FBI ឆ្មក់​ឆែកឆេរ​ការិយាល័យ​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ត្រាំ​

1409
ចែករម្លែក

​ភ្នាក់ងារ​សហព័ន្ធ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​មេសា​បាន​ឆ្មក់​ចូល​ការិយាល័យ​នៅ​ញូវយ៉ក​របស់​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ដូ​ណា​ល់ ត្រាំ គឺ​លោក ម៉ៃ​ឃើ​ល ខូ​ហិន ដែល​បាន​បង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​ឱ្យទៅ​តារា​សិច​ម្នាក់ ដែល​និយាយថា​នាង​មាន​ទំនាក់ទំនង​លើ​គ្រែ​ជាមួយ​ប្រធានាធិបតី​អាមេរិក​រូបនេះ​។​

​មេធាវី​ផ្ទាល់​របស់លោក​ខូ​ហិន លោក ស្តេ​ហ្វិ​ន រ៉ា​យ​អ៊ែន បាន​និយាយថា ភ្នាក់ងារ​ទាំងនេះ​ធ្វើការ​តាម​សំណើ​របស់លោក រ៉ូបឺត មូល​ល័​រ ដែលជា​អ្នក​ប្រឹក្សា​ពិសេស កំពុង​ស៊ើបអង្កេត​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​យុទ្ធនាការ​បោះឆ្នោត​របស់​ត្រាំ​។​

​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​និយាយថា ឯកសារ​ដែល​រឹបអូស​ក្នុងការ​ឆ្មក់​ឆែកឆេរ​នោះ គឺ​ទាក់ទង​នឹង​ការបង់ប្រាក់​អសារ​បង់ ដល់​តារាភាពយន្ដ​សិច ស្ត​មមី ដា​នី​ញែ​ល នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ក្នុង​បំណង​បិតមាត់​ដា​នី​ញែ​ល​អំពី​ទំនាក់ទំនង​លើ​គ្រែ​ដំបូង​របស់​នាង​ជាមួយ​លោក​ត្រាំ​។

​លោក​ខូ​ហិន​គឺជា​មេធាវី​និង​ជា​មនុស្ស​គួរឱ្យ​ទុកចិត្ត​បំផុត​របស់​ត្រាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ផ្តល់​ដំបូន្មាន​ដល់​គាត់​អំពី​បញ្ហា​អចលនទ្រព្យ និង​បញ្ហា​ផ្ទាល់ខ្លួន ក៏ដូចជា​តាម​ជួយ​គាំទ្រ​គាត់ ចាប់តាំងពី​គាត់​ក្លាយជា​ប្រធានាធិបតី​។​

​លោក រ៉ា​យ​អ៊ែន បាន​រិះគន់​ក្រុម​រដ្ឋអាជ្ញា​ជុំវិញ​ការ​ឆ្មក់​បង្ក្រាប ដែល​បានកើត​ឡើងខណៈ​លោក​មូល​ល័​រ​បាន​ព្យាយាម​សម្ភាស​លោក​ត្រាំ​សម្រាប់​ការស៊ើបអង្កេត​ដ៏​ធំ​របស់គាត់​។​

​លោក​មូល​ល័​រ​បច្ចុប្បន្នកំពុង​ពិនិត្យមើល​លទ្ធភាព​នៃ​ការឃុបឃិត​គ្នា​រវាង​យុទ្ធនាការ​របស់លោក​ត្រាំ​និង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ការចោទប្រកាន់​អំពី​អំពើពុករលួយ​របស់​មេៗ​យុទ្ធនាការ​ត្រាំ និង​ការប្រឹងប្រែង​របស់​សេត​វិមាន​ដើម្បី​រារាំង​ការស៊ើបអង្កេត​។​

​លោក រ៉ា​យ​អ៊ែន និយាយថា “​ការសម្រេចចិត្ត​ដោយ​ការិយាល័យ​មេធាវី​អាមេរិក​នៅ​ទីក្រុង​ញូវយ៉ក​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ដោយ​ប្រើប្រាស់​ដីកាឆែកឆេរ គឺ​មិន​សមរម្យ​និង​មិនចាំបាច់​។ វា​បាន​នាំឱ្យមាន​ការជាប់គាំង​មិនចាំបាច់​នៃ​ទំនាក់ទំនង​រវាង​មេធាវី​ការពារ​ក្តី​និង​កូនក្តី​របស់គាត់​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង នាង​ស្ត​មមី ដា​នី​ញែ​ល
មេធាវី​ផ្ទាល់ខ្លួន​របស់​ត្រាំ លោក ម៉ៃ​ឃើ​ល ខូ​ហិន

ទីតាំងផ្សាយពាណិជ្ជកម្ម