កូរ៉េខាងត្បូង​ពង្រីក​វិធាន​គម្លាត​សង្គម ដោយសារ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​កើនឡើង​

195
ចែករម្លែក

​កូរ៉េខាងត្បូង​បាន​និយាយ​ដា គោលការណ៍​ណែនាំ​អនុវត្ត​គម្លាត​សង្គម​តឹងរឹង​ឡើង​ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​នេះ​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២៣​ខែសីហា​ខណៈដែល​​ខ្លួន​បង្កើន​ការប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​វីរុស​ជា​ថ្មី​ដែល​ឆ្លង​រាលដាល​ចេញពី​ទីក្រុង​សេ​អ៊ូ​ល​។​

​មជ្ឈមណ្ឌល​កូរ៉េ​សម្រាប់​គ្រប់គ្រង​និង​បង្ការ​ជំងឺ​(KCDC) បាន​រាយការណ៍​ថា​ករណី​ឆ្លង​វីរុស​ថ្មី​ក្នុងស្រុក​ចំនួន ៣១៥​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២១​សីហា​។​វា​ជា​ចំនួន​កើនឡើង​ចំនួន​៣​ខ្ទង់​នៅក្នុង​ករណី​ឆ្លង​​វីរុស​ថ្មីៗ​ក្នុងស្រុក​ដែល​បាន​នាំ​ឱ្យ​ចំនួន​ករណី​ឆ្លង​កើនឡើង​ដល់ ១៧.០០២​នាក់ ជាមួយ​នឹង​ចំនួន​អ្នកស្លាប់​ចំនួន​៣០៩​នាក់​។​

​កូរ៉េខាងត្បូង​បាន​ប្រើ​ប្រព័ន្ធ​ជឿនលឿន​តាមរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​មាន​ជំងឺ​កូវី​ដ​១៩​និង​ធ្វើតេស្តិ៍​រក​វីរុស​ជាទូទៅ​នៅក្នុងកា​រ​ផ្ទុះ​វីរុស​លើកដំបូង​របស់​ខ្លួន​ប៉ុន្តែ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​៤​នៅ​អាស៊ី​នេះ បាន​ជួប​នឹង​ការផ្ទុះ​វីរុស​ជា​បន្ត​បន្ទាប់​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ភាគច្រើន​នៅក្នុង​និង​ជុំវិញ​ទីក្រុង​សេ​អ៊ូ​ល​និង​តំបន់​ជុំវិញ​។​

​នៅ​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​មួយចំនួន​នៅ​ជុំវិញ​នោះ រដ្ឋាភិបាល​បាន​អនុវត្ត​ជា​ថ្មី​នូវ​វិធានការ​គម្លាត​សង្គម​ដោយ​រួម​ទាំង​ការ​រឹតត្បិត​ការជួបជុំ​គ្នា​ច្រើនៗ និង​ហាមឃាត់​ការប្រជុំ​នៅ​ព្រះវិហារ​ខណៈដែល​​បិទ​ក្លឹប​រាត្រី បារ​ខារ៉ាអូខេ អាហារ​ប៊ូ​ហ្វេ និង​ហាង​កាហ្វេ​អ៊ី​ន​ធឺ​ណែ​ត​។​

​ការណែនាំ​ដូចគ្នានេះ​នឹង​ត្រូវ​បាន​ដាក់​អនុវត្ត​នៅ​តំបន់​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​នេះ ចាប់ពី​ថ្ងៃអាទិត្យ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកដំណើរ​ពាក់​ម៉ាស់​ដើរ​នៅ​តាម​ផ្លូវ​មួយ នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម