ទិវា​ឯករាជ្យ​ជាតិ​ឥណ្ឌា បំបែក​រដ្ឋ ប៉ា​គី​ស្ថាន​

281
ចែករម្លែក

ភ្នំពេញៈ បន្ទាប់ពី​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អង់គ្លេស ប្រមាណ​ជា​១០០​ឆ្នាំ មក នៅ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៤៧ ឥណ្ឌា ទទួលបាន​ឯករាជ្យភាព​របស់ខ្លួន ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ ក៏​ជា​ពេលដែល​ឥណ្ឌា បាន​បាត់បង់​ទឹកដី និង​សមាជិក​ប្រជាជន​របស់ខ្លួន យ៉ាងច្រើន​សន្ធឹក សន្ធាប់​ណាស់ដែរ ដោយសារ​ពួក​ជន​មូស្លីម​ឥណ្ឌា បាន​បំបែក​រដ្ឋ បង្កើតជា​ប្រទេស​ប៉ា​គី​ស្ថាន រហូតមកដល់​សព្វថ្ងៃ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ឥណ្ឌា មាន​ផ្ទៃដី​ជាង ៣.២៨៨ លាន ម៉ែត្រក្រឡា ស្ថិតនៅ​អាស៊ី ខាងត្បូង ជា​ប្រទេស​ធំ​លំដាប់​លេខ​៧ របស់​ពិភពលោក ភាគខាងត្បូង ជាប់​នឹង​មហាសមុទ្ទ​ឥណ្ឌា ភាគ​ពាយ័ព្យ ជាប់​នឹង​សមុទ្ទ​អារ៉ាប់ ភាគ​អាគ្នេយ៍​ជាប់​បេ​យ៍ បេង​ហ្កា​ល់ ខាងលិច​ជាប់​ប្រទេស ប៉ា​គី​ស្ថាន ភាគ​ឦសាន​ជាប់​ប្រទេស​ចិន នេ​ប៉ាល់ និង​ប៊ូ​តាន់ ចំណែក​ភាគ​ខាងកើត​ជាប់​នឹង ប្រទេស​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដេ​ស​។ ឆ្នាំ​២០២០ មាន​ប្រជាជន ជាង ១.៣៨១ លាន​នាក់ ជា​ចំនួន​ច្រើន​បំផុត លំដាប់​លេខ​២ ក្នុង​លោក (​លេខ​១ ចិន​) រដ្ឋធានី គឺ​ទីក្រុង​ញូ​វ​ដេលី ភាសាផ្លូវការ គឺ​ភាសា​ហិណ្ឌូ និង​ភាសា​អង់គ្លេស ។

​ប្រទេស​ឥណ្ឌា គឺជា​ទឹកដី​កំណើត​សាសនា​ធំៗ​ក្នុង​លោក និង​ជា​ដែនដី​កំណើត នៃ​ទស្សនវិជ្ជា របស់​ពិភពលោក ហើយ​ត្រូវបាន​ទទួលស្គាល់ថា ជា​ដែនដី​កំណើត​លទ្ធិប្រជាធិបតេយ្យ ចាស់ទុំ​បំផុត​ក្នុង​លោក តាមរយៈ​ព្រះពុទ្ធសាសនា ប៉ុន្តែ​ប្រជាជន​ឥណ្ឌា​ពុំ​សូវ​ប្រតិបត្តិ​ព្រះពុទ្ធ សាសនា​ឡើយ ដោយ​ប្រជាជន ជាង ៧៨ ភាគរយ ជា​អ្នក​កាន់សាសនា​ព្រហ្មញ្ញ ជាង ១៤ ភាគរយ កាន់សាសនា​អ៊ិ​ស្លាម ផ្សេង​ពី​នោះ កាន់​ព្រះពុទ្ធសាសនា គ្រិស្តសាសនា​និង​សាសនា ដទៃៗ ទៀត ។​

ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​សតវត្សរ៍​ទី​១៧ ពួក​ឈ្មួញ​អឺរ៉ុប បាន​បង្កើត​ប៉ុស្តិ៍​ពាណិជ្ជកម្ម ឯនាយ​ប្រទេស​របស់​ពួកគេ បាន​ដោយ​ជោគជ័យ នៅ​អនុ​ទ្វីប​ឥណ្ឌា (​អាស៊ី​ខាងត្បូង បច្ចុប្បន្ន មាន​ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស ស្រីលង្កា នេ​ប៉ាល់ ម៉ា​ល់​ឌី​វ និង ប៊ូ​តាន់ )​។ តាមរយៈ​ការ​សន្ធាប់​ដោយ​កម្លាំងយោធា ក្រុមហ៊ុន​អង់គ្លេស ឥណ្ឌា ខាងកើត ( British East India Company ) បាន​បង្ក្រាប​អាណាចក្រ ទាំងឡាយ​នៅក្នុង​តំបន់​នោះ ហើយ​លើក​ខ្លួនឯង​ជា​អ្នកមានអំណាច​ជាងគេ​បំផុត​នៅ​ទីនោះ ត្រឹម​សតវត្សរ៍​ទី ១៨ ។​

​នៅ​ខែ​ឩ​សភា ឆ្នាំ​១៨៥៧ មាន​ចលនា​ឩ​ទ្ទាម​កម្ម​កើតឡើង និង រីក​រាលដាល​ពាសពេញ​ប្រទេស ឥណ្ឌា ប្រឆាំងនឹង​ការត្រួតត្រា​របស់​ក្រុមហ៊ុន British East India Company ដែល គេ​ហៅ​ជា ទូទៅ​ថា ឩ​ទ្ទាម ឆ្នាំ​១៨៥៧ ឬ​សង្គ្រាម​លើក​ទី​១ របស់ ឥណ្ឌា ដើម្បី​ឯករាជ្យភាព មហា​ឩ​ទ្ទាម ឥណ្ឌា ការបះបោរ​ឥណ្ឌា បដិវត្តន៍ ឆ្នាំ​១៨៥៧ ការបះបោរ ឆ្នាំ ១៨៥៧ ជាដើម ហើយ​ត្រូវបាន កងទ័ព អង់គ្លេស បង្ក្រាប​ទៅវិញ​នៅ​ឆ្នាំ ១៨៥៨ ដោយ​មេដឹកនាំ​មួយចំនួន ត្រូវ បានសម្លាប់ ឬ រត់គេចខ្លួន​ពួន​អាត្មា​រហូតដល់​ថ្ងៃ​ស្លាប់ ។​

​ចលនា​ឩ​ទ្ទាម​នេះ នាំឱ្យ​មានការ​បំបែក​របស់​ក្រុមហ៊ុន East India Company នៅ​ឆ្នាំ ១៨៥៨ ។ ចក្រភព​អង់គ្លេស បានរៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធ​កងទ័ព ប្រព័ន្ធ​ហិរញ្ញវត្ថុ និង ប្រព័ន្ធ​រដ្ឋបាល នៅក្នុង​ប្រទេស​ឥណ្ឌា ។ ច្បាប់​របស់​រដ្ឋាភិបាល ឥណ្ឌា នៅ​ឆ្នាំ ១៨៥៨ បានប្រគល់​ការ​គ្រប់ គ្រង​ទៅឱ្យ ចក្រភព អង់គ្លេស ដោយមាន​ឈ្មោះថា “ ការគ្រប់គ្រង របស់ ចក្រភព អង់គ្លេស “ ( British Raj ) ។​

​ជាច្រើន​ទសវត្សរ៍​ក្រោយមក មាន​គណបក្សនយោបាយ​ជាច្រើន បានកើត​ឡើង ហើយ គណបក្ស​ដែល​គួរឱ្យកត់សម្គាល់​បំផុត​គឺ គណបក្ស​សមាជជាតិ ឥណ្ឌា ( Indian National Congress Party ) បង្កើត​នៅ​ឆ្នាំ ១៨៨៥ ។ ក៏មាន​កំណែទម្រង់​មួយចំនួន​ដែរ ប៉ុន្តែ​នៅតែ មាន​ទោមនស្ស​ជាច្រើន​ពី​សំណាក់​សង្គម ឥណ្ឌា ចំពោះ​អាណានិគម អង់គ្លេស​ត្រូវបាន​ពង្រីក ពាសពេញ​ប្រទេស​តាមរយៈ​ចលនា​អហិង្សា នៃ “ ចលនា​មិន​សហការ “ ដែល​ដឹកនាំ​ដោយ លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មៈ គ​ន្ធី ) ។

​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​១៩០៦ ពួក​មូស្លីម ឥណ្ឌា បាន​បង្កើត​គណបក្សនយោបាយ​មួយ ឈ្មោះថា គណៈបក្ស សម្ព័ន្ធ មូ​ស្ល៊ី​ម ឥណ្ឌា ទាំងអស់ ( All India Muslim League ) ប៉ុន្តែ​វា​គ្រាន់តែ​ជា គណបក្សនយោបាយ​ដ៏​ទន់ខ្សោយ​មួយ ហើយ​បាន​ចាញ់​ដាច់​ក្នុងការ​បោះឆ្នោត​សកល នៅ​ឥណ្ឌា នា​ឆ្នាំ​១៩៣៦ ( ប៉ុន្តែ​ក្រោយមក​គឺ​គណបក្ស​នេះហើយ​ដែលជា​ចលនា​បំបែក​រដ្ឋ ចេញពី ឥណ្ឌា ) ។​

​នៅ​ឆ្នាំ​១៩៣៩ សង្គ្រាមលោកលើកទី​២ ផ្ទុះឡើង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក វីន​ស្តុ​ន ឈឺ​ឈី​ល (Winston Churchill ) បាន​ស្នើសុំ​ការជួយ​គាំទ្រ​ពី​ឥណ្ឌា​ប៉ុន្តែ​គណបក្សនយោបាយ ទាំងអស់ របស់​ឥណ្ឌា មិន​គាំទ្រ​ឡើយ ( ពីព្រោះ សង្គ្រាម​នោះ គឺជា​សង្គ្រាម​ដែល អង់គ្លេស ការពារ​ភាពជា​មហាអំណាច​របស់​ខ្លួន ហើយក៏​គឺ​ភាព​ជាម​អំណាច​នោះឯង​ហើយ ដែល​បាន ត្រួតត្រា​ប្រទេស ឥណ្ឌា ដែល​ប្រជាជន ឥណ្ឌា កំពុង​ស្អប់ខ្ពើម ។ ដូច្នេះ បើ​ជួយ អង់គ្លេស មានន័យថា ជួយ​សត្រូវ​របស់​ជាតិ និង ប្រជាជន ឥណ្ឌា ខ្លួនឯង ) ។ ផ្ទុយទៅវិញ All India Muslim League បាន​គាំទ្រ និង ជួយ​សំណើ​របស់លោក វីន​ស្តុ​ន ឈឺ​ឈី​ល ។

ចលនា ដើម្បី ឯករាជភាព ឥណ្ឌា​
​ក្នុងការ​ជួបជុំគ្នា​មួយ នៅ​ឆ្នាំ​១៩២៩ នាទី​ក្រុង​ឡា​ហ័​រ របស់​គណបក្ស Indian National Congress បានចេញ​សេចក្តីប្រកាស​ឱ្យមាន​ចលនា “ ការមិន​គោរព​របស់​ពលរដ្ឋ “​គឺជា​ចលនា​បំផុស​ឱ្យ សង្គម​ឥណ្ឌា​ទាំងមូល មិន​គោរព​ច្បាប់ ឬ បទបញ្ជា​ជាក់លាក់​មួយចំនួន​រប​ស់​រដ្ឋាភិបាល​ដែល ក្រោម​ការបញ្ជា​របស់ អង់គ្លេស ហើយ​ចលនា​នេះ​ពេលខ្លះ​ត្រូវបាន​ហៅថា “ ចលនា​តស៊ូ អហិ​ហ្សា “ ដឹកនាំ​ដោយ​លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី ហើយ​បានប្រកាស​យក​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩២៩ នោះ​ថា​ជា ថ្ងៃ​ឯករាជភាព ឥណ្ឌា ។

​តាមរយៈ​ចលនា “ ការមិន​គោរព​របស់​ពលរដ្ឋ “ នោះ គណបក្ស Indian National Congress បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ឥណ្ឌា ទាំងអស់​ឱ្យ​អនុវត្ត​នូវ​វិធីសាស្ត្រ​ដែល​ចេញ​ដោយ គណបក្ស​ជា​បន្តបន្ទាប់​រហូតដល់ ឥណ្ឌា ទទួលបាន​ឯករាជភាព​របស់ខ្លួន​ពេញលេញ ។ ចលនា​នេះ​ត្រូវបាន​ទទួលយក​ដោយ​ប្រជាពលរដ្ឋ​ឥណ្ឌា​ជាច្រើន​បង្ខំ​ឱ្យ​អង់គ្លេស​ពិចារណា​នូវ​ការផ្តល់​ឯករាជភាព​ទៅឱ្យ ឥណ្ឌា ។​

​ដោយហេតុ​នោះ គណបក្ស Indian National Congress បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ឥណ្ឌា នៅ​ថ្ងៃទី ២៦ ឆ្នាំ ១៩៣០ ( តាមពិត​កាលណោះ ឥណ្ឌា​មិនទាន់​ទទួលបាន​ឯករាជភាព​របស់ខ្លួន នៅឡើយ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រារព្ធ​ការប្តេជ្ញា ដើម្បី ឯករាជភាព ) រហូតដល់​ឆ្នាំ ១៩៥៦ ។ ពួកគេ​ជួបជុំគ្នា​យ៉ាង​ឱឡារិក ពោល​គឺមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​ប៉ុន្តែ​ជាការ​ជួបជុំគ្នា យ៉ាង​ស្ងៀមស្ងាត់ គ្មាន​ការ​ថ្លែង​សារ ឬ សុន្ទរកថា​អ្វី​ឡើយ ហើយក៏​ថែមទាំង​ការ​ស្មឹង​ស្មាធិ៍ ជាដើម​ផងដែរ ។

​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី ២ មក នៅ​ឆ្នាំ ១៩៤៦ ប្រទេស អង់គ្លេស​បាន​ជួបប្រទះ​បញ្ហា ច្រើនឡើងៗ គឺ​ខ្សោះ​ធនធាន កម្លាំង​កងទ័ព​ខ្វះមុខខ្វះក្រោយ បាត់បង់​ការគាំទ្រ​ផ្ទៃក្នុង និង ការ​ងើប​បះបោរ​គ្រប់ទិសទី នៃ ដែនដី​អាណានិគម​របស់ខ្លួន​នៅ អាស៊ី ខាងត្បូង ប្រការនេះ ជា​សញ្ញា​ថា អង់គ្លេស លែងមាន​សមត្ថភាព​គ្រប់គ្រង អាស៊ី ខាងត្បូង ទៀតហើយ ។ ដូច្នេះ រដ្ឋាភិបាល អង់គ្លេស សម្រេចចិត្ត បញ្ចប់​ការត្រួតត្រា ឥណ្ឌា ។​

ថ្ងៃ​ឯករាជ្យ និង ថ្ងៃ​បំបែក​រដ្ឋ​
​ខណៈ​ចលនា ដើម្បី ទាមទារ​ឯករាជភាព​របស់ ឥណ្ឌា កើន​កម្លាំង​កាន់តែខ្លាំង​ទៅៗ​នោះ ពួក​មូ​ស្ល៊ី​ម ឥណ្ឌា នៅ​ភាគ​ពាយ័ព្យ នៃ ប្រទេស ដឹកនាំ​ដោយ​គណបក្ស All India Muslim League ក៏​បង្កើន​ការទាមទារ​បំបែក​ខ្លួន​ចេញពី ឥណ្ឌា ណាស់ដែរ ហើយ​ពួកគេ​បាន​ជួបជុំគ្នា​ពីថ្ងៃ​ទី ២២-២៤ ខែ មីនា ឆ្នាំ ១៩៤០ នៅឯ​ឩ​ទ្យា​ន Iqbal នាទី​ក្រុ ឡា​ហ័​រ ខេត្ត ពុន​ចាប​ចេញ​សេចក្តីប្រកាស មិន​ទទួលយក​ធម្មនុញ្ញ​រប​ស់ ឥណ្ឌា​ដែលមាន​ទំនោរ​ទៅរក ហិណ្ឌូ ។ សេចក្តីថ្លែងការណ៍​នោះ គឺជា​ការប្រកាស​ស្វែងរក​ការបង្កើត​រដ្ឋ មូ​ស្ល៊ី​ម ឥណ្ឌា ឬ ប្រកាស​បំបែក​រដ្ឋ​របស់​ពួក មូ​ស្ល៊ី​ម ចេញពី ឥណ្ឌា ហើយ​ការជួប​ជុំនោះ​ត្រូ​បាន​គេ​ហៅថា បដិវត្តន៍ ទីក្រុង ឡា​ហ័​រ ។ ឆ្នាំ ១៩៤៦ សភា ឥណ្ឌា បាន​ទទូច​ទាមទារ​ថា “ ឥណ្ឌា មានតែ​មួយ គឺ​គ្មាន​ការ​បំបែក​រដ្ឋ​ឡើយ “ ។ ប៉ុន្តែ​ពួក មូ​ស្ល៊ី​ម បាន​បដិសេធ​ដាច់ខាត​មិន​ព្រម​នៅ​រួមរស់​ជាមួយ ឥណ្ឌា ដែល​លើកតម្កើង​តែ​ពួក ហិណ្ឌូ ឡើយ ។

​ពេលនោះ​មានការ​ចរចា​មួយ​រវាង​រដ្ឋាភិបាល ឥណ្ឌា និង ពួក​មេដឹកនាំ នយោបាយ មូ​ស្ល៊ី​ម ឥណ្ឌា ដោយ​ការចរចា​នោះ​ផ្តួចផ្តើម​រៀបចំ និង ដឹកនាំ​ដោយ អាណានិគម អង់គ្លេស​ដោយបាន​លើក សំណើ​ថា​នឹងធ្វើ​វិមជ្ឈការ គឺ​ផ្តល់​អំណាច​ច្រើនជាង​មុន​ទៅឱ្យ​រដ្ឋាភិបាល​មូលដ្ឋាន​ពោលគឺ​ឱ្យ ពួក មូ​ស្ល៊ី​ម ឥណ្ឌា ។ ប៉ុន្តែ ការចរចា​នេះ​បាន​បរាជ័យ​ដោយសារ​សំណើ​នោះ​ត្រូវបាន​បដិសេធ ទាំង​ខាង​រដ្ឋាភិបាល ឥណ្ឌា ពោលគឺ​រដ្ឋាភិបាល​មិន​ព្រម​ផ្តល់​អំណាច​ឱ្យ​ពួក មូ​ស្ល៊ី​ម ចំណែក ពួក​មេដឹកនាំ​នយោបាយ មូ​ស្ល៊ី​ម ក៏​មិន​ព្រម​ទទួលយក​សំណើ​នោះ​ដូចគ្នា គឺ​ពួកគេ​ត្រូវការ​តែ ការ​បំបែក​រដ្ឋ​ចេញពី ឥណ្ឌា ជាដាច់ខាត ជាហេតុ​នាំឱ្យមាន​កូដកម្ម​នានា​ជាច្រើន​ដែល​ពួក ហិណ្ឌូ ធ្វើ​កូដកម្ម​ប្រឆាំងនឹង​ការ​បំបែក​រដ្ឋ ចំណែក​ពួក មូ​ស្ល៊ី​ម ធ្វើ​កូដកម្ម​ទាមទារ​បំបែក​រដ្ឋ ។

​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៤៧ នាយករដ្ឋមន្ត្រី អង់គ្លេស លោក Clement Attlee បានប្រកាស​ជា​ផ្លូវការ ថា រដ្ឋាភិបាល អង់គ្លេស នឹង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​យ៉ាង​ពេញលេញ​ទៅឱ្យ ឥណ្ឌា វិញ​មិន​ហួស ពី​ខែ មិថុនា ឆ្នាំ ១៩៤៨ ។ នៅ​ថ្ងៃ​តី ៣ ខែ មិថុនា ឆ្នាំ ១៩៤៧ រដ្ឋាភិបាល អង់គ្លេស បានប្រកាស ថា គោលការណ៍ នែ ការបង្កើត​រដ្ឋ ឯករាជ្យ​ពីរ នៃ ឥណ្ឌា អង់គ្លេស ត្រូវបាន​ទទួលយក ពោលគឺ អង់គ្លេស គាំទ្រ​ការ​បំបែក​រដ្ឋ ។​

​តំណាង​ស្តេច អង់គ្លេស លោក Mountbatten បានជ្រើសរើស​យក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៤៧ ជា​ខួប​ឆ្នាំ​ទី​២ ដែល​ជប៉ុន ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី​២ ធ្វើជា​ថ្ងៃ​សម្រាប់​ប្រគល់​អំណាច ឬ​ឯករាជ្យភាព ទៅឱ្យ​ឥណ្ឌា ។ ចាប់ពី​ឆ្នាំ​១៩៥០ មក ថ្ងៃទី​២៦ ខែមករា ត្រូវបាន​ប្រារព្ធ​ជា ទិវា​សាធារណៈ ។​

​ប៉ុន្តែ​ខណៈពេលដែល អង់គ្លេស ប្រគល់​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង ឬ​ប្រគល់​ឯការ​ជ​ភាព​ទៅឱ្យ ឥណ្ឌា​វិញ​នោះ អង់គ្លេស ក៏បាន​ព្រម​ទទួលយក​សំណើសុំ​បំបែក​រដ្ឋ​របស់​ពួក មូ​ស្ល៊ី​ម ឥណ្ឌា ដែរ ដោយ​មន្ត្រី​តំណាង អង់គ្លេស បានជ្រើសរើស​យក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៧ ធ្វើជា​ថ្ងៃ ប្រគល់​អំណាច ទៅឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន ឬ​និយាយ​ម្យ៉ាង​ទៀតថា ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៧ គឺជា​ទិវា​បង្កើត​រដ្ឋ​ប៉ា​គី​ស្ថាន គឺជា​រដ្ឋ​ឯករាជ្យ​មួយ​របស់​ពួក​មូស្លីម​ឥណ្ឌា ៕ ស្រាវជ្រាវ ប្រែ​សម្រួល​៖ មេសា​

ចលនា​តស៊ូ​អហិ​ហ្សា​រ ដឹកនាំ​ដោយ​លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី ដើម្បី​ឯករាជភាព ឥណ្ឌា
ក្បួនព្យុហយាត្រា​កងទ័ព​ឥណ្ឌា​នៅ​ទិវា​ឯករាជ្យ​ជាតិ
​រដ្ឋធានី ញូ​វ​ដេលី នៃ ប្រ​ទែស ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម