​រឿងអាស្រូវស្ពាន​ទឹកថ្លាមិនទាន់​ធ្វើ​សង​ចប់​ផងមក​ធ្លាយ​រឿង​ក្រុមហ៊ុនតាន់គឹមអេងលុប​ស្ទឹងនៅ​ព្រះ​ពន្លា

514
ចែករម្លែក

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖ រឿងអាស្រូវ​កាយ​ដីស្ទឹង និង​ប៊ិៈ​ប៉ះ​សសរស្ពាន​ទឹកថ្លា នៅ​ក្បាល​មួយ នៃ​ស្ទឹង​សិរីសោភ័ណ នា​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ដែល​បង្កឡើង ដោយ​លោក អ៊ឹង ប៊ុនហួ (​ចឹក​ហួរ ឡឥដ្ឋ​) ពីថ្ងៃ​ទី​២០ ខែសីហា មិនទាន់​ធ្វើ​សង​រដ្ឋ ចប់សព្វគ្រប់​ផង ឥឡូវ មក​ធ្លាយ​រឿង​ក្រុមហ៊ុន តាន់ គឹមអេង ចាក់ដី​លុប​ស្ទឹង​សិរីសោភ័ណ នៅ​សង្កាត់​ព្រះ​ពន្លា ឯណោះ​ទៀត​។​

​រឿងអាស្រូវ​មួយ ករណី​ថ្មី​នេះ ថ្នាក់រដ្ឋបាល នៅ​ខេត្តបន្ទាយមានជ័យ បានអោយ​ត្រឹម រដ្ឋបាល​សង្កាត់​ព្រះ​ពន្លា ចេញ​ជូនដំណឹង ឲ្យ​បញ្ឈប់​ការចាក់ដី លុប​មាត់​ស្ទឹង និង​ហាត​ស្ទឹង ដែល​បង្កឡើង ដោយ​លោក តាន់ គឹម​ហួត នៃ​ក្រុមហ៊ុន តាន់​គឹម អេង ខូ​អិ​ល​ធី​ឌី ។​

​លោក មុំ ប៊ុណ្ណា ចៅសង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ក្នុង​លិខិត​ចុះ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ដែល​បែកធ្លាយ​ដល់​សាធារណជន នៅ​ថ្ងៃទី​២៨ ខែសីហា ថ្មីៗ​នេះ បាន​ជូនដំណឹង​ដល់​លោក តាន់ គឹម​ហួត តំណាង​ក្រុមហ៊ុន តាន់ គឹមអេង ខូ​អិ​ល​ធី​ឌី សូម​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​ចាក់ដី លុប​ចំណី​ស្ទឹង និង ហាត​ស្ទឹង​សិរីសោភ័ណ ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជាបន្ទាន់ ។​

​លិខិត​នោះ បាន​បន្តថាៈ ក្រុមហ៊ុន ត្រូវ​កាយ​ដី ដែល​បាន​ចាក់​លុប ចូល​ស្ទឹង​នោះ ចេញ​ឲ្យ​អស់ ឲ្យ​បាន​ដូចដើម​វិញ ។ សេចក្តីជូនដំណឹង​នេះ សូម​ឲ្យ​ក្រុមហ៊ុន​ខាងលើ មេត្តា​អនុវត្ត​ឲ្យ​បាន​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ ជូនដំណឹង​នេះ​តទៅ​។​

​សូម​រំលឹកថា ជាង ២ ឆ្នាំ កន្លងមក រហូតដល់​បច្ចុប្បន្ន ក្រុមហ៊ុន តាន់ គឹមអេង បាន​ចាក់ដី​លុប​ស្ទឹង និង​ហាត​ស្ទឹង នៅក្បែរនោះ ។ ទីនោះ គេ​គ្រោង​វាយ​បំបែក ក្បាលដី អង្គ​ន់​ល្វែង​លក់ ។ ប៉ុន្តែ ដោយ​រសើប​ពេក ទើប​គេ​ធ្វើជា​បង្វែរ​ថា ដី​ជាប់មាត់​ស្ទឹង​ថ្មី ពី​ស្ពានថ្ម​សម្តេច ហ៊ុន សែន ដល់​ការដ្ឋាន​សាលាឆាន់​វត្ត​ស្វាយ​ចាស់ ត្រូវ​គ្រោង​នឹង​ប្លង់​បង្ហាញថា ធ្វើ​ផ្លូវ​ថ្មើរជើង និង​សួនច្បារ​វិញ ។ តែ​មកទល់ពេលនេះ អ្វីៗ វា​មិនទាន់​ចេញ ជា​រូបរាង​ទេ​។​

​ទំនងជា​ទាក់ទិន​ករណី ដែល​លោក អ៊ឹង ប៊ុនហួរ ហៅ ចឹក​ហួរ និង​ករណី​លោក តាន់ គឹម​ហួត នេះ បាន​ប្រព្រឹត្ត​ដូច្នេះ ក៏មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ​ប្រាសាទ បារាយ៍​មេបុណ្យ ខេត្តបន្ទាយមានជ័យ with ម៉ា​ល័យ ម៉ា​ល័យ បាន​ផុស នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ដោយបាន​សរសេរថាៈ “​អរុណសួស្តី ពុក​ម៉ែ​បងប្អូន កូនក្មួយ​គ្រប់រូប​” និង​ដោយមាន​ភ្ជាប់​រូបភាព edit មួយ​សន្លឹក ដែល​បានសរសេរថាៈ សុភាសិត​ខ្មែរ ដង្កូវចេញពីសាច់ ច្រែះ​ចេញពី​ដែក ” ៕S/សរន

​រូបថត ៖ រឿងអាស្រូវ​កាយ​ដីស្ទឹង​និង​ប៊ិៈ​ប៉ះ​សសរស្ពាន​ទឹកថ្លា​មិនទាន់​ធ្វើ​សង​ចប់​ផង មក​ធ្លាយ​ក្រុមហ៊ុន​តាន់ គឹមអេង​លុប​ស្ទឹង​នៅ​ព្រះ​ពន្លា ឯណោះ​ទៀត (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម