វិទ្យាល័យបាក់ទូកត្រូវបានក្រសួងអប់រំជ្រើសរើសឲ្យបើកដំណើរការឡើងវិញមុនគេ

140
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថា នៅថ្ងៃខាងមុខនេះក្រសួងនឹងធ្វើការជ្រើសរើសវិទ្យាល័យបាក់ទូកឱ្យ ជាសាលារៀនដំបូង ដែលត្រូវបើកឲ្យដំណើរការឡើងវិញមុនគេ ។

ការបញ្ចេញឱ្យដឹងបែបនេះធ្វើឡើងដោយ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា នៅក្នុងកិច្ច ប្រជុំស្ដីពី “លទ្ធភាពក្នុងការរៀបចំ បើកសាលារៀនសាធារណៈឡើងវិញសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២” នៅថ្ងៃ២៥ ខែសីហា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំនេះដែរ លោកណាត ប៊ុនរឿនបានបញ្ជាក់ឱ្យដឹងថា សម្រាប់លទ្ធភាព​នៃការបើកសាលារៀនឡើងវិញ គេបានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀន​ដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួន​សិស្សចន្លោះពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សាការសិក្សា​លើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពាក់ព័ន្ធក្នុងរឿងនេះលោករដ្ឋលេខាធិការបានថ្លែងដែរថា“ចំពោះវិទ្យាល័យបាក់ទូក​ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយ សារមាន​ចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស”។

ព្រមជាមួយគ្នានេះ​លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឲ្យមានការ​ប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ និងអាច ទាញ យកផលប្រយោជន៍ សម្រាប់ពេលអនាគត ដោយបន្តនិរន្តរភាពបច្ចេកវិទ្យា ៕ dp/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម