រដ្ឋមន្ត្រី​កសិកម្ម​និង​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ជជែក​គ្នា​អំពី​ការ​អភិ​វ​ឌ្ឈ​ន៍​ដំណាំ​កសិកម្ម​កម្ពុជា​

147
ចែករម្លែក


ដោយៈ ហេង សីហៈ/ភ្នំពេញ៖លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួបពិភាក្សា​ជាមួយនឹង លោក ផាក ហឿង​យ៉ុង ( Park Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ​សា​ធា រណ​រដ្ឋ​កូរ៉េ កាលពី​ព្រឹក​មិញ អំពី​ការ​អភិ​វ​ឌ្ឈ​ន៍​ដំណាំ​កសិកម្ម​នៅ​កម្ពុជា ។

​នៅក្នុង​ជំនួប​នោះ លោក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ជាក់ស្តែង​គម្រោង​ចំនួន ៣៦​បាននិងកំពុង​អនុវត្ត និង​មួយចំនួន​ត្រូវបាន​បញ្ចប់ ដោយ​រួមទាំង​គម្រោងការ​បណ្តុះបណ្តាល​ធនធានមនុស្ស គម្រោង​ជួយ​លើក​កំពស់​ផលិតភាព​ផលិតកម្ម និង​ពូជ​ដំឡូងបារាំង​នៅ​ខេត្ត​មណ្ឌល​គី​រី​ដែល​សហការ​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម គម្រោង​បង្កាត់​ពូជ​ពោត​នៅ​ស្ថានីយ​បន្ទាយដែក​សហការ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម គម្រោង​ជំរុញ​ផលិតកម្ម​បន្លែ​នៅ​ខេត្ត​មណ្ឌល​គី​រី អគារ​អន្តេវាសិកដ្ឋាន​ថ្មី​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម​តា​ស្អាង ខេត្តស្វាយរៀង​… ដើម្បី​រក្សា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។

​នៅក្នុង​ឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកសំណើរ លោក​ឯកអគ្គរដ្ឋទូត​ពិនិត្យ​ពិចារណា​ដើម្បី​ធ្វើការ​គាំទ្រ​លើ​ការអភិវឌ្ឍ​អនុវិស័យ​សំខាន់​មួយចំនួនទៀត​ដូចជា ការស្រាវជ្រាវ និង​ផលិត ពូជ​ពោត​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម​ពោត​កម្ពុជា​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​សេចក្តីត្រូវការ​សម្រាប់​វិស័យ​ផលិតកម្ម​ចំណី​សត្វ – ការជំរុញ​ផលិតកម្ម​ដំឡូងបារាំង និង​ការផលិត​ពូជ ធានា​បរិមាណ​ផ្គត់ផ្គង់ កាត់បន្ថយ​ការនាំ​ចូល – អភិវឌ្ឍ​វារីវប្បកម្ម​ទឹកសាប – ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​លើ​ផលិតកម្ម​បន្លែ (​ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​) ដែល​បច្ចុប្បន្ន​វិស័យនេះ​កំពុងមាន​និន្នាការ​វិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្របតាម​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម – ជួយ​រៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ​កសិផល ជាពិសេស​បន្លែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​។​ល​។

ជំនួបរវាងរដ្ឋមន្ត្រី​កសិកម្ម​និង​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូងអំពី​ការ​អភិ​វ​ឌ្ឈ​ន៍​ដំណាំ​កសិកម្ម​កម្ពុជា​(រូប:ក្រសួងកសិកម្ម)

​ជាថ្មី​ម្តងទៀត លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ដែល​បានអនុញ្ញាត​ឲ្យ​កសិផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ចំនួន ១៨​ប្រភេទ រួចមកហើយ​រួមទាំង​ស្វាយកែវ​រមៀត​ស្រស់​ផង ហើយ​នៅមាន ២​មុខ​ទៀត​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម​កំពុង​ដាក់ពាក្យ​ស្នើសុំ​។

​នាឱកាស​នោះ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​បញ្ជាក់​បន្ថែមថា​វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដូច្នេះ​ក្នុង​អាណត្តិ​របស់លោក នឹង​បន្ត​សហការ និង​គាំទ្រ​នូវ​រាល់​សកម្ម ភាព​គម្រោង​នានា​ដែល​បាននិងកំពុង​អនុវត្ត​ឲ្យ​ដំណើរការ​ទៅដោយ​រលូន និង​សម្រេច​ទទួលបាន​ជោគជ័យ និង​ជាពិសេស​ពិនិត្យ​ពិចារណា​លើ​គម្រោង​ថ្មីៗ​ដែល​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដោយឡែក​ពាក់ព័ន្ធ​នឹង​សំណើរ​របស់លោក​រដ្ឋមន្ត្រី លោក​នឹង​យកទៅ​ពិនិត្យ​ពិចារណា​ឲ្យ បាន​ស៊ីជម្រៅ ដើម្បី​ផ្តល់​ការគាំទ្រ​ជា​ជំហានៗ​តាម​ការចាំបាច់ ក្នុង​បំណង​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​បរិបទ​នៃ​ការប្រកួតប្រជែង​ទីផ្សារ កំណើនប្រជាជន និង​កំណើនសេដ្ឋកិច្ច​។

​សូមបញ្ជាក់ថា កសិផល​កម្ពុជា​ទាំង ១៨​ប្រភេទ ដែល​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​រួមមាន គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់​ក្រៀម ដំណាប់​ស្វាយ ស្វាយ​ស្រស់ ចំណិត​ផ្លែ ញ​ក្រៀម ម្សៅ​ញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់​ផ្លែ​ម្នាស់ ផ្សិត​លីង​ជឺ សណ្តែក​ផ្កាយ ស្លឹក​ទៀបបារាំង ម្សៅ​ម្រុំ និង​ស្លឹកគ្រៃ​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម