ពិភពលោក​អន្លង់វែង​

429
ចែករម្លែក
(រូបរាប់ពីឆ្វេង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា, ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្ថិ ទី​ប្រឹក្សា​​ពិសេស ​សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស, លោក ហោ​ ជិនវីរយុទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ រូបថតក្នុងអំឡុងទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៅកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ថ្ងៃទី៦​ ខែមីនា ឆ្នាំ២០២០។
(ប្រភពរូបថត៖ ទំព័រហ្វេសប៊ុក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា)
 

ដោយៈឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈលាតសន្ធឹង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​, អន្លង់វែង ផ្តល់នូវ​ឱកាស​និង​បទពិសោធន៍ ក្នុងការ​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ​ជា​លក្ខណៈ​បុគ្គល តាមរយៈ​ការសន្ទនា​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ការធ្វើ​ទស្សនកិច្ច ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ចំណាស់​នានា និង​ការឈ្វេងយល់​អំពី​តំបន់​នេះ ដែល​ស្ថិតនៅក្នុង​ភាព​ដាច់​សង្វែង​នៅឡើយ​។


​ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​រាជធានី​ភ្នំពេញ ឬ​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​នៅក្នុង​ខេត្តសៀមរាប ចំណុច​ពិសេស​របស់​អន្លង់វែង ដែល​បម្រើ​ដល់​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ បរិស្ថាន ឬ​វប្បធម៌ មិន​ស្តែង​ចេញមក​ភ្លាមៗ​ទេ​។ ក៏ប៉ុន្តែ​ទីតាំង​របស់​អន្លង់វែង ក៏ដូចជា​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ​នៃ​ស្រុក​នេះ គឺជា​ធនធាន​ដ៏​វិសេសវិសាល​មួយ​។ អន្លង់វែង ស្ថិតនៅក្នុង​រយៈ​ចម្ងាយ កៀក​ទៅនឹង​ប្រាង្គ​ប្រាសាទ​មួយចំនួន ដែលមាន​ភាពលេច​ធ្លោ និង​ជា​កេរ​មរតក​នៃ​អាណាចក្រ​អង្គរ​ពី​បុរាណកាល ព្រមទាំង​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ទៀតផង​។ អន្លង់វែង ស្ថិតនៅ​រយៈ​ចម្ងាយ​ប្រមាណ​១​ម៉ោង​និង​៣០​នាទី​តែប៉ុណ្ណោះ ប្រសិនបើ​ធ្វើដំណើរ​តាម​រថយន្ត​ពី​ខេត្តសៀមរាប និង​តំបន់​ប្រាសាទព្រះវិហារ​ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​២​ម៉ោង​និង​៣០​នាទី​ទៅ​៣​ម៉ោង ពី​ប្រាសាទ​កោះ​កេរ ដែល​ស្ថិតនៅ​ដាច់​ពី​គេ​និង​ជា​អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​។


​ក្រៅពី​ប្រវត្តិសាស្ត្រ​ពី​បុរាណកាល តំបន់​អន្លង់វែង ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម និង​ជា​ចំណុច​ផ្តោត​មួយ​ដ៏​សំខាន់​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនាម​ជាទី​តាំង​តស៊ូ តំបន់​នេះ​ត្រូវបានធ្វើ​ប្រតិបត្តិការ​ជាទី​ស្នាក់ការ​កណ្តាល​រប​ស់មេ​ដឹកនាំ​ដែលមាន​ឈ្មោះ​អសោច​មួយចំនួន​របស់​ចលនា​តស៊ូ​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត​។ តំបន់​នេះ ប្រមូលផ្តុំ​ទៅដោយ​កេរដំណែល​ជាច្រើន បន្សល់ទុក​ពី​ចលនា​តស៊ូ បន្ទាប់ពី​ការដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ក្នុងនោះ​រួមមាន ប្រវត្តិសាស្ត្រ​នានា​ទាក់ទង​នឹង​ស្តេចត្រាញ់​នៅ​មូលដ្ឋាន​ម្នាក់​ឈ្មោះ តា​ម៉ុក​។ ដោយសារតែ​អន្លង់វែង​មាន​សារសំខាន់​ក្រៃលែង​ចំពោះ​ភាពស្វិតស្វាញ​នៃ​ចលនា​តស៊ូ​របស់​ខ្មែរក្រហម តំបន់​នេះ​គឺជា​ទីតាំង​និមិត្ត​រូបតំណាង​ឲ្យ​ជ័យជម្នះ​ចុងក្រោយ​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​


​គោលនយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​យុទ្ធវិធី​នយោបាយ ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​បំបែក​កងទ័ព​ខ្មែរក្រហម តាមរយៈ​កត្តា​ជំរុញ​ទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ដែល​រុញច្រាន​ទៅកាន់​សន្តិភាព​និង​សមាហរណកម្ម​សាជាថ្មី​ទៅក្នុង​សង្គម​កម្ពុជា​។ គោលនយោបាយ​ឈ្នះ​-​ឈ្នះ តែងតែ​ពិចារណា​លើ​បរិបទ​នយោបាយ របស់​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ផ្សេងៗ​គ្នា គោលនយោបាយ​នេះ តំណាង​ឲ្យ​កត្តា​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​សន្តិសុខ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្នុង​កាលៈទេសៈ​ជាច្រើន គោលនយោបាយ​នេះ មិនទាន់​ត្រូវបានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​សមស្រប ឬ​មិនត្រូវ​បានទទួល​សាទរ​ឲ្យ​បាន​សក្តិសម​នៅឡើយ​ទេ​។ ការសិក្សា​ស៊ីជម្រៅ​មួយ​អំពី​គោលនយោបាយ​ឈ្នះ​-​ឈ្នះ តាមរយៈ​ប្រវត្តិសាស្ត្រ​អន្លង់វែង អាច​នឹង​ផ្តល់​ជា​គោល​គំនិត មេរៀន​ជា​បទពិសោធន៍ និង​ការអនុវត្ត​ន៍ជាក់ស្តែង​ដ៏​ប្រសើរ​បំផុត ដល់​ប្រទេស​ដទៃទៀត ជាពិសេស ថា​តើ​គោលនយោបាយ​នេះ​មាន​ប្រសិទ្ធភាព​យ៉ាងដូចម្តេច​ក្នុងការ​បញ្ចប់​ជម្លោះ​ផ្នែក​នយោបាយ​និង​ផ្នែក​យោធា នៅ​ថ្នាក់មូលដ្ឋាន ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ​។​


​ដោយសារតែ​តំបន់​អន្លង់វែង គឺជា​ទីស្នាក់ការ​កណ្តាល​ដ៏​សំខាន់​នៃ​ចលនា​តស៊ូ​របស់​ខ្មែរក្រហម នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ តំបន់​នេះ​ក៏​ជាទី​តាំង​ពិសេស​មួយ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយ​តំណាង​ឲ្យ​ចំណុចប្រសព្វ​នៃ​មនោគមវិជ្ជា​របស់​សហ​រដ្ឋ​អាមេរិក សហភាពសូវៀត ចិន និង​វៀតណាម ព្រមទាំង​កងកម្លាំង និង​របៀបវារៈ​នយោបាយ​ជាច្រើន​ប្រភេទ ដែល​រួមផ្សំ​បង្កើតបានជា​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សតវត្សរ៍​ទី​២០​។ អន្លង់វែង មិន​ត្រឹមតែ​រំលេច​នូវ​ជម្លោះ​រវាង​នយោបាយ​ទាក់ទង​នឹង​ភូមិសាស្ត្រ​នៃ​ក្រុម​បក្សសម្ព័ន្ធ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​តំបន់​នេះ​បង្ហាញ​អំពី​ជម្លោះ​រវាង​កង​យោធា​និង​សំណល់​ប្រវត្តិសាស្ត្រ ដែល​កំណត់​នូវ​បច្ចុប្បន្នកាល​របស់​យើង​។ តំបន់​អន្លង់វែង ជា​សម្បុក​នៃ​សំណល់​សង្គ្រាម និង​កេរដំណែល​នៃ​យុគសម័យ​ដែល​ហាក់ដូចជា​ត្រូវបាន​បំភ្លេចចោល​។​


​ជា​ចុងក្រោយ អន្លង់វែង គឺជា​តំបន់​ប្រកបទៅដោយ​សម្រស់​ស្រស់ត្រកាល​។ ដោយ​រួមផ្សំ​នូវ​ទឹកធ្លាក់ ទន្លេ ព្រៃព្រឹក្សា និង​ភ្នំ​ដងរែក អន្លង់វែង​ផ្តល់​ជាទី​តាំង​សម្រាប់​ការដើរ​ភ្នំ និង​ដំណើរ​ផ្សងព្រេង​នានា ទៅកាន់​តំបន់​ដែល​ស្ថិតនៅ​ដាច់​សង្វែង​ពី​ទិសដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ផ្សេងៗ​នៃ​ខេត្តសៀមរាប​។​
​ភ្នំ​ដងរែក ផ្តល់នូវ​តម្លៃ​ជាស​កល​មិនអាច​កាត់ថ្លៃ​បាន តាមរយៈ​គោល​គំនិត​នៃ​ប្រវត្តិសាស្ត្រ បរិស្ថាន និង​សម្រស់​ធម្មជាតិ​។ នាពេល​បច្ចុប្បន្ន ទោះបីជា​ជួរ​ភ្នំ​ដងរែក​មាន​តួនាទី​ជា​ព្រំប្រទល់​ធម្មជាតិ ខណ្ឌ​ចែក​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​យ៉ាងណាក៏ដោយ ជួរ​ភ្នំ​នេះ​ធ្លាប់​ជាទី​សម្រាកលំហែ​មួយ​ក្នុងចំណោម​ទីតាំង​ដទៃទៀត ស្ថិតនៅ​ប៉ែក​ឧ​ត្ត​រ​ក្នុង​អាណាចក្រ​ខ្មែរ​។ ជួរ​ភ្នំ​ដងរែក ពោរពេញ​ទៅដោយ​សំណល់​បុរាណវិទ្យា​ជាច្រើន រួមបញ្ចូល​ទាំង​ចម្លាក់​ឆ្លាក់​ជាប់​នឹង​ថ្ម ជ្រលង​គាស់​យក​ថ្ម​នា​បុរាណកាល ក៏ដូចជា​ទីសក្ការៈ​តំណាង​ឲ្យ​ព្រលឹង​ដូនតា និង​ប្រាង្គ​ប្រាសាទ​នានា​។ ភ្នំ​ដងរែក អាច​ចាត់​ចូល​ជាទី​តាំង​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក ក្រោម​មូលហេតុ​ជាច្រើន​ទៀត​។​


​ប្រវត្តិសាស្ត្រ​អាច​នឹងត្រូវ​លើក​យកមក​បង្ហាញ​ក្នុង​សណ្ឋាន​ជាច្រើន ដោយសារ​មូលហេតុ​នេះហើយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើតជា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អន្លង់វែង​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ផ្តួចផ្តើម​បង្កើត​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុក​អន្លង់វែង​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​រួមមាន​បន្ទប់​អំ​ណាន​និង​ថ្នាក់រៀន នៅក្នុង​អតីត​អគារ​ខ្មែរក្រហម​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ថែមទាំង​បានផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល ស្តីអំពី​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​និង​ថ្នាក់ជាតិ ដល់​មគ្គុទេសក៍​ទេសចរណ៍​និង​អ្នកសម្របសម្រួល នៅក្នុង​តំបន់​នេះ​យ៉ាង​ទៀងទាត់​ទៀតផង​។​


​កិច្ចសន្ទនា​តទល់​គ្នា​ជាមួយ​អតីតយុទ្ធជន​ខ្មែរក្រហម និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ក៏ដូចជា​ទស្សនកិច្ច​ថ្មើរជើង​ទៅកាន់​ទីតាំង​ប្រវត្តិសាស្ត្រ​នានា សុទ្ធសឹង​ជា​កិច្ច​ផ្តួចផ្តើម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រួមសហការ​ជាមួយនឹង​ក្រសួងទេសចរណ៍ ដើម្បី​បង្កើតជា​ទិសដៅ​ទេសចរណ៍​ថ្មី​មួយ ដែល​មិន​ធ្លាប់​ត្រូវបាន​ដាក់បញ្ចូល​ជា​ទិសដៅ​ទស្សនា​របស់​ទេសចរ​ពីមុនមក​។​
​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ស្រុក​អន្លង់វែង បង្កើត​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាជន​មូលដ្ឋាន ដែលជា​ក្រុមគ្រួសារ​និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ឬ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែលមាន​ចំនួន​ស្តួចស្តើង​ក្នុង​តំបន់​និង​មិនមែនជា​ផ្នែក​មួយ​នៃ​របប​នេះ​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក៏​ផ្តល់​ជា​បទ​បង្ហាញ​ស្តីអំពី​ប្រវត្តិសាស្ត្រ​និង​កិច្ចពិភាក្សា​ជា​ក្រុម​លើ​ប្រធានបទ​ស្តីពី​សន្តិភាព និង​ថា​តើ​ប្រវត្តិសាស្ត្រ​ក្នុងស្រុក​មាន​ទំនាក់ទំនង​ជាមួយនឹង​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ប្រវត្តិសាស្ត្រ​សហរដ្ឋអាម៉េរិក និង​សហគមន៍​អឺរ៉ុប យ៉ាងដូចម្តេចខ្លះ​។​


​ដូចគ្នា​នឹង​តំបន់​ដទៃ​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ក្រោយ​ជម្លោះ អន្លង់វែង​គឺ​គ្រាន់តែ​ជាផ្នែក​តូច​មួយ​ដែល​ត្រូវបាន​រួមបញ្ចូល​ទៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​និង​តំបន់​តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក្តី ក្នុងនាម​ជា​ករណី​សិក្សា​គំរូ អន្លង់វែង​មិន​ត្រឹមតែ​ជា​បង្អួច​ភ្ជាប់​ទៅកាន់​ប្រវត្តិសាស្ត្រ​ជាតិ​ជារួម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​បង្ហាញ​អំពី​បទពិសោធន៍​ជា​លក្ខណៈ​បុគ្គល​និង​មនុស្សជាតិ​ជារួម ហើយ​សមាសធាតុ​ទាំងនេះ​ស​ក្ដិសម​បំផុត​ចំពោះ​ការយល់ដឹង​អំពី​អនាគត​របស់​យើង​។ ដោយសារ​មូលហេតុ​ទាំងអស់នេះ អន្លង់វែងគឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​និង​អនាគត​ពិភពលោក​៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម