សម្តេច​ប្រធានរដ្ឋសភា បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

142
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ការងារ នា​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណ​សង្គមនិយម​វៀតណាម នេះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សវនាការ​ជាមួយ លោកស្រី ង្វៀន ធី គឹម​ងិន ប្រធានរដ្ឋសភា​សាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម នៅ​វិមាន​រដ្ឋសភា​វៀតណាម នាទី​ក្រុង​ហាណូយ បន្ទាប់ពី​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព លោក ឡេ ខា ភៀវ អតីត​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។


​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ការសោកស្តាយ​ជាទីបំផុត ចំពោះ​មរណភាព​របស់ លោក ឡេ ខា​ភៀវ ជាការ​បាត់បង់​គួរឱ្យ​ស្តាយ​នូវ​ថ្នាក់ដឹកនាំ​ដ៏​សំខាន់​មួយរូប​របស់​បក្ស កុម្មុយនីស្ត​វៀតណាម និង​ប្រជាជន​វៀតណាម ដែលមាន​គុណូបការៈ​ដ៏​ធំធេង​ចំពោះ​ប្រទេសជាតិ​។ គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំង​ប្រជាជន​កម្ពុជា រួម​និង​ខ្លួន​សម្តេច​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជាមួយ លោកស្រី​ប្រធានរដ្ឋសភា និង​ប្រជាជន​វៀតណាម ព្រមទាំង​គ្រួសារ​នៃ​សព​។ សម្តេច​ប្រធានរដ្ឋសភា សូម​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​សព លោក​ឡេ ខា​ភៀវ សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោកស្រី ង្វៀន ធី គឹម​ងិន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សម្តេច​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម និង​បាន​ឆ្លៀតឱកាស​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព លោក ឡេ ខា​ភៀវ ។

​លោកស្រី​បាន​បញ្ជាក់ថា ការគោរព​វិញ្ញាណក្ខន្ធ​សព លោក ឡេ ខា​ភៀវ ជា​ផ្លូវការ រដ្ឋាភិបាល​រៀបចំ​នៅ​បី​ទីតាំង​ផ្សេងគ្នា គឺ​ទីក្រុង​ហាណូយ ទីក្រុង​ហូជីមិញ និង​ស្រុកកំណើត របស់លោក ឡេ ខា​ភៀវ ផ្ទាល់​។
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង លោកស្រី ង្វៀន ធី គឹម​ងិន បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ចំណងមិត្តភាព​សាមគ្គីភាព​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន​ជា​លំដាប់​។ សម្តេច​ប្រធានរដ្ឋសភា បាន​សាទរ​ដែល​វៀតណាម បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន តាមរយៈ​វីដេអូ ប្រកបដោយ​ជោគជ័យ បើទោះបី​សកលលោក កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្តី​។

​ជាមួយគ្នានេះ សម្តេច​មានសង្ឃឹម​មុតមាំ​ថា មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤១ ដែល​រដ្ឋសភា​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​រៀបចំ តាមរយៈ​វីដេអូ នា​ដើមខែ​កញ្ញា​ក្រោយនេះ ក៏​នឹង​ទទួលបាន​ជោគជ័យ​បន្តទៀត​។ រដ្ឋសភា​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ដើម្បី​រួមសហការ​គាំទ្រ​ឲ្យ​ដល់​មហាសន្និបាត​នោះ ឱ្យ​ទទួលបាន​ជោគជ័យ​។​
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ជាថ្មី ចំពោះ​វៀតណាម ដែល​បាន​ផ្តល់ជំនួយ ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​កសាង​អាគារ​រដ្ឋបាល​រដ្ឋសភា​។

សម្តេច​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ ក្រុមមន្ត្រី​ជំនាញ នៃ​ប្រទេស​ទាំងពីរ កំពុងធ្វើការ​ទៅតាម​នីតិវិធី ទោះបី​មាន​ភាពស្មុគស្មាញ​បន្តិច តែ គណៈកម្មការ​សាងសង់ បាន​ដំណើរការ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​រួច​ហើយនឹង​ឈានទៅ​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដែល​ត្រូវ​ប្រើប្រាស់​ថវិកា​នោះ ដោយ​តម្លាភាព ជាទីបំផុត​។​
​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា ក្នុង​របត់​ថ្មី នៃ​ការ​រាតត្បាត ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​បញ្ហា​តំបន់ និង​ពិភពលោក​មានការ​ប្រែប្រួល​។ កូ​វីដ​១៩ បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ​ទេសចរណ៍​និង​សុខមាលភាព​ជាពិសេស​វា​បានសម្លាប់​អាយុជីវិត​ប្រជាជន​យ៉ាងច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺជា​បញ្ហា​រួម​របស់​ពិភពលោក​។


​កន្លងមក​កម្ពុជា​និង​វៀតណាម បាន​សហការគ្នា​យ៉ាង​ជិតស្និត​ឆ្លើយតប​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ផងដែរ​។​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ ដោយ​សុវត្ថិភាព តាម​ជើងយន្តហោះ​ពិសេស​៕S/

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ការងារ នា​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

ទីតាំងផ្សាយពាណិជ្ជកម្ម