​ទីស្តីការគណៈរដ្ឋមន្ត្រី​ប្រកាស​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃនេះ

189
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​បន្ទាប់ពី​បញ្ចប់​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី ១៤ ខែសីហា​ឆ្នាំ​២០២០​នេះ គណៈរដ្ឋមន្ត្រី​បានចេញ​នូវ​សេចក្តីប្រកាស​លទ្ធផល​នៃ​សម័យប្រជុំ​នេះ​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

​ ​ ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែស្រាព​ណ៌ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​វិមាន​សន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី​មាន​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​៖

១-​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​ដំឡូង​មី ២០២០-២០២៥​។​
២-​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥(IDP)​ក្នុង​ឆ្នាំ​២០១៧-២០១៨​។​
៣-​បញ្ហា​ផ្សេងៗ​៖
​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​៖
៣.១.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
៣.២.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម​ពិធីសារ​ម៉ុងរ៉េអាល់​ស្ដីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​
៣.៣.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្ដីពី​បារត​។​
៣.៤.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្ដីពី​បត្យាប័ន រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​
៣.៥.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្ដីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហព័ន្ធរុស្ស៊ី​។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​និង​មតិ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​រួចមក​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បានសម្រេច​អនុម័ត​៖

១-​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​ដំឡូង​មី ២០២០-២០២៥

​ដំឡូង​មី​គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​និង​ជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានរួម​ចំណែក​ពី​៣%​ទៅ​៤%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​(​ផ​.​ស​.​ស​.)​។​ក្នុងស្ថានភាព​បច្ចុប្បន្ន​និង​តទៅ​អនាគត​ដំណាំ​ដំឡូង​មី​ដែលជា​ដំណាំ​ធំ​ទី​ពីរ​បន្ទាប់ពី​ស្រូវ​ត្រូវមាន​ការគាំទ្រ​ពិសេស​ដើម្បី​ទាញយក​ផលប្រយោជន៍​ឱ្យ​បានជា​អតិបរមា​និង​ការអភិវឌ្ឍ​ដំណាំ​នេះ​ឱ្យ​ក្លាយជា​កម្លាំងចលករ​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​ការធ្វើបដិវត្ត​ឧស្សាហកម្ម​នៅ​កម្ពុជា​ដែល​ទិសដៅ​នេះ​បានកំណត់​យ៉ាង​ជាក់ ច្បាស់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥​។​

​គោលនយោបាយ​ជាតិ​ស្ដីពី​ដំឡូង​មី ២០២០-២០២៥ មាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត​កែច្នៃ​និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​ប្រកប ដោយ​និរន្តរភាព​សម្រាប់​ទីផ្សារ​ក្នុង​តំបន់​និង​ពិភពលោក ។​គោលនយោបាយ​ជាតិ​នេះ​កំណត់​នូវ​គោលដៅ​ចំនួន​បី​រួមមាន​៖១-​ផ្លាស់ប្ដូរ​ពី​ផលិតកម្ម​ដំឡូង​មី​បែប​ប្រពៃ ណី​ឬ​គ្រួសារ​ឱ្យទៅជា​ផលិតកម្ម​ដំឡូង​មី​បែ​បប​ពាណិជ្ជកម្ម​និង​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ដែល​កសិករ​អាច​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ការប្រើប្រាស់​ដី ប្រកបដោយ​ចីរភាព​និង​កសិកម្ម​វៃឆ្លាត​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ។ ២-​គាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូង​មី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​កែច្នៃ​ផលិត ផល​ដំឡូង​មី​ដែលមាន​តម្លៃបន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ក្នុង​វិស័យ​ដំឡូង​មី និង ៣-​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជ កម្ម​តាមរយៈ​ការ​ជ្រៀតចូល​និង​ចាប់យក​ចំណែក​ទីផ្សារ​កែលម្អ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​កាត់បន្ថយ​ចំណាយ​ដែល​មិនចាំបាច់ និង សម្របសម្រួល​ជាមួយ​អន្តរ​វិស័យ ដែល​ពាក់ព័ន្ធ​ក្នុងការ​នាំចេញ​។​

២-​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ (IDP) ក្នុង​ឆ្នាំ​២០១៧-២០១៨
​ដើម្បី​រួមចំណែក​ដល់​ការរក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​និង​បរិ​យាប​ន្ន​រាជរដ្ឋាភិបាល​បានដាក់​ចេញ​និង​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា​ផ្ដោត​សំខាន់​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការលើកកម្ពស់​ផលិតភាព​ស្របតាម​បរិបទ​នៃ​ការប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងស្រុក​និង​សភាពការណ៍​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​និង​និម្មាបនកម្ម សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក ។ ក្នុង​គោលបំណង​ធានា​ឱ្យបាន​នូវ​វឌ្ឍនភាព​ជាប្រចាំ​ប្រកបដោយ​ប្រសិទ្ធភាព​និង​សង្គតិភាព​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យមាន​យន្ត ការតាមដាន​និង​ត្រួតពិនិត្យ​ការអនុវត្ត​តាមរយៈ​ការរៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នេះ​។​

​ក្នុង​ឆ្នាំ​២០១៧-២០១៨​រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ កាន់តែ​សកម្ម​ឡើង​បន្ថែម​លើស​មិទ្ធ ផល​ដែល​សម្រេចបាន​ក្នុង​បណ្ដា​ឆ្នាំកន្លងមក​។​ជា​លទ្ធផល​ជាក់ស្ដែង​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​បាន​ដឹកនាំ​សម្របសម្រួល និង​អនុវត្ត​វិធាន ការ​គោលនយោបាយ​និង​ផែនការ​សកម្មភាព​ដែល​ខ្លួន​ទទួលខុសត្រូវ​ដោយ​សម្រេចបាន​ពេញលេញ​និង​មាន​វឌ្ឍនភាព​សំខាន់ៗ​ដូចខាងក្រោម​៖

-​គោលដៅ​ទី​១ នៃ​គោលនយោបាយ​គឺ​ការកែប្រែ​និង​ពង្រឹង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​ដោយ​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស​.​ឱ្យបាន ៣០%​នៅ​ឆ្នាំ​២០២៥​ក្នុងនោះ​វិស័យ​កម្មន្តសាល​ត្រូវ​កើន​ដល់ ២០% ,​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង ផ​.​ស​.​ស​. បាន​កើនឡើង​ពី ២៧,៧% នៅ​ឆ្នាំ​២០១៥ ដល់ ៣២,៦%​នៅ​ឆ្នាំ​២០១៨ ពោលគឺ​សម្រេចបាន​មុន​គោលដៅ​ដែល​បានកំណត់​នៅ​ឆ្នាំ​២០២៥ ។ ជា​លទ្ធផល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា​កម្ពុជា​កំពុង​បន្ត​កែប្រែ​និង​ពង្រឹង រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ដោយ​ងាក​ចេញ​ជា​បណ្ដើរៗ​ពី​ការពឹងផ្អែក​សំខាន់​លើ​វិស័យ​កសិកម្ម​ឆ្ពោះទៅរក​ការធ្វើ​ឧស្សាហូបនីយកម្ម​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​ដែល​នឹង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ឈានឆ្ពោះ​ទៅដល់​កម្រិត​ថ្មី​មួយទៀត​។​

-​គោលដៅ​ទី​២ នៃ​គោលនយោបាយ​គឺ​ការបង្កើន​និង​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ​ដោយ​បង្កើន​ការនាំចេញ​ទំនិញ​កម្មន្តសាល​(​មិនមែនជា​វាយ​ន​ភណ្ឌ​)​ឱ្យបាន​១៥% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ទន្ទឹមនឹង​ការជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន​១២%​នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ៖​ជា​លទ្ធផល​ឆ្លុះ បញ្ចាំង​ឱ្យឃើញថា​កម្ពុជា​បាននិងកំពុង​ធ្វើ​ពិពិធ​កម្ម មុខទំនិញ​នាំចេញ​របស់ខ្លួន​ជា​បន្តបន្ទាប់​និង​បន្ត​ជំរុញ​កំណើន​នៃ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យបាន​កាន់តែ​សម្បូរ បែប​ដោយ​មិន​ពឹងផ្អែក​តែ​ទៅលើ​ការនាំចេញ​ទំនិញ​កម្មន្តសាល​ផ្នែក​សម្លៀកបំពាក់​និង​ស្បែកជើង​នោះទេ​។​

-​គោលដៅ​ទី​៣​នៃ​គោលនយោបាយ​គឺ​នៅ​ឆ្នាំ​២០២៥​សហគ្រាស​ធុន​តូច​និង​មធ្យម​៨០%​និង​៩៥%​រៀង​គ្នា​នឹង​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម​៥០%​និង​៧០%​រៀង​គ្នា​នឹងមាន​បញ្ជិកា​គណនេយ្យ​និង​តារាង​តុល្យការ​ត្រឹមត្រូវ ៖​ជា​លទ្ធផល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការយល់ដឹង​កាន់តែច្រើន​របស់​សហ គ្រាស​ធុន​តូច​និង​មធ្យម​អំពី​សារសំខាន់​នៃ​ការចុះបញ្ជី​ផ្លូវការ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​អាជីវកម្ម បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន និង​ជា​មូលដ្ឋាន​វាយតម្លៃ សម្រាប់​ទទួល​បានការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ឬ​ការលើកទឹកចិត្ត​ផ្សេងៗ​ពី​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​បន្ថែម​លើ​វឌ្ឍនភាព​នៃ​គោលដៅ​ចម្បង​ទាំងបី​ខាងលើ​ក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ក៏បាន​សម្រេច​នូវ​វឌ្ឍនភាព​លើ​ការអនុវត្ត​វិធានការ​គន្លឹះ​ព្រម ទាំង​បាននិងកំពុង​បន្ត​អនុវត្ត​សកម្មភាព​យ៉ាងច្រើន​ទៅតាម​វិធានការ​គោលនយោបាយ​និង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការជំរុញ​ការទាក់ទាញ​វិនិយោគ ការពង្រីក​និង​ធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម ការកែលម្អ​បរិស្ថាន​និយ័តកម្ម និង​ការសម្របសម្រួល​គោលនយោបាយ​គាំទ្រ​។​

៣-​បញ្ហា​ផ្សេងៗ​ ​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានសម្រេច​បញ្ជូន​ទៅសុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​៖

៣.១.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
៣.២.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម​ពិធីសារ​ម៉ុងរ៉េអាល់​ស្ដីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​
៣.៣.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្ដីពី​បារត​។​
៣.៤.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្ដីពី​បត្យាប័ន រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​
៣.៥.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្ដីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហព័ន្ធរុស្ស៊ី​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖

១- បើទោះបី​ពិភពលោក​នៅ​បន្ត​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​នៅឡើយ​អំពី​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​កម្ពុជា​ត្រូវតែមាន​ភាពច្បាស់លាស់​និង​ម្ចាស់ការ​លើ​ការ ងារ​ជា​អាទិភាព​ចម្បង​ពីរ​គឺ​៖ ទី​១-​ការបន្ត​រក្សា​នូវ​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍ និង​ទី​-​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ឱ្យបាន​ល្អប្រសើរ ទប់ស្កាត់​អតិផរណា​និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ​។​

២- ក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ត្រូវអនុវត្ត​ទិសដៅ​ភារកិច្ច​ចំនួន​៥ គឺ​៖

-​ភារកិច្ច​ទី​១.​បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ហើយ​ត្រូវ​បន្ត​អនុវត្ត​និង​ចាត់វិធានការ​សុខាភិបាល​ឱ្យបាន​ដិតដល់​នៅ​កន្លែង​ដែល មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ពិសេស​ក្នុងកំឡុងពេល​ឈប់សម្រាក​ខាងមុខនេះ​ដើម្បី​ថែរក្សា​សុខុមាលភាព​បស់​ប្រជាពលរដ្ឋ​។​ក្រសួងសុខាភិបាល​ត្រូវខិតខំ​ស្ថាបនា មន្ទីរពិសោធន៍​សម្រាប់​ធ្វើតេស្ត​មើល​មេរោគ​កូ​វីដ​-១៩ បន្ថែម​ពីលើ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​នៅ​ខេត្ត​សំខាន់​ចំនួន​៣​ទៀត​គឺ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។​

-​ភារកិច្ច​ទី​២ បន្ត​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ធានា​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ការពារ​ភាពសុខសាន្ត​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

-​ភារកិច្ច​ទី​៣ បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​ចំនួន​ពីរ​ខែ​ទៀត​។​

-​ភារកិច្ច​ទី​៤ ជំរុញ​និង​លើកទឹកចិត្ត​ការបង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម​ដោយ​ប្រមូលផ្ដុំ​ឡើងវិញ​នូវ​កម្លាំង​ពលកម្ម​ពី​វិស័យ​សេវាកម្ម​និង​ឧស្សាហកម្ម​ដែល​បាន​និង កំពុង​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​និង​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ព្រមទាំង លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ទូទាំងប្រទេស​ឱ្យធ្វើ​ការចិញ្ចឹម​ត្រី​អណ្ដែង​ឱ្យបាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​គាំទ្រ​ដល់​ការនាំ​ចេញទៅ​លក់​នៅក្រៅ ប្រទេស​។​

-​ភារកិច្ច​ទី​៥ អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោយ​ត្រូវ​បែងចែក​ទៅតាម​ដំណាក់កាល និង ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ។ ចំពោះ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​នឹងត្រូវ​អនុញ្ញាតឱ្យ​បើក​ដំណើរការ ឡើងវិញ ត្រូវមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជាពិសេស​អគារសិក្សា​ដែល​ធ្លាប់បាន​ប្រើប្រាស់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។​

៣- រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​សមត្ថភាព​និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុមគ្រូពេទ្យ​និង​មន្ត្រី​សុខាភិបាល​កម្ពុជា​ដែល​បាន​ខិតខំ រួមចំណែក​លើកកម្ពស់​គុណភាព​វិស័យ​សុខាភិបាល​ក្នុងស្រុក​ឱ្យមាន​ការរីកចម្រើន​គួរ​ជាទី​មោទនៈ​ខណៈដែល​តម្រូវការ​នៃ​សេវា​សុខាភិបាល​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន​មានការ​កើនឡើង​ដែលជា​ការជំនួស​ការចេញ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

៤-​រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ វិស័យ​ឯកជន​និង​ប្រជា ជន​ទូទាំងប្រទេស ដែល​បាន​ខិតខំ​និង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក៏​ដូច ជា​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​បិទ​សម័យប្រជុំ​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​។​
​ ​ ​ ​ ​ ​ ​ ​ ​ថ្ងៃ​សុក្រ ១០​រោច ខែស្រាព​ណ៌ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤
​ ​ ​ ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម