ពួក​អ្នកជំនាញ​យោធា​ព្រមាន​ថា​អាមេរិក​មិនទាន់​ត្រៀមខ្លួន​សម្រាប់​ស​ង្គ្រា​ម​ផ្កាយ ខណៈ​ចិន​និង​រុស្ស៊ី​បាន​ត្រៀម​រួចជាស្រេច​

1582
ចែករម្លែក

​ពួក​សមាជិកសភា​និង​អ្នកជំនាញ​ខាង​យោធា​បាន​ប្រមើល​មើលឃើញ​លទ្ធភាព​នៃ​សង្គ្រាម​នៅក្នុង​លំហ​អាកាស​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​ទៀត​នេះ​។​

​រហូតមកទល់​ពេល​ថ្មីៗ​នេះ បញ្ហា​នេះ​មិនត្រូវ​បាន​គេ​យកមក​និយាយ​ទេ ព្រោះ​បញ្ហា​ដទៃទៀត​ដូចជា​សង្គ្រាម​នៅលើ​ភពផែនដី​របស់​យើង​និង​អំពើ​ភេរវកម្ម​កំពុង​កើតមាន​រាល់ថ្ងៃ​។​

​របាយការណ៍​ថ្មី​មួយ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ថា​សង្គ្រាម​អវកាស​អាច​កើតឡើង​លឿន​ជាង​មនុស្ស​ភាគច្រើន​គិត​ទៅទៀត ហើយ​មេដឹកនាំ​ពិភពលោក​ដូចជា សហរដ្ឋអាមេរិក មិនបាន​ត្រៀមខ្លួន​ដូច​ប្រទេស​ដទៃទៀត​នោះទេ​។​

​យោងតាម​វេ​ប​សាយ Politico បានឱ្យដឹងថា ក្រសួងការពារជាតិ​អាមេរិក​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​មិនទាន់​ត្រៀមខ្លួន​សម្រាប់​ស​ង្គ្រា​ម​អវកាស​ទេ ខណៈដែល​ប្រទេស​រុស្ស៊ី​និង​ចិន​បាន​បង្កើត​បច្ចេកវិជ្ជា ដែល​អាច​បំផ្លាញ​ផ្កាយរណប​ដ៏​មាន​សារៈសំខាន់​សម្រាប់​កិច្ចការ​ចាំបាច់​រាល់ថ្ងៃ ចាប់ពី​ម៉ាស៊ីន ATM រហូតដល់​កម្មវិធី​ទូរស័ព្ទ​ដូចជា Uber Eats ជាដើម​។​

​ផ្កាយរណប​ទាំងនោះ​ក៏ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ស៊ើបការណ៍​សម្ងាត់ និង​បញ្ជា​ទិស​គ្រាប់បែក មី​ស៊ី​ល និង​ដ្រូ​ន​ផងដែរ​។​

​លោក ស្ទី​វ អ៊ី​សាក​កូ​វីត (Steve Isakowitz) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អវកាស Aerospace Corp បាន​ប្រាប់​វេ​ប​សាយ Politico ថា “​ឥឡូវនេះ​យើង​កំពុង​ខិតជិត​ចំណុច​មួយ ដែល​រឿង Star Wars មិន​គ្រាន់តែ​ជា​ខ្សែភាពយន្ត​នោះទេ​”​។​

​មន្ទីរ​បញ្ច​កោណ​បាន​បម្រុង​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រឹង​ការការពារ​របស់ខ្លួន​ប្រឆាំងនឹង​អាវុធ​ប្រឆាំង​ផ្កាយរណប​និង​ការ​បង្វឹក​កងទ័ព​ដើម្បី​រស់រាន​នៅក្នុង​លំហ​អាកាស​។​

​ការបារម្ភ​នេះ​បានកើត​ឡើង​រាប់​ឆ្នាំ​មកហើយ គឺ​តាំងពី​ទសវត្សរ៍ ១៩៨០ ។​

​យោងតាម​វេ​ប​សាយ Politico អតីតរដ្ឋមន្ត្រី​ការពារជាតិ លោក ដូ​ណា​ល់ រ៉ាំ​ស្វៀ​ល បាន​សរសេរ​ក្នុង​របាយការណ៍​ឆ្នាំ ២០០១ យ៉ាង​ដូច្នេះ «​ប្រសិនបើ​អាមេរិក​ចង់​បញ្ចៀស “​ភៀ​ល​ហា​បឺ​នៅ​លំហ​អាកាស​” អាមេរិក​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​អំពី​លទ្ធភាព​នៃ​ការវាយប្រហារ​មកលើ​ប្រព័ន្ធ​អវកាស​របស់​អាមេរិក​»​។

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ផ្តោត​សំខាន់​ជាថ្មី​មកលើ​បញ្ហា​សង្គ្រាម​ផ្កាយ ដោយ​និយាយថា យើង​ត្រូវ​កសាង “​កងកម្លាំង​អវកាស​” ដែល​នឹង​បម្រើការ​ជា​ផ្នែក​មួយ​នៃ​យោធា​អាមេរិក​។

​លោក​ត្រាំ​និយាយ​កាលពី​ខែមីនា​ថា “​យុទ្ធសាស្ត្រ​ជាតិ​ថ្មី​សម្រាប់​អវកាស​របស់ខ្ញុំ គឺ​ត្រូវ​ទទួលស្គាល់ថា អវកាស​គឺជា​ទីលាន​ធ្វើសង្គ្រាម ដូច​នៅលើ​ដីគោក អាកាស និង​សមុទ្រ​ដែរ​”​។

​លោក​បាន​បន្ថែមថា “​យើង​មាន​កងទ័ពអាកាស យើង​ក៏​នឹងមាន​កងកម្លាំង​អវកាស​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម