សេដ្ឋកិច្ចឥណ្ឌាធ្លាក់ចុះ ២៤ ភាគរយ អាក្រក់បំផុតមិនធ្លាប់ ជួបក្នុងរយៈពេល២៤ឆ្នាំ

169
ចែករម្លែក

រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទទី៣១សីហាថា សេដ្ឋកិច្ចរបស់ឥណ្ឌា បានធ្លាក់ចុះ ២៣,៩ ​​ភាគរយនៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា ដែលជាលទ្ធផល អាក្រក់បំផុតក្នុងរយៈពេលយ៉ាងតិច ២៤ ឆ្នាំ ខណៈវីរុសកូរ៉ូណាបំផ្លាញប្រទេស ដែលធ្លាប់តែមានកំណើនសេដ្ឋកិច្ចលឿនជាងគេលើពិភពលោក។

ការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីមានកំណើន ៣,១ ភាគរយនៅក្នុងត្រីមាសមុន ដែលជាកំណើនទាបបំផុតក្នុងរយៈពេលយ៉ាងតិច ៨ ឆ្នាំ។

ឥណ្ឌាបានផ្សព្វផ្សាយតួលេខផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសចាប់តាំងពីឆ្នាំ ១៩៩៦។

ជំងឺរាតត្បាតបានបណ្តាលឱ្យសេដ្ឋកិច្ចនៅជុំវិញពិភពលោកធ្លាក់ចុះ ប៉ុន្តែកំណើន សេដ្ឋកិច្ចរបស់ឥណ្ឌាបានថយចុះសូម្បីមុនពេលផ្ទុះជំងឺរាតត្បាតទៅទៀត។ សេដ្ឋវិទូជាច្រើនជឿថាការទម្លាក់ថ្លៃរូបិយវត្ថុរបស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី ក្នុងឆ្នាំ ២០១៦ និងការដាក់ចេញនូវការយកពន្ធយ៉ាងច្រើនលើទំនិញនិងសេវាកម្ម បានធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម។

ដោយសង្ឃឹមថានឹងអាចបញ្ចៀសការបំផ្លាញសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាល លោកម៉ូឌីកាលពីខែឧសភាបានប្រកាសនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ២៦៦ ពាន់លានដុល្លារ ប៉ុន្តែតម្រូវការរបស់អតិថិជននិងវិស័យផលិតកម្មមិនទាន់ ងើបឡើងវិញនៅឡើយ។

សេដ្ឋវិទូជាច្រើននិយាយថា ផលប៉ះពាល់ ដែលបណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ច អាចនឹងកាន់តែអាក្រក់នៅក្នុងវិស័យក្រៅផ្លូវការ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ ឥណ្ឌា ដែលរងការវាយសំពងខ្លាំងជាងវិស័យណាៗទាំងអស់ក្នុងអំឡុងពេល បិទប្រទេសនៅខែមេសា – មិថុនា។

មានក្តីសង្ឃឹមជាច្រើនផងដែរសម្រាប់ការងើបឡើងវិញខ្លះៗនៅត្រីមាសបន្ទាប់​ ខណៈកម្មករចំណាកស្រុករាប់សែននាក់ ដែលវិលត្រឡប់ទៅស្រុកកំណើតក្រោយ បាត់បង់ការងារអំឡុងពេលបិទប្រទេស ចាប់ផ្តើមត្រឡប់មកទីក្រុងធំៗបណ្តើរៗ ខណៈកន្លែងការងារខ្លះបានបើកឡើងវិញ។ ប៉ុន្តែក្តីរំពឹងនៅតែមិនល្អ សម្រាប់មនុស្សភាគច្រើនដែលបាត់បង់ការងារធ្វើ។

យោងតាមមណ្ឌលតាមដានសេដ្ឋកិច្ចឥណ្ឌាបានឱ្យដឹងថា មនុស្សពឹងលើប្រាក់ខែ ប្រហែល ១៩ លាននាក់បានបាត់បង់ការងារធ្វើអំឡុងពេលបិទប្រទេសរយៈពេល ៦៨ ថ្ងៃ៕ ដោយ ៖ កញ្ញាដាលីស/Ha

សេដ្ឋកិច្ចឥណ្ឌាធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ២៤ ឆ្នាំមកនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម