ទិវា ឯករាជ្យ នៃ ប្រជាជន​វៀតណាម​

223
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាជន វៀតណាម ប្រារព្ធ​ទិវា​ឯករាជ្យ ជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ២ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ដែល​ដឹកនាំ​ដោយ​លោក ហូ ជី មិញ ប្រកាស ឯករាជភាព របស់​ពួកគេ​ពី​អាណានិគម បារាំង កាលពី​ឆ្នាំ ១៩៤៥ នៅ​ទីក្រុង ហាណូយ ខណៈ​ប្រទេស មិនទាន់​ឯកភាពគ្នា​នៅឡើយ ហើយ​សន្និសីទ​ទីក្រុង ហ្សឺ​ណែវ ឆ្នាំ ១៩៥៤ បាន​បំបែក វៀតណាម ទៅជា​ពីរ គឺ វៀតណាម ខាងជើង និង វៀតណាម ខាងត្បូង រហូតដល់​ឆ្នាំ ១៩៧៥ ទើប​វៀតណាម​ទាំងពីរ​រួបរួមគ្នា​បន្ទាប់ពី​វៀតណាម ខាងត្បូង ចាញ់​សង្គ្រាម​ដោយសារ​កងទ័ព អាម៉េរិក ដកចេញ ។​

ភូមិសាស្ត្រ​-​ប្រជា​សស្ត្រ​
​សាធារណរដ្ឋ សង្គមនិយម វៀតណាម ចាត់ទុកថា​ជា​ប្រទេស កុ​ម្មុយ​និ​ស្ត កំណែទម្រង់​មួយ មាន​ផ្ទៃដី ៣៣១ ២១០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ ជា​ប្រទេសមួយ​ក្នុង ចំណោម​ប្រទេស​ទាំង ០៣ នៅ ឥណ្ឌូចិន បារាំង និង ជា សមាជិក​មួយ​ក្នុងចំណោម​សមាជិក ទាំង ១០ នៃ សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) មាន​ព្រំដែន​ជាប់​នឹង​ប្រទេស កម្ពុជា ឡាវ ឈូង​សមុទ្រ ថៃ ឈូង​សមុទ្រ តុងកឹង និង ចិន ។ ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ៩៧ លាន​នាក់ ភាគច្រើន​ជាន​អ្នក​កាន់ ព្រះពុទ្ធ សាសនា​មហាយាន ខុង​ជឺ និង តាវ ។​រដ្ឋធានី គឺ​ទីក្រុង ហា​ណូ ភាសាផ្លូវការ គឺ​ភាសា វៀតណាម ។​
​ ​
ប្រវត្តិសាស្ត្រ​
​ឆ្នាំ រកា ចុល្លសករាជ ព​.​ស ២១៦៥ គ​.​ស ១៦២១ ម​.​ស ១៥៤៣ ច​.​ស ៩៨៣ ព្រះ​ចៅ​អណ្ណាម កុក​បុរី ( រាជវង្ស Nguyễn ង្វៀន ) ដែលមាន​ទំនាស់​ជាមួយ​ស្តេច ចិន បាន​សរសេរ​លិខិត​សុំ ខ្ចី​ខេត្ត កោះក្របី ព្រៃនគរ ពី​ស្តេច ខ្មែរ ព្រះបាទ​ជ័យជេដ្ឋា​ដែល​ទើបតែ​បាន​រៀប​អភិសេក​ជាមួយ ព្រះអង្គ​ចូ​វ បុត្រី​ស្តេច អណ្ណាម​កុក ។ តាមរយៈ​ព្រះអង្គ ចូ​វ នេះ ព្រះបាទ​ជ័យជេដ្ឋា ក៏​ព្រម ឱ្យ​ស្តេច អណ្ណាម ខ្ចី​ខេត្ត កោះក្របី ព្រៃនគរ ( តាំងពី​ពេលនោះ​មក ទឹកដី​នោះ​មិនដែល​បាន ត្រឡប់មក ខ្មែរ វិញ​ឡើយ បើទោះជា​មានការ​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​គ្នា​រវាង ខ្មែរ ដែលជា​ម្ចាស់​ទឹកដី និង កសិករ​ទាហាន យួន ដែល​ស្តេច អាណ្ណា​ម បញ្ជូន​មកជា​បន្តបន្ទាប់ ដើម្បី ដណ្តើម​កាន់កាប់​ទឹកដី​នោះ​ក៏ដោយ ហើយ​អ្នកប្រវត្តិសាស្ត្រ​ខ្លះ ពន្យល់ថា តំបន់​ទាំង នោះ​ក្រោយមក​ហៅថា Cochinchina គឺ​ដាក់​តាម​ឈ្មោះ​ព្រះអង្គ ចូ​វ​ដែលមាន​គុណសម្បត្តិ យក​ទឹកដី​នេះ​ពី ខ្មែរ ដាក់​ជា​ចំណុះ​យួន ហើយ​ហៅ​តាម​សូរសៀង បារាំង ថា កូសាំងស៊ីន គឺ​ទឹក ខ្មែរ កម្ពុជា ក្រោម បច្ចុប្បន្ននេះ ។ ប៉ុន្តែ​ប្រវត្តិវិទូ​ធំៗ ដូចជា ហ្ស​ក សឺ​ដេ​ស និង អាដេ​ម៉ា ឡឺ ក្លែ​រ៍ ជាដើម អះអាងថា តំបន់​ដែល​ហៅថា កូសាំងស៊ីន នោះ គឺ​ត្រូវបាន​ជនជាតិ អឺរ៉ុប ហៅ​តាំង ពី​យូរណាស់​មកហើយ ) សម្រាប់​ហ្វឹកហាត់​កងទ័ព ដោយ​សន្យាថា​ខ្ចី​តែ ០៥ ឆ្នាំ​ប៉ុណ្ណោះ ។​

​នៅ​ឆ្នាំ​១៧៨៤ អំឡុងពេល​ទំនាស់​គ្នា​រវាង​ព្រះ​ចៅ​អ​ធិ​រាជ្យ ង្វៀន អា​ញ ( Nguyễn Ánh ) និង ត្រកូល តា​យ សឺ​ន ( គប្បី​កត់សម្គាល់ថា ដោយសារតែ​ស្តេច និង មន្ត្រី ខ្មែរ បែកបាក់ កាប់ សម្លាប់​ដណ្តើម​អំណាច​គ្នា ហើយ​ម្ខាង រត់​ទៅ​ពឹង យួន និង ម្ខាង រត់​ទៅ​ពឹង សៀម ក៏មាន​ចម្បាំង យួន​-​ខ្មែរ​-​សៀម ជាច្រើន​ឆ្នាំ​មក ទីបំផុត នៅ​ឆ្នាំ ១៧៧៤ យួន និង សៀម បាន​ស្រុះស្រួល​គ្នា ពុះ​ទឹកដី ខ្មែរ ចែកគ្នា​ជា ពីរ ចំណែក ដោយ​កំណត់​ត្រឹម​ទន្លេមេគង្គ ដែលជា​សន្ធិសញ្ញា លើក​ទី ១ ហើយ​ម្តងទៀត​នៅ​ឆ្នាំ ១៨៣១ ពោលគឺ​ពួកគេ​ចង់​លេ​ទឹកដី ខ្មែរ ទាំងស្រុង​តែម្តង ។ ប៉ុន្តែ​ការដែល យួន និង សៀម ពុះ​ទឹកដី ខ្មែរ ចែកគ្នា​ជា​លើក​ទី ១ នោះ ត្រូវបាន​ផ្អាក​ទៅវិញ ឬ ទុកចោល​មួយ​យ​ឡែក​សិន ដោយសារ​តែមាន​ការបះបោ​រ​របស់ ត្រកូល តែ​សឺ​ន នោះឯង ។ ចំណែក​ការ​ពុះ​ទឹកដី ខ្មែរ ចែកគ្នា​ជា​លើក​ទី ពីរ ក៏បាន​បរាជ័យ​ម្តងទៀត ដោយសារតែ​វត្តមាន បារាំង ) មន្ត្រី​សង្ឃ រ៉ូ​ម៉ាំង កាតូលិក Pigneaux de Behaine បាន​ចាក​ចេញពី វៀតណាម ទៅ​ប្រទេស ប៉ា​រាំង ដើម្បី ស្វែងរក​ជំនួយ​យោធា​ដល់​ព្រះ​ចៅ ង្វៀន អា​ញ ។ បព្វជិត Pigneaux បាន​សម្របសម្រួល​ឱ្យមាន​កិច្ចសន្យា​មួយចំនួន​ដែលថា​នឹង​ផ្តល់ជំនួយ​យោធា​ដល់ វៀតណាម ជា​កិច្ច​តបស្នង​ទៅនឹង​សម្បទាន​របស់​វៀតណាម មួយចំនួន ដូចជា​ការផ្តល់​សិទ្ធិ​អាទិភាព ក្នុងការ​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត នៅលើ​ទឹកដី វៀតណាម ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ជាដើម ។ ប៉ុន្តែ​ដោយសារ​ពេលនោះ បារាំង កំពុង​ជាប់ដៃ​នឹង​រឿង​បដិវត្តន៍​ខែ កក្កដា នោះ ទើប​កិច្ចសន្យា​របស់ បព្វជិត Pigneaux មិន​ត្រូវបាន​អនុវត្ត​ឡើយ ។​

​ដោយហេតុ​នោះ បព្វជិត Pigneaux បានធ្វើ​ដំណើរ​ទៅ​តំបន់ Pondichéry ជា​ទឹកដី​បារាំង នៅ ឥណ្ឌា ទៀត ហើយ​នៅ​ទីនោះ លោក​ប្រមែ​ប្រមូលបាន​កប៉ាល់ចម្បាំង ០២ គ្រឿង កងវរសេនាធំ ឥណ្ឌា មួយ​កង និង ពួកកងទ័ព​ស្ម័គ្រចិត្ត​មួយចំនួន ហើយ​ត្រលប់មក​ប្រទេស វៀតណាម វិញ នៅ​ឆ្នាំ ១៧៨៨ ។

​អ្នកស្ម័គ្រចិត្ត​ម្នាក់ របស់​បព្វជិត Pigneaux ឈ្មោះ Jean-Marie Dayot បាន​ជួសជុល​កងទ័ព​ជើង ទឹក​របស់​ព្រះ​ចៅ ង្វៀន អា​ញ ឡើងវិញ​ជាមួយនឹង​របៀប​របស់​ពួក អឺរ៉ុប ហើយ​ក៏បាន​កម្ទេច កងទ័ព​របស់ ត្រកូល តា​យ សឺ​ន នៅ​ឆ្នាំ ១៧៩២ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ង្វៀន អា​ញ ក៏បាន កាន់កាប់ សាយ​ហ្ក​ន ( ព្រៃនគរ ) ទៀត ហើយ​បាន​បង្កើត រាជវង្ស ង្វៀន នៅ​ឆ្នាំ ១៨០២ ហើយ​ព្រះ​ចៅ ង្វៀន អា​ញ នេះ បាន​រាប់អាន​ចំពោះ​ពួក​អ្នក​កាតូលិក​និយម​ដោយបាន​ប្រគល់ ឋានៈ​មួយចំនួន​ជាទី​ប្រឹក្សា​នៅក្នុង​រាជការ​របស់​ព្រះអង្គ​ទៀតផង ។​

​ប៉ុន្តែ​អ្នក​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះ​ចៅ ង្វៀន អា​ញ នេះ​ជា​អ្នក ខុង​ជឺ និយម​ហើយ​មិនសូវ​អត់ឱន ដល់​ពួក កាតូលិក និយម ឡើយ ហើយ​ទីបំផុត​ក៏​បិទទ្វារ​ទាំងស្រុង​ចំពោះ​កាតូលិក​និយម​បន្ទាប់ ពី​ពួ​កាតូលិក​បំបះបំបោរ​គ្នា​ប្រឆាំង​រាជការ​ក្នុង​បំណង​បង្កើត​អ​ធិ​រាជ្យ​កាតូលិក​វិញ​ហើយ​បំណង នោះបាន​បរាជ័យ ហើយ​ពួក​កាតូលិក​ទាំង​ជនជាតិដើម វៀតណាម និង ជនបរទេស​ត្រូវបាន កាត់ទោស ។ ពាណិជ្ជកម្ម​ជាមួយ​បស្ចិម​លោក​បាន​ថយចុះ​នៅ អំឡុង​ពេលនេះ​។

​នៅក្នុង​ដើម​រជ្ជកាល នៃ រាជវង្ស ង្វៀន នេះ វៀតណាម​មមាញឹក​នឹង​កិច្ចការ​ស្ថាបនា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នានា ដោយ​រួមទាំង​ការពង្រីក​ឥទ្ធិពល​របស់ខ្លួន​មកលើ ខ្មែរ និង លាវ ផង ។​

​ដោយសារ​មានទំនាស់​ពួក​កាតូលិក​ជា​ញឹកញាប់​បែប​នោះ ក៏បាន​ជា​លេស​ដល់ បារាំង ប្រើ​ជា​មូលហេតុ​បង្ក​អមិត្ត​ជាមួយ វៀតណាម ហើយ​ទីបំផុត​បារាំង​បាន​បើក​ការវាយលុក​ទៅ លើ​កំពង់ផែ ដា​ណាំ នៅ​ឆ្នាំ ១៨៥៨ បណ្តាលឱ្យ​ខូចខាត​ជា​ដំណំ ។ ប៉ុន្តែ​មិនអាច​ដណ្តើមបាន ឡើយ ទើប បារាំង ទៅ​ដណ្តើម​កាន់កាប់​ទីក្រុង Gia Định ( បច្ចុប្បន្ន​ទីក្រុង ហូ ជី​មិញ គឺ​អតីត ព្រៃនគរ របស់ ខ្មែរ ) វិញ ។ ដើម្បី បម្រើ​ប្រយោជន៍​ជាទី​តាំង​កងទ័ព ចាប់ពី​ឆ្នាំ ១៨៥៩-១៨៦៧ កងទ័ព បារាំង បាន​ពង្រីក​តំបន់​កាន់កាប់​របស់ខ្លួន​នៅតាម​ខេត្ត​ទាំង​ប្រាំមួយ នៅតាម​តំបន់ សណ្តរ​ទន្លេ មេគង្គ ហើយ​បង្កើតជា​តំបន់​អាណានិគម ដែល​គេ​ហៅថា កូ​សាំង​ស៊ី ( Cochinchina គឺ​តំបន់ កម្ពុជា ក្រោម​បច្ចុប្បន្ន ) ។​

​ពីរ បី ឆ្នាំក្រោយ​ទៀត កងទ័ព បារាំង បាន​ទៅ​ចត​នៅ វៀតណាម ខាងជើង ហើយ​នៅ​ទីនោះ ពួកគេ​បាន​ហៅថា តុងកឹង និង បាន​ដណ្តើម​កាន់កាប់​ទីក្រុង ហាណូយ ពីរដង គឺ​នៅ​ឆ្នាំ ១៨៧៣ និង ឆ្នាំ ១៨៨២ ។

​បារាំង បាន​បើក​យុទ្ធនាការ​កងទ័ព​ដ៏​ធំ​ឱ្យ​ឈ្មោះថា យុទ្ធនាការ តុង កឹង ចាប់ពី​ឆ្នាំ ១៨៨៣-១៨៨៦ ក៏បាន​ត្រួតត្រា វៀតណាម ទាំងស្រុង ។ តំបន់ ឥណ្ឌូចិន បារាំង ត្រូវបាន​បង្កើត​នៅ ក្នុង​ខែ តុលា ឆ្នាំ ១៨៨៧ ចាប់ពី​តំបន់ អាណ្ណា​ម ( វៀតណាម កណ្តាល​) តុងកឹង ( វៀតណាម ខាងជើង ) កូសាំងស៊ីន (​វៀតណាម​ខាងត្បូង ឬ កម្ពុជា​ក្រោម​) កម្ពុជា និង ឡាវ គិត​ត្រឹម​ឆ្នាំ ១៨៩៣ ) ។ នៅក្នុង​តំបន់ ឥណ្ឌូចិន បារាំង នេះ នៅ កូសាំងស៊ីន មាន​លក្ខណៈ​ជា​អាណានិគម សុទ្ធសាធ ខណៈ​តំបន់​នោះ​ពេលនោះ នៅ​ជា​តំបន់​ប្រទាញប្រទង់​គ្នា​ជាមួយ​កម្ពុជា នៅឡើយ បន្ទាប់ពី វៀត​ណា បាន​ខ្ចី​កម្ពុជា ហើយ​មិនដែល​ចង់​សង​មក កម្ពុជា វិញ ។ តំបន់ អាណ្ណា​ម មាន​លក្ខណៈ​ជា​តំបន់​ការពារ​របស់ បារាំង ដោយ​រាជវង្ស ង្វៀន នៅតែ​ជា​អ្នកគ្រប់គ្រង​នៅឡើយ ចំណែក តុងកឹង ជា​តំបន់​ដែលមាន​ទេសាភិបាល បារាំង ដោយមាន​រដ្ឋាភិបាល​មូលដ្ឋាន ដំណើរការ​ដោយ​មន្ត្រី វៀតណាម ។​

ចលនា​បោះ​បោរ​ប្រឆាំង​បារាំង
​តាំងពី​ទីក្រុង Gia Định ធ្លាក់ចូល​ក្រោម​ការគ្រប់គ្រង​របស់​ក​ង​ទ័ព បារាំង ក៏មាន​ចលនា​តស៊ូ ជាច្រើន​បាន​ផ្ទុះឡើង​នៅក្នុង​បណ្តា​តំបន់​កាន់កាប់​របស់ បារាំង ដូចជា​នៅ​ឆ្នាំ ១៨៨៥ យុវ​អ​ធិ​រាជ្យ Hàm Nghi បាន​ចាក​ចេញពី​រាជវាំង​ទៅ​បង្កើត​ចលនា Cần Vương ( សង្គ្រោះ​ព្រះរាជា ) ហើយ ត្រូវបាន បារាំង ចាប់ខ្លួន និង និរទេស​ទៅ​ប្រទេស អាល់​ហ្ស៊េ​រី ដែលជា​ដែនដី​អាណានិគម បារាំង នៅ​ឆ្នាំ ១៨៨៨ ។ នៅ វៀតណាម ខាងជើង​ចលនា​ដឹកនាំ​ដោយ​អតីតមន្ត្រី វៀតណាម លោក Phan Đình Phùng នៅ​ឆ្នាំ ១៨៩៥ ជាដើម ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ក៏មាន​ស្តេច រាជវង្ស ង្វៀន ពី​អង្គ​ទៀត​គឺ​ព្រះអង្គ Thành Thái និង ស្តេច Duy Tân ត្រូវបាន បារាំង​និរទេស ខ្លួន​ទៅ អាហ្វ្រិក ខាងត្បូង ពីបទ​មាន​និ​ន្ន​ការប្រឆាំង​បារាំង ។

​គិត​ចាប់ពី​ឆ្នាំ ១៩០០ មក​គេ​ឃើញ​មាន​ពួក​យុវជន វៀតណាម​ដែលជា​អ្នក​ពុំ​ធ្លាប់​រស់នៅក្នុង ប្រទេស​ក្រោម​អាណានិគម បារាំង បានចេញ​មុខ ហើយ​ពួកគេ​ស្រេកឃ្លាន​នូវ​ឯករាជភាព វៀតណាម ដូច​ដូន​ដាន និង ឳ​ពុក​ម្តាយ​ពួកគេ​ដែរ​ប៉ុន្តែ​ពួកគេ​មិន​ចង់បាន​របបរាជានិយម ទៀត​ទេ គឺ​ពួកគេ​យល់ថា វៀតណាម ត្រូវការ​ប្រព័ន្ធ​រដ្ឋាភិបាល​ទំនើប​ដោយ​ពួកគេ​ចង់បាន របប​សង្គមនិយម ហើយ​មាន​អ្នកខ្លះ​បាន​បង្កើត​សមាគម​ឯករាជភាព វៀតណាម នៅក្នុង​ប្រទេស ជប៉ុន ។​

​ឆ្នាំ​១៩០៥ មាន​ចលនា​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ ជប៉ុន ដោយ​ពួកគេ​រំពឹងថា​នៅពេល អនាគត​ពួកគេ​ចេះ​ពី​វិធី​ទំនើប​ក្នុង​ការដឹកនាំ​បដិវត្តន៍​ប្រដាប់អាវុធ​ប្រឆាំង បារាំង​ឱ្យបាន​ជោគ ជ័យ ។ ក្នុងចំណោម​អ្នក​ទាំងនោះ ក៏មាន​ព្រះអង្គម្ចាស់ Cường Để ផងដែរ ដោយបាន​រៀបចំ អង្គការ​ចាត់តាំង​ចំនួន ០២ នៅ​ប្រទេស ជប៉ុន ។ ប៉ុន្តែ បារាំង បានដាក់​សម្ពាធ​ការទូត​ចំពោះ ជប៉ុន ដែល​ទីបំផុត ជប៉ុន ត្រូវ​បង្ខំចិត្ត​បណ្តេញ​មេក​ដឹកនាំ​អង្គការ​ចាត់តាំង​ម្នាក់​ឈ្មោះ Châu ហើយ​ជំនួស​ដ​លោ​យ​លោក Phan Châu Trinh, ដែលមាន​និន្នាការ​តស៊ូ​ដោយ​សន្តិភាព ដើម្បី ទាមទារ​ឯករាជភាព​ពី បារាំង វិញ ។

​ប៉ុន្តែ​បន្ទាប់ពី​មាន​បដិវត្តន៍​នៅ ចិន និង នៅ រុស្ស៊ី មក ចលនា​បដិវត្តន៍ វៀតណាម ក៏​ចាប់ផ្តើម កម្រើក​ឡើងវិញ​នូវ​ចលនា​ផ្តាច់ការ ។ លោក Phan Bội Châu បាន​បង្កើត​អង្គការ​ចាត់តាំង មួយ​ឈ្មោះ Việt Nam Quang Phục Hội ដោយមាន​បំណង​បង្កើត​ចលនា​តស៊ូ​ប្រដាប់អាវុធ ប្រឆាំង​អាណានិគម បារាំង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥២ គាត់​ត្រូវបាន​បារាំង ចាប់ខ្លួន​នៅ សៀង​ហៃ ហើយ​បញ្ជូនមក វៀតណាម ។ ជា​កុសល​ដោយសារ​ប្រជាប្រិយភាព​របស់គាត់​ទើប​គាត់​ត្រូវ បាន​លើកលែង​ជីវិត​ដោយ​ឃុំឃាំង​ទុក​ក្នុងផ្ទះ​រហូត​គាត់​ស្លាប់ ។​

​នៅ​ឆ្នាំ ១៩២៧ គណៈ​អ្នក​ជាតិនិយម វៀតណាម ឈ្មោះ Việt Nam Quốc Dân Đảng ត្រូវបាន​ស្ថាបនា​ឡើង តាមបែប​បក្ស កូ​មីង​តាំង នៅ​ចិន ។ គណៈបក្ស នេះ បានចាប់ផ្តើម ចលនា​ប្រដាប់អាវុធ​នៅ​ឆ្នាំ ១៩៣០ នៅ តុងកឹង ហើ​ជា​លទ្ធផល បារាំង​បាន​ចាប់​មេដឹកនាំ គណៈបក្ស​នេះ និង អ្នកដឹកនាំ​មួយចំនួនទៀត​កាត់ទោស​ត្រង់ៗ ។​

ហូ ជី មិញ លេចមុខ​
​លទ្ធិ​ម៉ាក្ស៍ និយម ក៏ត្រូវ​បាន​នាំ​ចូលទៅ​ប្រទេស វៀតណាម ផងដែរ​តាមរយៈ​គណៈបក្ស​កុ​ម្មុយ និ​ស្ត ចំនួន ០៣ ដែល​ក្នុងនោះ​សកម្មជន​ដែល​ត្រូវបាន​កត់ត្រា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ វៀតណាម គឺ​លោក ង្វៀន អាយ គួ​ក ( Nguyễn Ái Quốc =​ដែល​ក្រោយមក​គាត់​ប្តូរ​ឈ្មោះថា ហូ ជី មិញ )​។ នៅ​ឆ្នាំ ១៩៣០ គណៈ​បក្សកុម្មុយនិស្ត អន្តរជាតិ បាន​បញ្ជូន​លោក ង្វៀន អាយ គួ​ក ទៅ ហុងកុង ដើម្បី សម្របសម្រួល​បង្រួបបង្រួម​គណៈបក្ស​ក​ម្មុយ​និ​ស្ត វៀតណាម ទាំងអស់​ឱ្យទៅជា គណៈ​បក្សកុម្មុយនិស្ត វៀតណាម (CPV) តែមួយ ។ ក្រោយមក​គណៈបក្ស​នេះ​បាន​ប្តូរ ឈ្មោះ​ទៅជា គណៈ​បក្សកុម្មុយនិស្ត ឥណ្ឌូចិន វិញ ។​

​ក្នុងនាម​ជា​អ្នក​បដិវត្តន៍​ឆ្វេងនិយម​ម្នាក់​ដែល​រស់នៅ​ក្នុងប្រទេស បារាំង តាំងពី​ឆ្នាំ ១៩១១ មក​លោក ង្វៀន អាយ គួ​ក បាន​ចូលរួម​បង្កើត​បក្សកុម្មុយនិស្ត បារាំង ហើយ​ចាប់ពី​ឆ្នាំ ១៩២៤ គាត់​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​បក្សកុម្មុយនិស្ត សូ​វៀត ។ ពេញ​ទសវត្សរ៍​ឆ្នាំ ១៩២០ គាត់​បាន​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​បក្សកុម្មុយនិស្ត ដើម្បី បង្កើត​ចលនា​កុ​ម្មុយ​និ​ស្ត​នៅ អាស៊ី អាគ្នេយ៍ ។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ គណៈបក្ស CPV វៀតណាម​ស្ទើរតែ​សាបសូន្យ ដោយសារ​ត្រូវ បារាំង ចាប់​កាត់ទោស​មេដឹកនាំ​សំខាន់ៗ​របស់​បក្ស​នេះ​ក្នុងនោះ​រួមទាំង​លោក យួន អាយ កុក ផងដែរ​។​

​ជា​យុទ្ធសាស្ត្រ នៃ សង្គ្រាមលោកលើកទី ២ នៅ​ឆ្នាំ ១៩៤០ ជប៉ុន បាន​ចូលលុកលុយ​ឥណ្ឌូ​ន​ចិន បាន​ចាប់ខ្លួន​តំណាង បារាំង នៅ ឥណ្ឌូចិន ទុក​មួយ​ឡែក ។ ពេលនោះ លោក ង្វៀន អាយ កុក ក៏ត្រូវ​បាន​មាន​សេរីភាព​ឡើងវិញ ។​

ចលនា​វៀត​មិញ​-​ប្រកាស​ឯករាជ្យ​
​នៅ​ឆ្នាំ ១៩៤១ លោក ង្វៀន អាយ គួ​ក បានបង្ហាញ​ខ្លួន​នៅ វៀតណាម ខាងជើង ដោយ​ប្រើ ឈ្មោះថា ហូ ជី មិញ ( Hồ Chí Minh ) ដើម្បី បង្កើតរ​ណ​សិ​រ្យ វៀត មិញ ( Việt Minh ) ដោយ រំពឹងថា រណ​សិ​រ្យ នេះ នឹង​បាន​ក្លាយជា​បណ្តុំ នៃ បក្សពួក​ទាំង ឡាយ​រប​ស់ វៀតណាម សម្រាប់​ប្រយុទ្ធ ដើម្បី ទាមទារ​ឯករាជភាព​របស់ វៀតណាម ពី បារាំង ។ ប៉ុន្តែរ​ណ​សិ​រ្យ នេះ ត្រូវបាន​បង្ក្រាប​ដោយ​បក្សកុម្មុយនិស្ត ។​

​រណ​សិ​រ្យ វៀត មិញ មាន​កងទ័ព​មិនសូវ​ហំហែង​ឡើយ ហើយ​អំឡុង​សង្គ្រាម​នោះ ពួកគេ​បាន ធ្វើការ​ជាមួយ​ភ្នាក់ងារ អាមេរិក ដើម្បី ប្រមូលផ្តុំ​បញ្ញវ័ន្ត ប្រឆាំង ជប៉ុន ។ នៅ​ឆ្នាំ ១៩៤៥ ជប៉ុន បាន​ចុះចាញ់​សង្គ្រាមលោកលើកទី ២ ហើយ​ពួក​សម្ព័ន្ធមិត្ត បាន​បង្កើត​អំណាច​គ្មាន​អ្នកត្រួតត្រា ( អធិបតេយ្យភាព​) សម្រាប់​ពួក​អ្នក​ជាតិនិយម វៀតណាម គ្រប់​គណៈបក្សនយោបាយ​ទាំងអស់ ។​

​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ ពួក រណ​សិ​រ្យ វៀត មិញ បាន​ដឹកនាំ​បដិវត្តន៍​ប្រឆាំង​អាណានិគម បារាំង នៅ វៀតណាម ហើយ​បដិវត្តន៍​ត្រូវបាន​គេ​ហៅថា បដិវត្តន៍ សីហា (The August Revolution ) ឬ ការ​ងើប​បះបោរ​ទូទៅ ខែសីហា ។ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ពួក វៀត មិញ ដណ្តើម​កាន់កាប់​បាន​ភូមិ ឃុំ នៅតាម​ជនបទ និង ទីក្រុង​នានា​នៅ វៀតណាម ខាងជើង វៀតណាម កណ្តាល និង វៀតណាម ខាងត្បូង ដោយ​រួមទាំង​ទីក្រុង ហាណូយ ផង ។ ប៉ុន្តែ​នៅ​តំបន់​ខ្លះ​មិនទាន់​ដណ្តើមបាន​នៅឡើយ​ដូចជា​តំបន់ Móng Cái, Vĩnh Yên, Hà Giang, Lào Cai និង Lai Châu ។

​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ នៅ​ទីក្រុង​ហាណូយ លោក​ប្រធាន ហូ ជី មិញ បាន ប្រកាស​ឯករាជ ភាព​របស់ វៀតណាម បង្កើតជា​សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម​(DRV) ក៏បាន​បង្ខំ​ឱ្យ ព្រះ​ចៅ បាវ ដាយ (Bảo Đại) ដាក់រាជ្យ បញ្ចប់​រាជវង្ស ង្វៀន នា​គ្រានោះ​ហោង ។ គឺ​ថ្ងៃនោះ ឯង​ហើយ ដែល​ក្រោយមក បាន​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ វៀតណាម រហូតមកដល់​សព្វថ្ងៃ ។​

​ឆ្នាំ ១៩៤៦ វៀតណាម បាន​ប្រារព្ធ​ការបោះឆ្នោត​ជ្រើ​សើ​រើស​សមាជិកសភា លើកដំបូង​របស់ខ្លួន (​ជ័យជំនះ​បាន​លើ វៀត មិញ​) ហើយក៏​បាន​ព្រាង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ។ ប៉ុន្តែ​ស្ថានភាព​នៅ ទូទាំងប្រទេស​កំពុងស្ថិត​ក្នុង​សភាព​វឹកវរ​នៅឡើយ គឺ បារាំង ព្យាយាម​កាន់កាប់​ឡើងវិញ ដោយ​កម្លាំង​ទ័ព , អ្នកនយោបាយ​ខ្លះ​នៅ​តំបន់ កូសាំង ស៊ីន បង្កើត​រដ្ឋាភិបាល កូសាំងស៊ីន ខ្លួនគេ ខណៈ​ពួក​កុ​ម្មុយ​និ​ស្ត និង អ្នក​មិនមែន​កុ​ម្មុយ​និ​ស្ត វក់វីរ​នឹង​ការប្រយុទ្ធ​គ្នា រីឯ​ពួក​តស៊ូ នានា​បង្កើត​កងទ័ព​រៀងៗ​ខ្លួន ។​

​សង្គ្រាម​ពេញបន្ទុក​រវាង វៀត មិញ និង អាណានិគម បារាំង ឬ សង្គ្រាម​លើក​ទី ១ នៅ ឥណ្ឌូចិន បាន​ផ្ទុះ​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៤៦ ។ ដោយ​ដឹងថា​អាណានិគមនិយម​បាន ចូល​ដល់ទី​អវសាន​ទូទាំង​ពិភពលោក​ទៅហើយនោះ បារាំង បាន​រចនា​ប្រទេស​វៀតណាម ជា​រដ្ឋ​ពាក់កណ្តាល​ឯករាជ្យ ដោយមាន​ព្រះ​ចៅ បាវ ដាយ (​ដែល​ពួក​វៀត​មិញ​បង្ខំ​ឱ្យ​ដាក់រាជ្យ ទៅហើយ​) ជា​ប្រមុខរដ្ឋ ។

បំបែក​វៀតណាម​ជា​ពីរ​
​ប៉ុន្តែ​ទីបំផុត បារាំង​បាន​ត្រូវ​បញ្ចុះបញ្ចូល​ឱ្យ​លះបង់​អាណានិគម​របស់ខ្លួន​នៅ​តំបន់​ឥណ្ឌូចិន បន្ទាប់ពី​កងទ័ព វៀត មិញ យកឈ្នះ​លើ​កងទ័ពរ បារាំង នៅ បៀ​ន បៀ​ន ភូ (Dien Bien Phu) នា​ខែ សីហា ឆ្នាំ ១៩៥៤​។ សន្និសីទ​ទីក្រុង ហ្សឺ​ណែវ ឆ្នាំ ១៩៥៤ នោះ បាន​បំបែក​វៀតណាម ជា​ពីរ​ផ្នែក ដោយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត របស់ ហូ ជី​មិញ (​វៀ​ណា​ម​ខាងជើង​) ចាប់ពី​ទីក្រុង ហាណូយ ហើយ​សាធារណរដ្ឋ វៀត ណា​ម របស់លោក ង៉ូ ឌិ​ញ យៀម ( វៀតណាម​ខាងត្បូង​) ដែល​គាំទ្រ​ដោយ សហរដ្ឋអាមេរិក គ្រង់​គ្រង​ផ្នែក​ខាងត្បូង​ចាប់ពី​ទីក្រុង សាយ​ហ្ក​ន ( ព្រៃនគរ​) ។​

​នៅ​ផ្នែក​ខាងជើង រដ្ឋាភិបាល កុ​ម្មុយ​និ​ស្ត បានចាប់ផ្តើម​កំណែទម្រង់​ដីធ្លី​ដែល​បណ្តាលឱ្យ​មនុស្ស ប្រមាណ​ជា ៥០ ០០០ នាក់​បាន​វិនាស និង ស្លាប់ ។ នៅ​ខាងត្បូង​ឯណោះ​វិញ រដ្ឋាភិបាល របស់លោក យៀម បាន​កម្ទេច​គូប​ដិ​បក្ស​ផ្នែក​នយោបាយ និង សាសនា ក៏បាន​ចាប់​ដាក់គុក ឬ សម្លាប់​រាប់ម៉ឺន​នាក់​ដែរ ។

​ភាពមិន​សាន្តត្រាណ នៃ វៀតណាម ទាំងពីរ​នេះ​នាំឱ្យ​ផ្ទុះ​ស​ង្គ្រា ឥណ្ឌូចិន លើក​ទី ២ ដែល ពេលខ្លះ​គេ​ហៅថា សង្គ្រាម វៀតណាម , សង្គ្រាម​វៀតណាម ប្រឆាំង អេ​មេ​រិ​ក ឬ សង្គ្រាម អាមេរិក បាន​ផ្ទុះឡើង​នៅ វៀតណាម (​ជះឥទ្ធិពល​ដល់​កម្ពុជា និង ឡាវ យ៉ាងធ្ងន់ធ្ងរ ) ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ១៩៥៥ ដោយ វៀតណាម ខាងជើង គាំទ្រ​ដោយ សហភាព សូ​វៀត ចិន និង សម្ព័ន្ធ​កុ​ម្មុយ​និ​ស្ត ចំណែក វៀត​ណា ខាងត្បូង គាំទ្រ​ដោយ​អាមេរិក ហ្វីលីពីន និង សម្ព័ន្ធមិត្ត​ដែល​ប្រឆាំង​កុ​ម្មុយ​និ​ស្ត ។

​វៀត កុង (Viet Cong= រណ​សិ​រ្យ រំដោះជាតិ NLF គឺជា​អង្គការ​នយោបាយ និង កងទ័ព របស់​ពួក​កុ​ម្មុយ​និ​ស្ត​នៅ វៀតណាម ខាងត្បូង ប្រឆាំង​របប​គ្រប់គ្រង វៀតណាម ខាងត្បូង ដែល​តាមពិត វៀត​ខាងត្បូង ជា​ទឹកដី​សេរី​ដោយមាន អាមេរិក ជា​អ្នក​ញាក់​) ជំនួយ​ដោយ វៀតណាម ខាងជើង ធ្វើសង្គ្រាម​ឩ​ទ្ទាម​ប្រឆាំង​ពួក​សេរី​នៅក្នុង​តំបន់​នេះ ខណៈ​កងទ័ព​ប្រជាជន វៀតណាម (PAVN)​ប្រយុទ្ធ​ប្រឆាំងនឹង​វត្តមាន​កងទ័ព អាមេរិក នៅលើ​ទឹក​វៀតណាម (​ខាងត្បូង​) ឬ ដើម្បី ឯករាជភាព វៀតណាម ខាងត្បូង ពី​ការបញ្ជា​របស់ អាមេរិក ។

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩៧៣​បាន​ព្រមព្រៀងគ្នា​ថា ផ្សះផ្សា បញ្ចប់សង្គ្រាម​ដោយ​សន្តិភាព​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​នៅ​វៀតណាម​ខាងត្បូង និង បង្រួបបង្រួម​ជាតិ​ដោយ​សន្តិវិធី ។ ប៉ុន្តែ វៀតណាម ខាងជើង មិនបាន​គោរព​កិច្ចព្រមព្រៀង​នោះ ឡើយ ទើប​សង្គ្រាម​នៅតែ​បន្ត​ទូទាំង ឥណ្ឌូចិន ។ ដោយ​ស្ថានភាព​ក្នុងប្រទេស​មានការ​ប្រែ ប្រួល​ផង កងទ័ព អាមេរិក បាន​ដក​ចេញពី វៀតណាម ខាងត្បូង នៅ​ឆ្នាំ ១៩៧៣ ដែល​បាន សេចក្តី​ថា វៀតណាម ខាងត្បូង បាន​បាត់បង់​ចៅហ្វាយនាយ ឬ ចៅហ្វាយនាយ​របស់ វៀតណាម ខាងត្បូង គឺ អាមេរិក បាន​បោះបង់ចោល​វៀតណាម​ខាង​ត្បូង ( ធី​វ គី ) ដើម្បី សេចក្តីសុខ​របស់ អាមេរិក ( ស្រដៀង​លន់ នល់ និង សេរី​មតៈ ដែរ​ដែល​ត្រូវ អាមេរិក​បោះ បង់​ចោល គ្រាន់តែ​ថា អាមេរិក មិនដែល​បាន​សន្យាថា នឹង​ផ្តល់ ឬ ជួយ​អ្វី​ដល់ កម្ពុជា ឡើយ ហើយ នៅក្នុង​សង្គ្រាម​នោះ កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា គ្រាន់តែ​ជា រឿង​ក្រៅ​ឆាក ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​ឆាបឆេះ ធ្វើឱ្យ កម្ពុជា វិនាស​ហិនហោចខ្លោចផ្សា ) ។

​ដោយហេតុ​នោះ ទីក្រុង សាយ​ហ្ក​ន ឬ ទីក្រុង ព្រៃនគរ ដែលជា​រដ្ឋធានី​របស់ វៀតណាម ខាងត្បូង បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ វៀតណាម ខាងជើង ឬ វៀតណាម កុ​ម្មុយ​និ​ស្ត ហើយ​ទាហាន វៀត​ណា ខាងត្បូង ក៏បាន​ចុះចាញ់ វៀតណាម កុ​ម្មុយ​និ​ស្ត នៅ​ថ្ងៃទី ៣០ ( ប្រមាណ​ជា​ជិត ២ សប្តាហ៍​បន្ទាប់ពី ខ្មែរក្រហម បាន​ដណ្តើម ក្រុង ភ្នំពេញ ពី​របប​សាធារណ រដ្ឋ​ខ្មែរ របស់ លន់ នល់ ) ខែ មេសា ឆ្នាំ ១៩៧៥ ហើយ​សង្គ្រាម​បានបញ្ចប់​ដោយ វៀតណាម ទាំងស្រុង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ វៀតណាម កុ​ម្មុយ​និ​ស្ត ។

​ដើម្បី ផ្តល់​កិត្តិយស​ដល់​លោក ហូ ជី មិញ រដ្ឋាភិបាល វៀតណាម រួបរួម បាន​ប្តូរ​ទីក្រុង សាយ​ហ្ក​ន ( អ​តី​តី​ព្រៃនគរ ) ទៅជា​ទីក្រុង ហូ ជី មិញ រហូតមកដល់​សព្វថ្ងៃ ។ ហូ ជី មិញ ដែលជា​មហា​បុរស នៃ ជនជាតិ វៀតណាម បាន​ស្លាប់​នៅ​ឆ្នាំ ១៩៧៦ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា

មហា​បុរស​ជាតិ វៀតណាម ង្វៀន អាយ គួ​ក ហៅ ហូ ជី មិញ ប្រកាស​ឯករាជភាព​វៀតណាម
​ទីក្រុង ហូ ជី មិញ នៃ ប្រទេស វៀតណាម អតីត​ទីក្រុង ព្រៃនគរ

ទីតាំងផ្សាយពាណិជ្ជកម្ម