ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ផ្ដាច់​ជីវិត​មនុស្ស​ជិត​១០០​នាក់ នៅ​ប៉ា​គី​ស្ថាន​

229
ចែករម្លែក

​ភ្លៀង​ធ្លាក់​រយៈពេល ៣ ថ្ងៃ​ជាប់ៗ​គ្នា​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៩០ នាក់ និង​បង្ក​ការខូចខាត​ផ្ទះ​ប្រជាជន​អស់​ប្រមាណ ១.០០០ ផ្ទះ​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន រួម​ទាំង​ទីក្រុង​កំពង់ផែ​កា​រ៉ា​ជី ផងដែរ​ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រទេស​ប៉ា​គី​ស្ថាន បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​សីហា​។​

​ផ្លូវថ្នល់ និង​ផ្ទះ​ជាច្រើន​ត្រូវបាន​ជន់​លិច​ដោយ​ទឹក​សម្អុយ​ពាសពេញ​ទីក្រុង​កា​រ៉ា​ជី ដោយសារ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ទឹក​សម្អុយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម គ្មាន​ការកែលម្អ​។

​យោង​តាម​គណៈកម្មាធិកា​រ​នេះ​ឱ្យដឹងថា ក្នុងចំណោម​អ្នកស្លាប់​សរុប​មានដូចជា ៣១ នាក់​នៅ​ខេត្ត​ស៊ី​ង ២៣​នាក់​នៅ​ខេត្ត​ឃី​បឺ ប៉ាក​ទុន​ខ្វា ១៣​នាក់​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន ៨​នាក់​នៅ​ខេត្ត​ពុន​ចាប​ ១៣ នាក់​នៅ​ភាគ​និរតី​នៃ​ប្រទេស ក្នុងនោះ​រួម​ទាំង ៣ នាក់​នៅ​តំបន់​កា​ស្មៀ ប៉ែក​ខាង​ប៉ា​គី​ស្ថាន គ្រប់គ្រង​ផងដែរ​។

​តាម​ការរំពឹង​ទុក​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​កា​រ៉ា​ជី ដែល​លោកនាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន ខាន់ កាលពីដើម​ខែ​នេះ​បាន​បញ្ជូន​កងទ័ព​ទៅ​ជួយ​អាជ្ញាធរ​មូលដ្ឋាន​បូមទឹក​ភ្លៀង​ចេញពី​​តំបន់​លំនៅដ្ឋាន​ដែល​លិច​ទឹក​។​

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ ទីក្រុង​ជា​ច្រើន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​ឈឺក្បាល​ដោយសារ​បញ្ហា​ជំនន់​ទឹកភ្លៀង​ប្រចាំឆ្នាំ​អំឡុង​រដូវវស្សា ដែល​ចាប់ផ្តើម​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ធ្វើឱ្យ​មហាជន​រិះគន់ថា​​បណ្ដាល​មក​ពី​ការធ្វើ​ផែន​ក្រុង​ការ​មិន​ល្អ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទឹកភ្លៀង​នាំអោយ​ទឹក​ច្រាល​ចេញពី​លូ​លិច​ក្រុង​កា​រ៉ា​ជី​

ទីតាំងផ្សាយពាណិជ្ជកម្ម