ខែ កញ្ញា និង ធម្មជាតិ​របស់​កញ្ញា​រាសី​បុគ្គល​

741
ចែករម្លែក
គំនូរ​រូប​ស្រី​ក្រមុំ​ដែលជា​និម្មិត​សញ្ញា​នៃ​ខែកញ្ញា (september 1)

ដោយៈ មេសា​/​ភ្នំពេញៈ ពាក្យ​ថា កញ្ញា គឺជា​ភាសា បាលី ប្រែជា ខេមរភាសា​ថា “ ស្រី​ក្រមុំ​តូច ឬ ស្រី​ជំទង់ “ ។ គេ​អាច​ហៅ​ខែកញ្ញា ថា កញ្ញា​រាសី ក៏បាន ។ កញ្ញា គឺជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង​បួន ដែលមាន​រយៈពេល​៣០​ថ្ងៃ ។ វា​ជា​ខែ​ទី​ប្រាំមួយ​យ នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី ប្រាំបួន​នៃ ប្រតិទិន​សកល ។​
​ខែ កញ្ញា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី ៧៥៣ ឆ្នាំមុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ​នេះ ក្នុង​មួយឆ្នាំ​មានតែ ១០ ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មីនា ។ ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស នោះ ខែ កញ្ញា មានឈ្មោះ​ជា​ភាសា​ឡ​តាំង​ថា Septem មានន័យថា “ ប្រាំពីរ ” ដ្បិត​កាលនោះ កញ្ញា គឺជា​ខែ​ទី​ប្រាំពីរ ក្នុង​ប្រតិទិន​នោះ ។ ដូច្នេះ​មកដល់​ឆ្នាំ​២០២០ នេះ ខែ​ខែកញ្ញា មាន​អាយុកាល​២ ៧៧៣ ឆ្នាំ​ហើយ គឺ ១៣០ ឆ្នាំមុន​ព្រះពុទ្ធ​ប្រសូត្រ ឬ ២១០ មុន​ពុទ្ធសករាជ ។​

​ត្បូង​កណ្តៀង ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែកញ្ញា
-​ ​រូបៈ internet


​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី ០២ ក្នុងចំណោម​ក្សត្រ​តាម​បវេណី​ទាំង​ប្រាំពីរ អង្គ​របស់​ទីក្រុង រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ។ ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន ១២ ខែ ហើយ​ខែ កញ្ញា ក៏បាន​ក្លាយទៅជា​ខែ​ទី​ប្រាំបួន តាំងពី​ពេលនោះ​មក ។
​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ ព្រះ​ចៅ​អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា នៃ ចក្រភព រ៉ូ​ម៉ាំង នៅ ៤៦ ឆ្នាំមុន គ្រិស្តសករាជ ។ លុះដល់​ឆ្នាំ ១៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី ១៣ កែប្រែ​ប្រតិទិន ជូ​លាន នេះ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។​
​ឯកសារ​មួយចំនួន​បាន​អះអាងថា ខែ កញ្ញា ជា​ខែ​ទី ប្រាំបួន ក្នុង​ប្រតិទិន ជូ​លាន និង ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែល​បានសេចក្តីថា ខែ កញ្ញា បានក្លាយ​ជា​ខែ​ទី​ប្រាំបួន ក្នុង​ប្រតិទិន នៅត្រឹម​ចាប់តាំងពី​មាន​ប្រតិទិន ជូ​លាន នៅ ៤៦ ឆ្នាំមុន​គ្រិស្តសករាជ ។ ប្រការនេះ​បានសេចក្តីថា អ្នកនិពន្ធ​អត្ថបទ​ទាំងនោះ បាន​មើលរំលង ឬ ភ្លេច​គិតថា ខែ កញ្ញា បានក្លាយ​ជា​ខែ​ទី​ប្រាំបួន​ក្នុង​ប្រតិទិន តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន​ប្រសូត្រ​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ​មកម្ល៉េះ ។​


​ទោះយ៉ាងណា តាម​ការពិនិត្យ​តាមដាន គេ​អាច​ឃើញថា តាំងពី​ពេល​បង្កើត​ឡើងមក ខែ កញ្ញា មាន​រយៈពេល ២៩ ថ្ងៃ រហូតដល់ ៤៦ ឆ្នាំមុន​គ្រិស្តសករាជ ដែល​ប្រតិទិន ជូ​លាន ត្រូវបាន​បង្កើតឡើង ទើប​ព្រះ​ចៅ ជូ​លី​យើ​ស សេ​ហ្សា បន្ថែម​មួយថ្ងៃ​ទៅលើ​ខែ​នេះ នាំឱ្យ​ខែ កញ្ញា មាន​រយៈពេល ៣០ ថ្ងៃ ។​
ជំនឿ​តាម​តាម​ប​ស្ចឹ​ម​លោក
​គេ​អាច​ហៅ​មនុស្ស​កើត​ក្នុង​ខែកញ្ញា ថា កញ្ញា​រាសី​បុគ្គល ក៏បាន ហើយ​តាម​ក្បួន​ហោរា​បស្ចិម​លោក បុគ្គល​ដែល​ចាត់ទុកថា ជា​មនុស្ស​កើត​ក្នុង​ខែ កញ្ញា ឬ កញ្ញា​រាសី​បុគ្គល គឺ​ជនានុជន​ទាំង ឡាយ​ណា​កើត​នៅ​ចន្លោះ​ថ្ងៃទី ២៣ សីហា – ២១ កញ្ញា ។ តាម​ក្បួន​នេះ ពួក​អ្នក​កើត​ក្នុង កញ្ញា​រាសី ស្មើនឹង​អ្នក​កើត ឆ្នាំ រកា នៃ ក្បួន ហោរា​ចិន និង ខ្មែរ ហើយ​ឆុង​នឹង​អ្នក​កើត​ខែ មីនា ។​


​ធម្មជាតិ​របស់​មនុស្ស​កើត​ខែ កញ្ញា គឺ​ភាព​សា្អ​ត និង បរិសុទ្ធ និមិត្តសញ្ញា​របស់ កញ្ញា​រាសី​បុគ្គល គឺ ស្រី​ក្រមុំ ធាតុ ដី ទទួល​ឥទ្ធិពល ពី ភព ពុធ ជា​ជំពូក​មនុស្ស​ចូលចិត្ត​ប្រើ​ប្រាជ្ញា ។ ពណ៌​ដែល​ស័​ក្ត​សម​គឺ ពណ៌ បៃតង និង ពណ៌ ប្រផេះ ។ ត្បូង​នាំ​សំណាង​មាន​ត្បូង​កណ្តៀង ថ្លើមថ្ម ត្បូង​មរកត ត្បូង​ពេជ្រ និង ផ្កាថ្ម ពណ៌ ស ។​
ជាទូទៅ កញ្ញា​រាសី​បុគ្គល ជា​មនុស្ស​ទន់ភ្លន់ សុភាពរាបសា យកចិត្តទុកដាក់ និង​ហ្មត់ចត់​គ្មាន​គូ​ប្រៀប ។ បុគ្គល​នេះ​មុន​នឹងធ្វើ​អ្វីមួយ តែងតែ​គិត​ហ្មត់ចត់ និង វិភាគ​ច្រើន​មុននឹង​សម្រេចចិត្ត ។ គេ​ជាម​នុស្ស​ពូកែ​វិភាគ ស្មោះត្រង់ ចិត្តល្អ ចូលចិត្ត​ធ្វើការ​ឲ្យ​អ្នកដទៃ​ដោយ​មិន​ចង់បាន​នូវ​ការ​តបស្នង មិន​ប្រាថ្នា​ភាពលេច​មុខ​លេ​មាត់ ប្រឹងប្រែង​ធ្វើការ ចូលចិត្ត​អនុវត្ត​ជាក់ស្តែង​ជាង​ទ្រឹស្តី ប៉ុន្តែ​អ្វី​ដែលជា​ចំណុចខ្សោយ គឺ​គេ​ជា​មនុស្ស​មាន​ក្តីបារម្ភ​ច្រើន អៀនខ្មាស ច្រើន ជួនកាល​រិះគន់​ខ្លួនឯង និង អ្នកដទៃ​ហួសហេតុ ។​


​ទោះជា​បុគ្គល​នេះ​មិន​ងាយ​និយាយ​ពី​អារម្មណ៍​ស្នេហា​របស់ខ្លួន​ឲ្យ​ដៃគូ​បានដឹង​ក៏ដោយ ប៉ុន្តែ​តាម​ពិ​ទៅ បុគ្គល​នេះ ចង់​ទទួលបាន​ការស្រឡាញ់​ពី​ដៃគូ​ជីវិត​ខ្លាំងណាស់ ។ បុគ្គល​កើត​ក្នុង កញ្ញា​រាសី មិន​ចូលចិត្ត​មាន​ទំនាក់ទំនង​ស្នេហា​ច្រើន​ឡើយ ពោលគឺ​ជួប​គូស្នេហ៍​គ្រា​ដំបូង​ណា​ម្នាក់​ហើយ បុគ្គល​នេះ​នឹង​ស្រឡាញ់​អស់​មួយជីវិត​។​
កញ្ញា​រាសី​បុគ្គល គឺជា​មិត្តភក្តិ​ចេះ​ជួយ​យកអាសា​គ្នា​គួរឱ្យ​រាប់អាន ។ បុគ្គល​នេះ​ពុំ​សូវ​និយាយស្តី​ច្រើន​ទេ ប៉ុន្តែ​គេ​ពូកែ​ផ្តល់​ដំបូន្មាន ហើយ​ស្គាល់​ច្បាស់​ពី​របៀប​ដោះស្រាយ​បញ្ហា​ទាំងពួង ។ ចំពោះ​រឿង​គ្រួសារ ក៏​ដូច្នោះ​ដែរ បុគ្គល​កើត​ក្នុង កញ្ញា​រាសី តែងមាន​វត្តមាន​គ្រប់ពេលវេលា នៅពេលដែល​ក្រុមគ្រួសារ​ត្រូវការ ជាពិសេស​មិនដែល​សន្យាថា​ជួយ​ហើយ​បែរជា​មិន​ជួយ​ទេ​។​


រាល់​បញ្ហា​ទាំងពួង​កើតឡើង​ក្នុង​ការងារ មនុស្ស​នេះ​តែង​អាច​ដោះស្រាយបាន​ជានិច្ច ។ គេ​ពូកែ​ខាង​រកលុយ ប៉ុន្តែ​រឿង​ចំណាយ​វិញ​កំណាញ់​ស្វិត​បន្តិច​ហើយ មុន​ទិញ​របស់របរ​អ្វីមួយ​បុគ្គល​នេះ​តែង​រៀបចំ​ផែនការ​ទុកជាមុន មិនដែល​ចំណាយ​ដោយ​គ្មាន​ទិសដៅ​ឡើយ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម