​អភិបាល​រាជធានី​បញ្ជា​ឱ្យ​អង្គភាព​លូទឹក​ស្តារ​ប្រឡាយ​បឹង​ហា​និង​ពង្រីក​ផ្លូវ​

164
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​អង្គភាព​លូទឹក ស្តារ​ប្រឡាយ​បឹង​ហា ប្រវែង ១.០០០​ម៉ែត្រ​ទទឹង​២៧​ម៉ែត្រ​ជាមួយនិង​ពង្រីក​ផ្លូវ​សងខាង​ប្រឡាយ​ប្រវែង​១៥​ម៉ែត្រ ដោយ​ចាប់ពី​គល់ស្ពាន​ព្រៃ​ស​រហូតដល់​បូរី​ប៉េង ហួត ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ព្រំប្រទល់​សង្កាត់​ព្រៃ​ស​និង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​កាយ​មុខទឹក បើកផ្លូវ​ទឹក​ឲ្យ​ទឹក​ហូរ​ទៅកាន់​បឹង​ជើង​ឯង ក្រោយពី​ម្ចាស់​បុរី​ឃាង ហេង ចាក់ដី​ជ្រេ​ល​ចូល​ប្រឡាយ​ជាច្រើន​ម៉ែត្រ​កន្លងមកនេះ​។​

​លោក​ដួង​ចាន់​សារ៉ាត់​ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ការងារ​ខាងលើនេះ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​អនុវត្ត​តាំងពី​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០២០​កន្លងមក​ម្លេះ ពោលគឺ ក្រោយពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​ដួង ចាន់​សារ៉ាត់ បាន​បន្តថា ៖​ពាក់ព័ន្ធ​នឹង​ការងារ​នេះដែរ លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជា​អាជ្ញាធរ​ខណ្ឌ​ចុះ វាស់វែង​និង​បោះ​ព្រំ​កំណត់​ដី​ប្រឡាយ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នៃ​ការស្តារ​ប្រឡាយ​នេះ ដោយសារតែ​កន្លងមក​នេះ ម្ចាស់​បុរី ឃាង ហេង​បាន​ចាក់​អាចម៍ដី​ជ្រេ​ល​ចូលទៅក្នុង​ប្រឡាយ​បឹង​ហា បណ្ដាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ថ្មី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​។​

​មន្ត្រី​ជំនាញ់​បានបញ្ជាក់​ឲ្យ​ដឹងថា ៖​មូល​ហេតុដែល​បណ្ដាលឱ្យ​មានការ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី នៅក្រោយ​សាលាខណ្ឌ​ដង្កោ​នេះ គឺ​ដោយសារតែ​ម្ចាស់​បុរី​ឃាង ហេង ចាក់ដី ចូលទៅក្នុង​ប្រឡាយ បិទផ្លូវ​ទឹក ទើប​ធ្វើឱ្យ​ទឹក ហូរ​មិនទាន់​បង្កឱ្យមាន​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ។​តែ​ក្រោយពី​កាយ​អាចម៍ដី​ចេញ​អស់ ទឹក​ក៏បាន​ស្រក​ពី​លំនៅស្ថាន​ប្រជាពលរដ្ឋ​អស់​ដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម