គោត្តនាម​, នាម​, បព្វជិតនាម​, នាមប័ណ្ណ​

194
ចែករម្លែក

ដកស្រង់ៈ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

គោត្តនាម (​គោត​-​តៈ​-​នាម​) នាមសព្ទ ( បា​.; សំ​. គោត្រ​នាម​ន៑ ) នាមត្រកូល ។​

នាម (​និបាតសព្ទ​) ( សំ​. បា​. ) ឈ្មោះថា​, ហៅថា ឱ​អ្នក​អើយ​, ខ្ញុំ​នាម​តែ​ថា “​ដង្ខៅៗ​” ទេ សព្វថ្ងៃនេះ នៅ​ល្បី​តែ ឈ្មោះ​ប៉ុណ្ណោះ រីឯ​ទ្រព្យសម្បតិ្ត​វិនាស​អស់ហើយ​គ្មានទេ​. . . . ។​

​នាមសព្ទ ( បា​. ; សំ​. នាម​ន៑ > នាម​) ឈ្មោះ នាមខ្លួន​, នាមត្រកូល ។ រ​. ស​. ព្រះនាម​, ទ្រង់​ព្រះនាម​. . . ។ សម្តី​សម្តែង​នូវ​ឈ្មោះ​ជា​គ្រឿង​កំណត់សម្គាល់​ឲ្យ​ហៅ​បាន​, ដូច​ពាក្យ​ថា មនុស្ស​, សត្វ​, ដី​, ទឹក​, ភ្លើង​, ខ្យល់​, ស្រែ​, ចម្ការ ជាដើម ហៅថា នាម ( ព​. វ​. ) ។​

​នាមសព្ទ ( បា​. ) ឈ្មោះ​មូលកច្ចាយន​និទ្ទេស​ទី ២ ( បែប​វេយ្យាករណ៍​សម្រាប់​រៀន​ភា​សា​បាលី )
​មូលនាម​, មេសូត្រ​នាម​, រៀន​បំបែក​វិធី​នាម ។​

​នាមសព្ទ ប្រដាប់​នេសាទ​មច្ឆជាតិ ធ្វើ​ដោយ​ខ្សែ​ធ្មៃ មាន​ក្រឡា​បួន​ជ្រុង​ស្មើ មាន​ខ្សែដៃ​ពីរ មាន​ថ្ម​សណ្ដូន ជើង មាន​ក្រវិល​រូត​មាត់​, សម្រាប់​មនុស្ស​ពីរ​នាក់​ជិះ​លើ​ទូក​ក្បាល​កន្សៃ កាន់​ចុង​ប្រដាប់​នោះ ម្ខាង​ម្នាក់ អុំ​វាត​ទូក​បញ្ឆៀង​ទទឹង​ខ្សែទឹក​បណ្តែត​សំរៀម​តាម​ខ្សែទឹក​, កាលបើ​មាន​ត្រី​ជាប់ ក៏​អាច​ដឹង​ភ្លាម​នាំគ្នា​ទៅ​វាតនាម ។​

បព្វជិតនាម (​ប័​ប​-​ពៈ ជិ​តៈ នាម​) នាមសព្ទ ( បា​. បព្វជិត “​អ្នកបួស​” + នាម “​ឈ្មោះ​” ) ឈ្មោះ​នៃ អ្នកបួស​, ឈ្មោះ​សម្រាប់​អ្នកបួស ( ដែល​ប្រើ​ជា​បាលី ) គឺ​នាម​ដែល​ចុះ​លើ​សន្លឹក​ឆាយា សម្រាប់​ភិក្ខុ ឬ​ដែល​ចុះ​លើ​សន្លឹក​សង្ឃដីកា សម្រាប់​សាមណេរ​សម្រាប់​ហៅ​ជា​ជំនួស​នាម កាលដែល​នៅ​ជា​គ្រហស្ថ​, ដូចជា​នាម​ថា ខេ​មាន​ន្ទោ​,​ខេ​មា​ភិ​រ​តោ​,​ច​ន្ទា​ភោ​,​ជោ​ត​ញ្ញា​ណោ​, ពុទ្ធរ​ក្ខិ​តោ ជាដើម : ភិក្ខុ​សួស្តិ៍​-​សយ មាន​បព្វជិតនាម​ជា ព្រហ្ម​ប​ណ្ឌិ​តោ​; សាមណេរ មាស​-​ម៉ុម មាន​បព្វជិតនាម​ជា សី​លាន​ន្ទោ ។ ល ។ តាម​ទម្លាប់​ឬ​លំ​អាន​ក្នុង​វិន័យ​ពុទ្ធសាសនា​, កាលបើ កុលបុត្ត​បាន​បួស​ជា​សាមណេរ​ឬ​បាន​ឧបសម្បទា​ជា​ភិក្ខុ​រួចហើយ គេ​មិន​ហៅ​ឈ្មោះ​ដើម​កាល ដែល​នៅ​ជា​គ្រហស្ថ​នោះទេ គេ​ហៅ​ចំពោះតែ​បព្វជិតនាម​ជានិច្ច ទោះ​សរសេរ​ចុះ​ក្នុង​បញ្ជី ឬ​ក្នុង​លិខិត​ផ្សេងៗ​ជា​ផ្លូវការ ក៏​គេ​ប្រើ​ចំពោះតែ​បព្វជិតនាម​នោះឯង អ្នកផង​គេ​ស្គាល់​តែ​នាម ក្នុង​ផ្នួស​ថា​ជា​ឈ្មោះ​នៃ​ភិក្ខុ​ឬ​សាមណេរ​នោះៗ​ប៉ុណ្ណោះ ។ ( អ្នក​ឥណ្ឌា​, លង្កា​, ភូមា​, មន​, គេ​ប្រតិបត្តិ​តាមបែប​នេះ​ជា​ដរាប ) ។​

នាមប័ណ្ណ (—​មៈ​ប័ន​) នាមសព្ទ ( បា​. នាម + បណ្ណ ) ក្រដាស​រឹង​ជា​សន្លឹក​តូចៗ មាន​សរសេរ​នាម របស់​បុគ្គល​ម្នាក់ៗ ( បារ​. Carte de visite ) ៕

ទីតាំងផ្សាយពាណិជ្ជកម្ម