប្រកាន់​យុវជន​បញ្ជា​ម៉ាស៊ីនស្ទូច​ចល័ត​ពីបទ​ធ្វើឃាត​និង​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​

200
ចែករម្លែក

​ដោយ ៖ ប​.​ជ័យ​បន្ទាយមានជ័យ ៖ ឧបទ្ទវហេតុ ដួលរលំ​ម៉ាស៊ីនស្ទូច​ចល័ត សង្កត់​មនុស្ស​ស្លាប់ និ​នង​របួស ៩ នាក់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កន្លងមក លទ្ធផល​នៃ​ការស៊ើបអង្កេត និង​សន្និដ្ឋាន គឺ​បានសម្រេច​ចោទប្រកាន់ យុវជន​បញ្ជា​ម៉ាស៊ីន ពីបទ​ធ្វើឃាត និង​បង្ក​របួសស្នាម ដោយ​អ​ចេតនា​។​

​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ ឈ្មោះ ពុធ លី​វិ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទៅ​សាលាដំបូង​ខេត្ត ហើយ​ក្នុង​បទ​ចោទ ករណី​មនុស្សឃាត ដោយ​អ​ចេតនា និង​បង្ក​របួសស្នាម ដោយ​អ​ចេតនា ដែល​កើតឡើង នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​១០​នាទី​រសៀល នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥ នាក់ និង​រងរបួស​ធ្ងន់ ស្រាល ចំនួន ៤ នាក់ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ មូល​ដ្ឋា​ល​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា​៖ ករណីនេះ បង្កឡើង​ដោយ អ្នកបើក​គ្រឿងចក្រ​ស្ទូច ជញ្ជាំង​បេតុង​ថ្ម ដើម្បី​សាងសង់​អគារ​ផ្ទះល្វែង ឱ្យ​ក្រុមហ៊ុន​បូរី ដឹ​ផាក​ស៊ី​ធី ប៉ោយប៉ែត ( The Park City ,POIPET ) មានការ​ធ្វេសប្រហែស បណ្ដាលឱ្យ គ្រឿងចក្រ​ផ្ងា​ជើង ហើយ​ដងសន្ទូច បាន​បាក់​រលំ បណ្ដាលឱ្យ​សង្កត់​បូរី និង​ហួស​ទៅ​សង្កត់​លើផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅជាប់​របង​បូរី បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស ចំនួន ៩ នាក់ ។​

​សូមបញ្ជាក់ថា យោង​លោក អ៊ុំ សា​ខន នាយរង​សេនាធិការ​រង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និង​ជា​ជំនួយការ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា​៖ ” ការសាកសួរ ស៊ើបអង្កេត របស់​សមត្ថកិច្ច​អន្តរក្រសួង និង​អាវុធហត្ថ មកទល់ពេលនេះ គឺថា មូលហេតុ​ដួលរលំ ដងសន្ទូច​មាន ២ យ៉ាង​គឺ​៖ ទី​១. មកពី​ដី​នៅ​ជើង​ម៉ាស៊ីន​បាន​ស្រុត និង​ទី​២. ដោយសារ​ពេលនោះ មាន​កម្លាំង​ខ្យល់​បក់​ខ្លាំង​ផង ទើប​បណ្តាលអោយ​ដងសន្ទូច​រេ ហើយ​ដួលរលំ បង្ក​អោយ​ធ្លាក់​ផែន​បេតុង ចំ​សំណង់​ការដ្ឋាន និង​ចំ​ផ្ទះ​ក្រៅ​ការដ្ឋាន បង្ក​ជា​សង្កត់​ពលរដ្ឋ​នោះ ” ។​

​ក្រោយពី​កើតហេតុ កម្លាំង​អាវុធហត្ថ​ក្រុង ក៏បាន​ឃាត់ខ្លួន អ្នកបញ្ជា​គ្រឿងចក្រ​ភ្លាមៗ ហើយ​យកមក​មូលដ្ឋាន អាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនមក​បញ្ជាការដ្ឋាន​ខេត្ត ហើយ​ចាត់​ការបន្ត ដោយ​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​យុវជន អ្នកបញ្ជា​គ្រឿងចក្រ​នេះ ទៅ​សាលាដំបូង​ខេត្ត ហើយ​សមត្ថកិច្ច​តុលាកា​រ នឹង​ចេញ​ដីកាឃុំខ្លួន បណ្តោះអាសន្ន ។​

​សូម​រំលឹកថា ឧបទ្ទវហេតុ​ដួលរលំ ដងសន្ទូច នៃ​ម៉ាស៊ីនស្ទូច​ចល័ត ( Mobile Crane) (​ផ្ទាំង​ស្លែត​ទំងន់​៧​តោន​) នៅ​ការដ្ឋាន​សំណង់​បូរី និង​ផ្ទះល្វែង (The Park City,POIPET ) នៃ​ក្រុមហ៊ុន​ដឺ​ផាក​ស៊ី​ធី​វីឡា របស់លោក ឧកញ៉ា ឡៅ ប៊ុន​ប៉ា កាលពី​ម៉ោង ២​និង​២០​នាទី រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​គីឡូ​លេខ ៤ ហើយ​សង្កត់​លើ​អគារ​ការដ្ឋាន​សំណង់ និង​លើផ្ទះ​មួយ ស្ថិត​នៅក្រៅ​ការដ្ឋាន បណ្តាលអោយ​ប្រជាពលរដ្ឋ ៥​នាក់ ស្លាប់ និង ៤​នាក់ បាន​រងរបួស ។​

​អ្នកស្លាប់ ជា​ស្ត្រី​ចំនួន​ប្រាំ​នាក់​នោះ រួមមាន​៖ ១ -​ឈ្មោះ ឈាន ហុង អាយុ​៤៤​ឆ្នាំ​, ២-​ឈ្មោះ ឌឹ​ម សុខ​ណាក់ អាយុ​២៩​ឆ្នាំ មាន​លំនៅ នៅ​ខេត្តព្រៃវែង​,
៣-​ឈ្មោះ លឿ​ប ឡាក់ អាយុ​៥៥​ឆ្នាំ​, ៤-​ឈ្មោះ សេង មុយ​គា និង​៥-​ឈ្មោះ ចូ​វ លី អាយុ​៤៩​ឆ្នាំ​។ ចំណែក​អ្នករងរបួស ក៏​ជា​ស្ត្រី ចំនួន​បួន​នាក់ តែ​បីនាក់​របួសធ្ងន់ រួមមាន​៖ ១-​ឈ្មោះ ផល សុធី​តា អាយុ​៣៣​ឆ្នាំ ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ។ ២-​ឈ្មោះ កា សុ​ម៉ា​មាន អាយុ​៣៤​ឆ្នាំ ព្យាបាល នៅ​មន្ទីរពេទ្យ ឯ​រាជធានី​ភ្នំពេញ​។ ៣-​ឈ្មោះ សៅ រិ​ទ្ធ អាយុ​៤១​ឆ្នាំ ព្យ​បាល​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត និង​៤.​ឈ្មោះ ខាន់ ចាន់​ឌី អាយុ​២៧​ឆ្នាំ របួសស្រាល សម្រាក​ព្យាបាល​នៅផ្ទះ ។ អ្នក​ទាំងនេះ រស់នៅ​ភូម​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​

​មន្ត្រី​ជំនាញ​សំណង់ បាន​អះអាងថាៈ ករណី​ខាងលើ មិនមែនជា​កំហុស​បច្ចេកទេស​សំណង់​ទេ ។ តែ​ជា​ឧបទ្ទវហេតុ ដួលរលំ​ម៉ាស៊ីនស្ទូច​ចល័ត ឯណោះ​ទ ៕S/

​រូបថត ៖ ករណី​ដួលរលំ​ម៉ា​សុ​ី​ន​ស្ទូច​ចល័ត​សង្កត់​មនុស្ស​ស្លាប់ របួស​៩​នាក់ ៖​សម្រេច​ចោទប្រកាន់​យុវជន​ពុធ លី​វិ​ន ភេទ​ប្រុស​អ្នកបញ្ជា​ម៉ា​សុ​ី​ន​ពីបទ​ធ្វើឃាត​និង​បង្ក​របួសស្នាម​ដោយ​អ​ចេតនា (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម