ម្ភៃ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​បាន​ស្រូបយក​ភ្ញៀវទេសចរ​ដ៏​ច្រើន

285
ចែករម្លែក


​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​នៅ​ថ្ងៃ​សម្រាក​កន្លងមកនេះ កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅកាន់​តំបន់​ធម្មជាតិ​ជាច្រើន​។ លោក ឃិន ម៉េង​ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ​នៃ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​របស់ ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា​ថ្វី​ត្បិត​កម្ពុជា កំពុង​ប្រឈម នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​កម្ពុជា​ទទួលបាន​សន្ទុះ​ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​បានធ្វើ​ដំណើរ​ទៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នានា នៅ​ទូទាំងប្រទេស ក្នុងអំឡុងពេល​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ខែ្មរ ចាប់ពី​ថ្ងៃទី ១៧-២១ ខែសីហា កន្លងទៅនេះ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ។​

​លោក ឃិន ម៉េង​ឃាង បាន​បង្ហាញថា​កំណើន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុងអំឡុង​សម្រាក​​សង​ពិធីបុណ្យ​ចូលឆ្នាំ គឺជា​ក្តីសង្ឃឹម​របស់​ប្រជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​។​
​តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល​៤​ថ្ងៃ (១៧-២០ ខែសីហា ឆ្នាំ​២០២០) មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​ជាង ១,១​លាន​នាក់ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស ដែល​ក្នុងនោះ​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រួម​មាន​៖ ខេត្តសៀមរាប ខេត្ត​កែប ខេត្តកំពត ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ ខេត្តកោះកុង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និង​ខេត្តរតនគិរី​។ ភ្ញៀវទេសចរ​ភាគច្រើន​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​ទេសភាព​ធម្មជាតិ​ព្រៃឈើ វាលស្មៅ តំបន់ឆ្នេ​សមុទ្រ តំបន់​ទឹកធ្លាក់ តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ តំបន់​វប្បធម៌ និង​សហគមន៍​ទេសចរណ៍​។​

ជាមួយគ្នានេះ សហគមន៍​តំបន់ការពារធម្មជាតិ ជាពិសេស​សហគមន៍​ដែលមាន​សក្តានុពល​ធន​ធាន​ធម្មជាតិ បានរៀបចំ និង​ទទួល​ស្វាគមន៍ ភ្ញៀវទេសចរ​តាមរយៈ​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​សំខាន់ៗ​រួមមាន​៖ ចំណត កន្លែង​អង្គុយ​សម្រាកលំហែ​ជា​លក្ខណៈ​គ្រួសារ ម្ហូបអាហារ​សហគមន៍ សេវាកម្ម​ដឹកជញ្ជូន និង​នាំ​ភ្ញៀវ (​គោយន្ត ទូក ម​គ្គុ​ទេស​ក៏​សហគមន៍​) ផ្ទះ​ស្នាក់ បោះតង់ ទឹកធ្លាក់ ការ​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ និង​ការសំដែង​សិ​ល្បះ របាំ​វប្បធម៌ នៅតាម​មូលដ្ឋាន ដែល​សេវាកម្ម​ទាំងនេះ បានផ្តល់ នូវ​ប្រាក់ចំណូល​ផ្ទាល់ និង​ចំណូល​ប្រយោល​ដល់​សហគមន៍​មូលដ្ឋាន​។

​និន្នាការ​កើនឡើង នូវ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់ការពារធម្មជាតិ គឺជា​សញ្ញាណ​ថ្មី​បង្ហាញថា ប្រជាជន​កម្ពុជា​យើង កាន់តែ​បណ្តុះ គំនិត​ស្រលាញ់​ធម្មជាតិ និង​ចូលរួម​ថែរក្សា ស្តារ និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ក៏ដូចជា​ការរួមចំណែក​លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​សហគមន៍​មូលដ្ឋាន​។​

​តាម​ការអង្កេត​តាម​សហគមន៍​ទេសចរណ៍​ចំនួន ២០ ក្នុង​តំបន់ការពារធម្មជាតិ ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​រយៈពេល​ឈប់សម្រាក​ចំនួន ៥​ថ្ងៃ (១៧-២១ សីហា ឆ្នាំ​២០២០) មាន​ភ្ញៀវទេសចរ ចំនួន ១០០,០០០​នាក់ (​ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​ចំនួន ៧០០​នាក់​) បានធ្វើ​ដំណើរ​ទៅ​លំហែ​កម្សាន្ត​នៅ តាម​សហគមន៍​ដែល​ក្នុងនោះ​សហគមន៍​ជា​គោលដៅ​ទេសចរណ៍​សំខាន់​រួមមាន​៖
១. សហគមន៍​ទេសចរណ៍​បឹង​យក្ខ​ឡោម (​ខេត្តរតនគិរី​)៖ មាន​ភ្ញៀវទេសចរ​ចំនួន ២៤៩៥៨​នាក់ ។​
២. សហគមន៍​ទេសចរ​ណ៏​ទឹកធ្លាក់​ថ្ម​ក្រាល (​ខេត្តកំពង់ឆ្នាំង​)៖ មាន​ភ្ញៀវទេសចរ​ចំនួន ១១៩៦៣​នាក់​។​
៣. សហគមន៍​ទេសចរណ៍​ពាម​ក្រសោប (​ខេត្តកោះកុង​)៖ មាន​ភ្ញៀវទេសចរ​ចំនួន ១១០២១​នាក់​។​
៤. សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង​(​ខេត្តពោធិ៍សាត់​)៖​មាន​ភ្ញៀវទេសចរ​ចំនួន​១០១១៨​នាក់​។​
៥. សហគមន៍​ទេសចរណ៍​ស្រែអំពិល (​ខេត្តកំពង់ឆ្នាំង​)៖ មាន​ភ្ញៀវទេសចរ​សរុប​ចំនួន​៩៤៨៧​នាក់​។​
៦. សហគមន៍​ទេសចរណ៍​បឹង​លំ​កុ​ដ (​ខេត្តរតនគិរី​)៖ មាន​ភ្ញៀវទេសចរ​ចំនួន ៧៤២១​នាក់​។​
៧. សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ភ្នំ​ជ្រាវ (​ខេត្តកំពង់ស្ពឺ​)៖ មាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៧២៤៣​នាក់​។​
៨. សហគមន៍​ទេសចរណ៍​ថ្ម​រូង (​ខេត្ត​ព្រះសីហនុ​)៖ មាន​ភ្ញៀវទេសចរ​ចំនួន​៥០៥៧​នាក់​។​
៩. សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត (​ខេត្តកំពត​)៖ មាន​ភ្ញៀវទេសចរ​ចំនួន ៣៧៨១ នាក់​។​
១០. សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អន្លង់​ស្វាយ (​ខេត្តកំពង់ឆ្នាំង​)៖ មាន​ភ្ញៀវ​ទេចរ​ចំនួន ៣៥០០​នាក់​។​
​តាម​ការអង្កេត​ជាបឋម​បាន​បង្ហាញថា​ភ្ញៀវទេសចរ​ម្នាក់​បាន​ចំណាយ​ជា​មធ្យម​នូវ​ថវិកា​ចំនួន ២៥ ដុល្លារ​អាមេរិក​ក្នុង​ចំនួន​១​ថ្ងៃ លើ​មធ្យោបាយ​ធ្វើដំណើរ អាហារ ការ​ស្នាក់នៅ កន្លែង​ឬ​តូប​អង្គុយ​សម្រាកលំហែ និង​សេវាកម្ម​ទេសចរណ៍​ផ្សេងទៀត​ក្នុង​សហគមន៍​៕​R/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម