វេ​ណេ​ស៊ុយអេ​ឡា​ដាក់គុក​មនុស្ស​១៥​នាក់​ចំពោះ​ការឈ្លានពាន​មិនបាន​សំរេច​

181
ចែករម្លែក

​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​សុក្រ​ទី​១៤​សីហា​បាន​កាត់ទោស​ដាក់គុក​ម​នុស្ស​១៥​នាក់​រយៈពេល​ជាង​២​ទសវត្សរ៍ ចំពោះ​ផែនការ​ការឈ្លានពាន​មិនបាន​សំរេច​ដែល​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​និយាយថា​ជា​ការប៉ុនប៉ង​ផ្តួលរំលំ​រូបលោក​។​

​ការកាត់ទោស​នេះ​កើត​ឡើង​នៅ​មួយ​សប្តាហ៍​ក្រោយ​អតីត​ទាហាន​អាម៉េរិក​២​នាក់ ត្រូវបាន​កាត់ទោស​ដាក់​គុក​២០​ឆ្នាំ​ចំពោះ​ផែនការ​ដែល​ត្រូវបាន​បំផ្លាញចោល​ភ្លាមៗ នៅពេល​ខ្មាន់កាំភ្លើង​បាន​ឆ្មក់​ឡើង​​ឆ្នេរ​ប្រទេស​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​នេះ​កាលពី​ខែ​ឧសភា​។​

​ក្នុងចំណោម​អ្នក​ត្រូវ​ដាក់ទោស​ជាប់គុក​២៤​ឆ្នាំ គឺ​ជា​អតីត​អនុសេនីយ៍ឯក អង់​តូ​ញ៉ូ សេកេ ដែល​ជាប់ចោទ​ពី​បទ​ដឹកនាំ​ប្រតិបត្តិការ​ក្បត់​នេះ​។​

​លោក​ម៉ា​ឌូ​រ៉ូ អះអាងថា វា​ជា​ផែនការ​ធ្វើ​ឃាត​រូបលោក និង​បន្តុប​មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ ជំនួស​រូបលោក​។​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​(​វេ​ណេ​ស៊ុយអេ​ឡា​) ចោទប្រកាន់​ប្រធានាធិបតី​អាម៉េរិក​លោក​​ដូ​ណា​ល់ ត្រាំ ថា ជា​អ្នកបញ្ជា​ផ្ទាល់​ប្រតិបត្តិការ​ដែល​ជន​វាយប្រហារ​៨​នាក់​ត្រូវបាន​សម្លាប់​។​

​ការកាត់ទោស​នេះ​ក៏​កើតឡើង​ចំ​ពេល​អាម៉េរិក​អះអាងថា ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​៤​គ្រឿង​ដែល​ដឹក​ប្រេង​ទៅ​អោយ​វេ​ណេ​ស៊ុយអេ​ឡា​។​

​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​និយាយថា «​ជាមួយនឹង​ការជួយ​ពី​ដៃគូ​បរទេស ទ្រព្យសម្បត្តិ​ទាំង​នេះ​ឥឡូវ​ស្ថិតក្រោម​ការ​ឃុំឃាំង​របស់​អាម៉េរិក​»​បន្ទាប់​ពី​ក្រសួង​បាន​ចេញ​ដីកា​ចាប់​នាវា​ដឹក​ប្រេង​Bella, Bering, Pandi និង Luna​កាលពី​ខែ​មុន​។​

​កាសែត​The Wall Street Journal កាលពី​ថ្ងៃ​១៣​សីហា​បាន​រាយការណ៍​ថា នាវា​ទាំងនេះ​ត្រូវបាន​ចាប់​នៅ​សមុទ្រ​និង​កំពុង​ត្រូវបាន​នាំ​ទៅ​កាន់​ទីក្រុង​ហោ​ស្តុន​៕

​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ និយាយថា អាម៉េរិក​ជា​អ្នកបញ្ជា​ផែនការ​ធ្វើ​ឃាត​រូបលោក​

ទីតាំងផ្សាយពាណិជ្ជកម្ម