វៀតណាម​ត្រៀម​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩​ពី​រុស្ស៊ី​និង​អង់គ្លេស​

321
ចែករម្លែក

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​សីហា​ថា ខ្លួន​បាន​ចុះបញ្ជី​ជា​អ្នក​ជាវ​វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​ឡើង​ដោយ​រុស្ស៊ី​។​

​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេល​វៀតណាម​កំពុង​ប្រឈម​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ជា​ថ្មី​ដែល​បាន​សម្លាប់​មនុស្ស​អស់​២២​នាក់ ។​

​ក្រសួង​ក៏​បាន​និយាយថា ខ្លួន​បាន​ចុះ​ឈ្មោះ​ទិញ​វ៉ាក់សាំង​ពី​អង់គ្លេស​ហើយ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក រួម​មាន​ក្រុមហ៊ុន​អាម៉េរិក ដើម្បី​សុំ​ទិញ​វ៉ាក់សាំង​របស់គេ​​និង​សុំ​ជំនួយ​ដើម្បី​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​វៀតណាម​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា រុស្ស៊ី​ក្លាយជា​ប្រទេស​ទី​១​ក្នុង​ការផ្តល់​ការអនុញ្ញាត​អោយ​ផលិត​និង​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ក្រោយ​ការសាកល្បង​លើ​មនុស្ស​បាន​ត្រឹម​​តែ​ជាង​២​ខែ​។​

​វ៉ាក់សាំង​ឈ្មោះថា Sputnik V​នឹង​ត្រូវ​ផលិត​ចេញ​ទ្រង់ទ្រាយ​ធំ​នៅ​២​សប្តាហ៍​ខាង​មុខ ទោះជា​យ៉ាងណា​វា​បង្ក​ការព្រួយបារម្ភ​ក្នុងចំណោម​អ្នកជំនាញការ​ដែល​សង្ស័យ​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូដាក់​មោទន​​ភាព​ជាតិ​នៅ​ពីមុខ​សុវត្ថិភាព​របស់​មនុស្ស​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ស្តីទី​វៀតណាម ង្វៀន ថាញ់ ឡុង បាន​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​ថា បណ្តា​កន្លែង​ពិសោធន៍​វៀតណាម​បាន​កំពុង​ធ្វើការ​ជា​ខ្លាំង​ដើម្បី​ពិសោធន៍​វ៉ាក់សាំង​កូវី​ដ​១៩​មួយ​លើ​មនុស្ស​នៅ​ចុង​​ឆ្នាំនេះ​។​សូមបញ្ជាក់​ថា ស្ថាប័ន​វៀតណាម​ចំនួន​៤​កំពុង​សិក្សា​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ដោយ​ខ្លួនឯង​និង​លទ្ធផល​ដំបូង​បង្ហាញថា​វិជ្ជមាន​។​

​វៀតណាម​មាន​បំណង​ផលិត​ចេញ​វ៉ាក់សាំង​ផ្ទាល់​របស់​ខ្លួន​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​២៥​ខែ​មុន ជា​ពេល​ដែល​ការឆ្លង​ក្នុងស្រុក​បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង​ក្រោយ​លែង​មាន​ការ​ឆ្លងកូវី​ដ​១៩​អស់​៣​ខែ ជំងឺ​កូវី​ដ​១៩​បាន​រាលដាល​ពី​ទីក្រុង​ដា​ណាំង​ទៅ​កាន់​ទីកន្លែង​១៥​ទៀត​នៅក្នុង​ប្រទេស​វៀតណាម ចម្លង​មនុស្ស​៤៦១​នាក់ និង​សម្លាប់​មនុស្ស​២២​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នកវិទ្យាសាស្ត្រ​ត្រៀម​សំណាក​នៅក្នុង​បន្ទប់ពិសោធន៍​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ក្រុង សេន ភេត​ធឺ​ស្បឺក ប្រទេស​រុស្ស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម