សេចក្តីរាយការណ៍ ៖​កូរ៉េខាងជើង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​អាមេរិក​អំពី​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​

3418
ចែករម្លែក

​សេចក្តីរាយការណ៍​មួយ កាលពី​ថ្ងៃអាទិត្យ​ទី​៨​មេសា បាន​និយាយថា ក្រុមមន្ត្រី​កូរ៉េ​ខាងជើង​បាន​ប្រាប់​សម​ភាគី អាមេរិក​របស់​ពួកគេ​ថា លោក គីម ជុង អ៊ុន មេដឹកនាំ​​កូរ៉េខាងជើង ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ពិភាក្សា​អំពី​ការ លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​ការធានា​មួយ ដែល​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ច​ជំនួប​ជាមួយ ប្រធានា​​ធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ។

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​បំណង​ធ្វើ​ជំនួប​នេះ ត្រូវ​បាន​ស្នើឡើង​ដោយ​ផ្ទាល់​ទៅកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី​វា​ត្រូវបាន​បញ្ជូន​តាមរយៈ​ទីប្រឹក្សា​សន្តិសុខ​​ជាតិ​កូរ៉េខាងត្បូង ម្នាក់​។​

​មន្ត្រី​រដ្ឋបាល​របស់ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​កាសែត The Wall Street Journal កាលពី​ថ្ងៃអាទិត្យ​ថា “​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា លោក គីម ជុង អ៊ុន​មាន​ឆន្ទៈ​​ចង់​ពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​” ។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើឱ្យមាន​ភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នកសង្កេតការណ៍ នៅពេល​ដែល​ខ្លួន​បានប្រកាស កាលពី​ខែ​មុន​ថា ខ្លួន​បាន​យល់ព្រម​នឹង​កិច្ច​ជំនួប​ជា​​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​រវាង លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង អ៊ុន ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ចុងខែ​ឧសភា​៕​ដោយ​៖​សុខា​/sn

​សេចក្តីរាយការណ៍ ថា លោក គីម ជុង អ៊ុន ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​អាមេរិក​អំពី​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​