​រដ្ឋបាលខេត្ត​ចេញ​លិខិត​ទៅ​មន្ត្រី​យោធា​ម្នាក់​ត្រូវ​បញ្ឈប់​ការសាងសង់​ចាក់ដី​

178
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានចេញ​លិខិតផ្លូវការ​ទៅ​លោក​គី ជា មន្ត្រី​យោធា​នៃ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ត្រូវ​បញ្ឈប់​ការសាងសង់​ចាក់ដី​លូ​និង​ចេញពី​ដី​ផ្លូវ​រង្វង់​មូល​បឹង​ត្រកួន​ឱ្យមាន​ប្រសិទ្ធភាព​។​ប៉ុន្តែ​មកទល់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២០ អត់​ខ្ចី​អនុវត្ត​ដដែល ។​

យោង​លិខិត​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​លេខ​៥៣១/ ២០​សជណ ចុះ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​ដែល​កាសែត​រស្មី​កម្ពុជា​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ទី​១៩​ខែសីហា​ឆ្នាំ​២០២០ បានឱ្យដឹងថា​៖​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ជម្រាបជូន​លោក​គី ជា រស់នៅ​ភូមិ​បឹង​សុ​ក្រម​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​។​ករណី​លោក​បាន​ចាក់ដី​លុប​យក​ចំណីផ្លូវ​នៅ​ចំណុច​រង្វង់​មូល​បឹង​ត្រកួន​និង​ធ្វើ​រោង​ដាក់កុង​ត្រូល​យក​ភាស៊ី​ចំណតរថយន្ត​ចំ​ពីមុខ​(​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ផ្លូវជាតិ​លេខ​៥៨)​នៅ​ភូមិ​បឹង​សុ​ក្រម​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ។​

​លិខិត​បាន​បន្តថា​៖​ពាក់ព័ន្ធ​ករណីនេះ​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​កន្លងមក​ម្ល៉េះ​ក្រុមការងារ​ខេត្ត​បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​រក​ដំណោះស្រាយ​និង​បាន​ណែនាំ​លោក​គី ជា​អនុវត្ត​កិច្ចការ​មួយចំនួន ។​ទី​១​ចំពោះ​សំណើសុំ​ប្រើប្រាស់​ដី​ចំណី​ផ្លូវជាតិ​លេខ​៥៨​ជាប់​រង្វង់​មូល​បឹង​ត្រកួន​(​ខាងកើត​ផ្លូវជាតិ​)​តាម​សំណើសុំ​ចុះ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩​របស់​ឈ្មោះ​គី​ជា​គឺ​រដ្ឋបាលខេត្ត​មិន​អនុញ្ញាត​នោះទេ ។​

​ទី​២ ត្រូវ​រុះរើ​រោង​ដែល​ដាក់​យក​ភាស៊ី​ចំណតរថយន្ត​ចេញពី​លើដី​ចំណី​ផ្លូវជាតិ​លេខ​៥៨ ត្រង់ចំណុច​រង្វង់​មូល​បឹង​ត្រកួន​ព្រោះ​វា​បានធ្វើឱ្យ​ប៉ះពាល់​មុខទឹក​និង​ក៏​ធ្វើឱ្យប៉ះពាល់​កម្មសិទ្ធិ​អ្នកដទៃ​។​ទី​៣​ត្រូវ​ប្រមូល​លូ​ដែល​ដាក់ពង្រាយ​ចេញពី​ដី​ចំណីផ្លូវ​សា​ធាណៈ​និង​ត្រូវ​រក្សា​ដី​ចំណីផ្លូវ​នេះ​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ​។​ទី​៤​ត្រូវ​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​រួចរាល់​ចេញពី​ដី​ចំណីផ្លូវ​ជាតិ​លេខ​៥៨​ដោយ​ទុក​រយៈពេល​៧​ថ្ងៃជា​កំហិត​។​

​ទី​៥​ហាម​អ្នកពាក់ព័ន្ធ​យក​ដី​ចំណីផ្លូវ​មកប្រើប្រាស​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​ទី​៦​ក្នុងករណី​លោក​មិន​អនុវត្តតាម​ការណែនាំ​ខាងលើនេះ​រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន ។​ហេតុដូចនេះ រដ្ឋបាលខេត្ត​ស្នើ​លោក​គី​ជា​បញ្ឈប់​សកម្មភាព​សាងសង់​ចាក់​បំពេញ​អាចម៍ដី​នៅលើ​ដី​ចំណីផ្លូវ​ជាតិ​លេខ​៥៨ (​ជាប់​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨) ព្រោះ​ធ្វើឱ្យប៉ះពាល់​ដី​ចំណីផ្លូវ​និង​កម្មសិទ្ធិ​អ្នកដទៃ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម