ឥណ្ឌាកំពុងស្វែងរកអ្នកនៅរស់ ក្រោយរលំបាក់អគារកប់មនុស្សរាប់សិបនាក់

205
ចែករម្លែក

ក្រុមជួយសង្គ្រោះនិងឆ្កែហិតក្លិនកំពុងស្វែងរកអ្នករស់រានមានជីវិតនៅក្នុងកម្ទេចថ្មនៅថ្ងៃអង្គារទី២៥សីហានេះបន្ទាប់ពីអគារផ្ទះល្វែងកម្ពស់ ៥ ជាន់បានដួលរលំ “ដូចសន្លឹកបៀរមួយហ៊ូត្រួតលើគ្នា” នៅភាគខាងលិចប្រទេសឥណ្ឌា ដោយមានមនុស្សរហូតដល់ទៅ ៧០ នាក់កប់នៅក្រោមគំនរបាក់បែក។

ឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទនៅក្នុងទីក្រុងម៉ាហាដភាគខាងត្បូងទីក្រុងមុំបៃនេះ បានបង្ខំឱ្យក្រុមឆ្លើយតបគ្រោះមហន្តរាយចំនួន ៣ ធ្វើការទាំងយប់។

ក្រុមមន្រ្តីបាននិយាយថា អ្នកស្រុកជាច្រើននាក់នៃផ្ទះលែ្វងចំនួន ៤៧ ខ្នងនៅខាងក្នុងអគារមួយនេះបានរួចផុតពីគ្រោះថ្នាក់ ពីព្រោះពួកគេបានភៀសខ្លួនចេញពីទីក្រុងជាស្រេចដើម្បីគេចពីការឆ្លងជំងឺកូវីដ១៩។

មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែការដួលរលំអគារគឺជារឿងធម្មតាក្នុងអំឡុងរដូវភ្លៀងមូសុងខែមិថុនា – កញ្ញានៅឥណ្ឌា ដោយសារសំណង់ចាស់ៗភាគច្រើនរលើងគ្រឹះអំឡុងពេលភ្លៀងឥតឈប់។

អ្នកនាំពាក្យកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិលោកស្រីសាចិន្តាណាត ហ្គាវដេ បានប្រាប់អ្នកយកព័ត៌មានថា រហូតមកទល់ពេលនេះក្រុមសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះម្នាក់គត់។

ការប៉ាន់ស្មាននៃចំនួនអ្នកនៅជាប់ក្នុងអគារគឺចន្លោះពី ២០ ទៅ ៧០ នាក់ ព្រោះមនុស្សរាប់សិបនាក់រត់គេចខ្លួនទាន់ នៅពេលអគារចាប់ផ្តើមរញ្ជួយ៕ ដោយ៖ កញ្ញាដាលីស

អគារនៅទីក្រុងម៉ាហាដរលំកាលពីយប់ថ្ងៃចន្ទកប់មនុស្សប្រហែល ៧០ នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម