ម៉ាក ហ្សា​ក់​ឃើ​បឺ​ផ្តល់​កសិណសាក្សី​ដល់​សភា​ថា ៖ “​វា​ជា​កំហុស​ខ្ញុំ ខ្ញុំ​សុំទោស​”

1199
ចែករម្លែក
  • 62
    Shares

​ប្រធាន​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​ស្តីបន្ទោស​ចំពោះ​ការ​បែកធ្លាយ​ទិន្នន័យ​ឯកជន​និង​សន្តិសុខ​នៅលើ​បណ្តាញ​សង្គម​ធំ​បំផុត​របស់​ពិភពលោក​នេះ មកលើ​ខ្លួន​គាត់​តែ​ម្នាក់​ប៉ុណ្ណោះ ខណៈដែល​គាត់​បានបង្ហាញ​ខ្លួន​ផ្តល់​កសិណសាក្សី​កាលពី​ថ្ងៃ​ចន្ទ (៩ មេសា​) នៅ​វិមាន​កា​ពី​តូ​ល​ហ៊ីល នៅ​ចំពោះមុខ​ពួក​សមាជិកសភា​ដ៏​ក្រេវក្រោធ​។​

​នៅក្នុង​សុន្ទរកថា​ដែល​បាន​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​រដ្ឋសភា លោក​ហ្សា​ក់​ឃើ​បឺ​កបាន​សារភាពថា លោក​មាន​ឧ​ត្ត​ម​គតិ​ខ្លាំងពេក និង​មិនបាន​យល់ច្បាស់​ថា​តើ​បណ្តាញ​សង្គម ដែល​ប្រើប្រាស់​ដោយ​មនុស្ស​២​ពាន់​លាន​នាក់​នេះ អាច​ត្រូវបាន​គេ​រំលោភបំពាន​និង​បោក​ប្រើ​ដោយ​របៀប​ណា​។​

​បុរស​វ័យ ៣៣ ឆ្នាំ​រូបនេះ​នឹង​ផ្តល់​កសិណសាក្សី នៅ​ចំពោះមុខ​ព្រឹទ្ធសមាជិក​នៅ​ថ្ងៃ​អង្គារ​ទី​១០​មេសា​នេះ និង​សមាជិកសភា​នៅ​ថ្ងៃ​ពុធ ចំពេល​មានការ​រិះគន់​ខ្លាំង​អំពី​ការ​ប្លន់​ទិន្នន័យ​អ្នក​ប្រើ Facebook រាប់លាន​នាក់​ដោយ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់​របស់​អង់គ្លេស Cambridge Analytica ដែល​ធ្វើការ​ជាមួយ​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ​។​

​កាលពី​ថ្ងៃ​ចន្ទ​លោក​ហ្សា​ក់​ឃើ​បឺ​កបាន​ប្តូរ​ចេញ​អាវយឺត​ប្រចាំត្រកូល​របស់គាត់​មក​ស្លៀកពាក់​ឈុត​ធំ​វិញ ខណៈដែល​គាត់​រួមជាមួយ​ប្រពន្ធ​ឈ្មោះ ព្រី​ស៊ី​ល​ឡា ចាន់ បានមក​វិមាន​កា​ពី​តូ​ល​សម្រាប់​ការប្រជុំ​ឯកជន ជាមួយ​សមាជិកសភា នៅមុន​សវនាការ ដែលជា​ការធ្វើ​តេស្ត​ដ៏​សំខាន់​សម្រាប់​ស្ថាបនិក Facebook រូបនេះ​។​

​លោក​ហ្សា​ក់​ឃើ​បឺ​ក​និយាយ​ក្នុង​លិខិត​ផ្តល់​កសិណសាក្សី​របស់គាត់ ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​របស់​សភា​ថា “​យើង​មិនបាន​យល់ច្បាស់​អំពី​ការទទួលខុសត្រូវ​រប​ស់​យើង ហើយ​នោះ​ជា​កំហុស​ដ៏​ធំ​។ វា​ជា​កំហុស​របស់ខ្ញុំ ខ្ញុំ​សុំទោស​។ ខ្ញុំ​បានចាប់ផ្តើម​បើក Facebook ខ្ញុំ​បាន​ដំណើរការ​វា ហើយ​ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​កើតឡើង​នៅទីនេះ​”​។​

​នៅក្នុង​សុន្ទរកថា​លាយលក្ខណ៍អក្សរ​នោះ ហ្សា​ក់​ឃើ​បឺ​កបាន​ហៅ Facebook ថា “​ក្រុមហ៊ុន​មាន​ឧ​ត្ត​ម​គតិ និង​សុទិដ្ឋិនិយម​” ហើយ​និយាយថា “​យើង​ផ្តោតលើ​អ្វីដែល​ល្អ​ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​មនុស្ស​ទាំងអស់គ្នា​”​។​

​ប៉ុន្តែ​លោក​បាន​ទទួលស្គាល់ថា “​ឥឡូវនេះ​វា​ច្បាស់​ណាស់​ថា​យើង​មិន​បានធ្វើ​អ្វី​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ឧបករណ៍​ទាំងនេះ​ពី​ការប្រើប្រាស់​ដើម្បី​បង្ក​គ្រោះថ្នាក់​។ ទាំងនោះ​មាន ព័ត៌មាន​ក្លែងក្លាយ ការជ្រៀតជ្រែក​ពី​បរទេស​ក្នុងការ​បោះឆ្នោត និង​ការនិយាយ​ពាក្យ​សម្អប់ ក៏ដូចជា ការ​បែកធ្លាយ​ទិន្នន័យ​ឯកជន​និង​ទិន្នន័យ​របស់​អ្នក​អភិវឌ្ឍ​”​។​

​លោក​ហ្សា​ក់​ឃើ​បឺ​ក​និយាយថា លោក​អំពាវនាវ​ឱ្យមាន​ការវិនិយោគ​កាន់តែ​ច្រើនឡើង​ក្នុង​ផ្នែក​សន្តិសុខ “​ដែល​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រាក់ចំណេញ​របស់​យើង​នាពេលខាងមុខ​” ដោយ​បន្ថែមថា “​ខ្ញុំ​ចង់ឱ្យ​ច្បាស់​ទាំងអស់គ្នា​ថា អាទិភាព​របស់​យើង​គឺ ការការពារ​សហគម​ន៍​របស់​យើង សំខាន់​ជាង​ការបង្កើន​ប្រាក់ចំណេញ​របស់​យើង​ទៅទៀត​”៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក

ទីតាំងផ្សាយពាណិជ្ជកម្ម