ត្រូវ​តុលាការ​កំពូល​របស់​ឥណ្ឌា ផាកពិន័យ​មួយ​សេន ដោយសារ​ប្រមាថ​តុលាការ​

196
ចែករម្លែក

​ ​
​តុលាការ​កំពូល​នៃ​ប្រទេស​ឥណ្ឌា បាន​ផាកពិន័យ​មេធាវី​ល្បីឈ្មោះ​ដែល​ផ្ដល់​សេវា​ផ្លូវច្បាប់​ជា​សាធារណៈ​មួយរូប​ចំនួន​មួយ​រូពី (១ សេន​អាម៉េរិក​) កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​សីហា​ពី​បទ​មាក់ងាយ​ក្នុង​សំណុំរឿង​​មួយ ដែល​បាន​បង្ក​ការព្រួយបារម្ភ​ខ្លាំង​អំពី​សេរីភាព​បញ្ចេញមតិ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។
​ ​
​បន្ទាប់​ពី​តុលាការ​ចេញ​សេចក្ដីសម្រេច លោក​មេធាវី ប្រា​សាន ប៊ូសាន និយាយថា លោក​នឹង​បង់​ប្រាក់​ពិន័យ​នេះ ប៉ុន្តែ​មិន​បាន​សុំទោស​ឡើយ​ចំពោះ​សំណេរ ២​ដែល​លោក​បាន​បង្ហោះ​តាម​បណ្ដាញ​​ទំនាក់ទំនង​សង្គម​ទ្វី​ត​ធឺ កាលពី​ខែ​មិថុនា​។​
​ ​
​សំណេរ​ទាំងនោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការរិះគន់​តុលាការ ដោយ​ក្នុងនោះ​រួមមាន​ទាំង​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​សកម្មភាព​ប្រធាន​តុលាការ​ជិះ​ម៉ូតូ​ធំ Harley-Davidson​ដែល​មាន​តម្លៃ​ខ្ទង់​​ម៉ឺន​ដុល្លារ​អាម៉េរិក ផងដែរ​។​
​ ​
​បុរស​វ័យ ៦៣ ឆ្នាំ​រូប​នេះ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​មាក់ងាយ​កាលពី​ខែ​សីហា​។ ក្រោយ​ការសម្រេច​របស់​តុលាការ​កាលពី​ថ្ងៃ​ចន្ទ លោក ប្រា​សាន ប៊ូសាន បាន​ថត​បង្ហោះ​រូប​ខ្លួន​ឯង​កាន់​លុយ​​កាក់​មួយ​រូពី បង្ហោះ​តាម​ទ្វី​ត​ធឺ​ដោយ​និយាយថា លោក រ៉ា​ជីវ ដា​វ៉ាន សហការី​ជាន់ខ្ពស់​របស់​លោក និង​ជា​មេធាវី​តំណាងឱ្យ​រូបលោក​បាន​ប្រគល់​លុយកាក់​នោះ​មក​លោក​ដើម្បី​ប្រគល់​ជូន​តុលាការ​។​
​ ​
​មេធាវី​ដែលជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី ជាច្រើន​ឆ្នាំ​មក​នេះ​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​បង់​ប្រាក់​ពិន័យ​ឱ្យបាន​ត្រឹម​ពាក់កណ្ដាល​ខែ​កញ្ញា​បើ​មិន​ដូច្នោះ​ទេ​​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគា​រ​រយៈពេល ៣ ខែ និង​ការ​បញ្ឈរជើង​ពី​គណៈមេធាវី ដែលនាំឱ្យ​មាន​ការព្រួយបារម្ភ​ខ្លាំង​អំពី​សេរីភាព​បញ្ចេញមតិ​៕​ប្រែ​សម្រួល​៖​ខុម​/sn

​លោក​មេធាវី ប្រា​សាន ប៊ូសាន​

ទីតាំងផ្សាយពាណិជ្ជកម្ម