តុលាការ​ចោទ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ពីបទ ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​

137
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​នៃ​អយ្យការ​អ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា នេះ​ថា ក្រោយពី​បាន​សាកសួរ​តាម​នីតិវិធី លោក​ឆាយ ហុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក​សួង​សុ​ភ័​ណ្ឌ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ពីបទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់​ធ្ងន់​ដល់​សន្តិសុខ​សង្គម​តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើប​ប​សួរ​បន្ត​នីតិវិធី​តាម​ច​ច្បាប់​។​

​លោក​គុជ​គឹម​ឡុង​បានបញ្ជាក់​ថា​លោក​សួង​សុ​ភ័​ណ្ឌ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​ការ​ញុះញង់​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន​និង​ការចោទប្រកាន់​មួលបង្កាច់​ទម្លាក់កំហុស​លើ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ថា ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ​។
​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ការ​ញុះញង់​នឹង​បទល្មើស​ជាក់ស្តែង​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​។ បន្ទាប់ពី​ចាប់ខ្លួន​លោក​សួង​សុ​ភ័​ណ្ឌ​ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។
សូមជម្រាបថា ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ បាន​ដឹកនាំ​សមាជិក​របស់ខ្លួន ចុះទៅ​ទីតាំង​បង្គោល​ព្រំដែន​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​និង​និយាយ​ញុះញង់​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ នៅ​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​ការ​ញុះញង់​បំភ្លៃ​ការពិត​រឿង​ព្រំដែន លោក​រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់ពី​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩​មាន​ភាពមិនប្រក្រតី​ច្រើន​ដែល​ធ្វើឱ្យ​ពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​គឺជា​ការ​ប្រឌិត​រឿង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ លោក​រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយពី​បានទទួល​សំណុំរឿង​ពី​សមត្ថកិច្ច​នគរបាល​យុ​ត្តិ​ធ​ម៏​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញារង សេង ហៀ​ង បាន​សាកសួរ​តាម​នីតិវិធី និង បានសម្រេច​ចោទប្រកាន់​ឈ្មោះ រ៉ុង ឈុន ពីបទ​ញុះញង់​បង្កអោយមាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​នីតិវិធី ៕S/

​រូបថត​លោក​សួង សុ​ភ័​ណ្ឌ ពេល​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (​រូប​ថ​តៈ ប៉ូលិស​)
​លោក​សួង សុ​ភ័​ណ្ឌ និយាយ​ញុះញង់​នៅ​ជិត​តុលាការក្រុង​ភ្នំពេញ (​រូប​ថ​តៈ មុនី​រ័ត្ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម