ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បើក​កិច្ចប្រជុំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ​

160
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​ការពារ​សន្តិសុខ រក្សា​សណ្តាប់ និង​សុវត្ថិភាព​សង្គម នាឱកាស​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រ​ណៃ​ណី​ជាតិខ្មែរ ចាប់ពី​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។

​កិច្ចប្រជុំ​នោះបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ក្នុងនោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​លោកស្រី ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ និង​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប សហការគ្នា​ឱ្យបាន​ល្អ ត្រូវការពារ​សន្តិសុខ រៀបចំ​សណ្តាប់ធ្នាប់​ដោយ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​សុខ​សុវត្ថិភាព ស្ថិរភាព គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត​ឱ្យបាន​សប្បាយរីករាយ និង​ក៏បាន​ដាក់ចេញ​បទបញ្ជា ឱ្យកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ត្រៀម​អនុវត្តតាម​បទបញ្ជា​ដើម្បី​ចេញ​ប្រតិបត្តិ​ការដោះស្រាយ​សភាព​ការណ៍​រាល់​ការទាមទារ​តវ៉ា​ខុសច្បាប់​ណាមួយ​ពី​ក្រុម​ជ្រុលនិយម​មួយចំនួន​ដែលមាន​បំណង​ចង់​បំផ្លាញ​សន្តិភាព និង​បង្ក​អសន្តិសុខ​សង្គម​។

​ការណែនាំ​នេះ គ្រា​ដែល​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​មើលឃើញថា មាន​ក្រុម​ជ្រុលនិយម​មួយចំនួន​បានធ្វើ​សកម្មភាព​តវ៉ា​ខុសច្បាប់​ទាមទារ​ឱ្យមាន​ការដោះលែង​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​កម្ពុជា ដែល​ត្រូវ​ម​ត្ថ​កិច្ច​ចាប់ខ្លួន​តាម​ដីកា​តុលាការ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅនេះ ដោយ​រង​ការចោទប្រកាន់​ពីបទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​។​

​នៅពេល​ជនជាប់ចោទ​រូបនោះ​លើកឡើង​និយាយ​ញុះញង់​បំប៉ោង​ព័ត៌មាន​មិន​ពិត​ក្នុង​គោលបំណង​កេងចំណេញ​នយោបាយ​ជុំវិញ​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​មិនតែប៉ុណ្ណោះ​ក្រុម​តវ៉ា​ទាមទារ​មួយចំនួនទៀត​ដែល​ធ្វើ​សកម្មភាព​បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​និយាយ​ញុះញង់​បង្ក​ឱ្យ​បែកបាក់​សង្គមជាតិ​ជុំ​វិ​ញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏​ត្រូវបាន​សមត្ថកិច្ច​អនុវត្តតាម​ដីកា​តុលា​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដើម្បី​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ផងដែរ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​ក៏បាន​ដាក់បទបញ្ជា​ឱ្យមាន​ការការពារ​សន្តិ​សុខ​ឱ្យបាន​រឹងមាំ​នៅ​គ្រប់​គោលដៅ​សំខាន់ៗ​របស់​ស្ថាប័នរដ្ឋ​ដោយ​ទប់ស្កាត់​រាល់​ការទាមទារ​តវ៉ា​ខុសច្បាប់​បង្ក​ភាពអនាធិបតេយ្យ​និង​បង្ក​ប៉ះពាល់​សន្តិសុខ សណ្តាប់​សាធារណៈ​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​លើកឡើង ពាក់ព័ន្ធ​និង​ការការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត សប្បាយរីករាយ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ​ផងដែរ ក៏បាន​ណែនាំ​កម្លាំង​នគរបាល​គ្រប់ផ្នែក​និង​ជំនាញ​ទាំង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

នៅតាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ត្រូវ​សហការគ្នា​យាម​តាម​គោលដៅ គ្រប់​ច្រកចេញចូល នៅក្នុង​រាជធានី​ភ្នំពេញ និង​គោលដៅ​ផ្សេងៗ​ទៀត​ជាប្រចាំ ដើម្បី​ចេញ​អន្តរាគមន៍​បង្ការ​ទប់​ស្កាត់​បទល្មើស​ទូទៅ បង្ការ​អគ្គិភ័យ ចេញ​សម្រួល​ចរាចរណ៍​នៅពេល​មាន​បញ្ហា​កកស្ទះ​ដោយ​សំដៅ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​ការពារ​ទ្រព្យសម្បតិ្ត​អា​ជីវិត ប្រជាពលរដ្ឋ នាំមក​នូវ សុវត្ថិភាព ស្ថិរភាព ។


​ក្នុងអំឡុង​នៃ​ថ្ងៃ​ឈប់សម្រាក​នោះ​ផងដែរ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ឱ្យមាន​ការបន្ត​ចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​បង្ការ​ទប់ស្កាត់ ការ​រាតត្បាត​ជំងឺឆ្លង​កូ​វីដ​១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម