សក្ដានុពល​សេដ្ឋកិច្ច និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ជា​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​

234
ចែករម្លែក


ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​សហការី បានទទួល​ស្វាគមន៍ និង​ធ្វើ​បទ​បង្ហាញ​ពី​សក្ដានុពល​សេដ្ឋកិច្ច លក្ខខណ្ឌ​អំណោយផល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ជូន​ប្រតិភូ​ក្រុមហ៊ុន ភី​ផល អ៊ែន ផឺ​រ​សិន (People &Person) ដឹកនាំ​ដោយ​លោក​លី ជីន​ហូ (Lee Jinho) ជា​ប្រធាន​ក្រុមហ៊ុន ។​

​លោក​លី ជីន​ហូ ប្រធាន ក្រុមហ៊ុន ភី​ផល អ៊ែន ផឺ​រ​សិន​បានឱ្យដឹងថា​ក្រុមហ៊ុន​បាននិង​កំពុង​មមាញឹក​ផលិត​ម៉ាស៊ីន​ប្ដូរ​សម្ពាធ​ខ្យល់​, ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ និង​សម្ភារៈ​បរិក្ខា​ពេទ្យ​​​មួយចំនួនទៀត និង​ត្រៀមខ្លួន​លើក​រោងចក្រ​របស់ខ្លួន​ទៅ​តាំងនៅ​ប្រទេស​កម្ពុជា ព្រមទាំង​ត្រៀម​ធ្វើការ​ស្រាវជ្រាវ​ផលិត​បរិក្ខា​ពេទ្យ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ជាការ​ប្រកួត​ប្រជែង​​ជាមួយនឹង​ផលិតផល​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ផងដែរ​។​


ក្នុងឱកាស​នោះ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​អះអាងថា​៖ ការអូសទាញ​វិនិយោគិន មក​បណ្ដាក់ទុន​នៅ​កម្ពុជា​នេះ គឺ​មិន​គ្រាន់តែ​ជា​ឱកាស​ក្នុង​ការផ្ដល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ប៉ុន្តែ​ជាការ​ផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់​ប្រជាជន​នៃ​ប្រទេស​យើង​ផងដែរ​។​


​ជាមួយគ្នា​នោះដែរ​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់ថា​៖​គេ​នឹង​ត្រៀម​ចេញទៅ​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ឱ្យ​ស៊ីជម្រៅ​បន្ថែមទៀត ដោយ​ស្ថានទូត​នឹង​រៀបចំ​ឲ្យ​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​ផ្ដល់នូវ​កិច្ចសហការ​ផ្សេងៗ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម