សម្ភាស​, ប្រតិវេទន៍​, ពន្ធ​, សភាវៈ​, សណ្ដាប់ធ្នាប់​, សណ្ឋិត​

224
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សម្ភាស ( ន​. ) ការនិយាយ​បំភ្លឺ​, ការនិយាយ​រកគ្នា​, ការ​រាក់ទាក់​រកគ្នា​; ពាក្យ​សសោះអន្ទង​; សម្ដី​ឆ្លើយឆ្លង​ឬ​សាសង​ដោយ​លំអុត​; សល្លាបកថា​, សង្កថា ។ សព្វថ្ងៃ​ប្រើ​សំដៅយក​ការសុំ​ជួប នឹង​ជន​ណាមួយ ដើម្បី​សន្ទនា​សាកសួរ​អំពី​កិច្ចការ​, អំពី​យោបល់​ឬ​គោលបំណង​ជាដើម របស់​ជន​នោះ : ធ្វើ​សម្ភាស​, ស្ដាប់​សម្ភាសន៍ ។ សម្ភាសបត្រ ឬ​–​បណ្ណ (​សំ​-​ភាសៈ​ប័ត ឬ​–​ប័ន​) សំបុត្រ​ឆ្លើយតប​ទៅវិញទៅមក​ដោយ​សេចក្ដី​រាប់អាន​គ្នា​។ សម្ភាសសិក្សា (​សំ​-​ភាសៈ​សិ​ក​-​សា​) ការហាត់​និយាយ​ឲ្យ​ត្រូវ​បែបបទ ។​ល​។​

ប្រតិវេទន៍ ប្រតិវេត សំ​.; បា​. ( ន​. ) (​ប្រតិវេទន​; ប​ដិ​វេទ​ន​) ការពិត​ទូល​, ការ​ក្រាបបង្គំ​ទូល​, ការ​ជម្រាប : ត្រូវធ្វើ​ប្រតិវេទន៍​សិន ទើប​អាច​ចូល​បាន ។ សេចក្ដី​ប្រកាសប្រាប់​; ដំណឹង​ជា លាយលក្ខណ៍អក្សរ​, បណ្ដឹង : ប្រទេស​នេះ​បានធ្វើ​ប្រតិវេទន៍​ហើយ​ថា​ខ្លួន​នឹងមិន​ធ្វើសង្គ្រាម ជាមួយនឹង​ប្រទេស​នោះទេ​; ភ្នាក់ងាររាជការ​ទាំង​ឡាយ​លុះត្រា​តែមាន​ប្រតិវេទន៍​នៃ​បន្ទុក គ្រួសារ ទើប​អាច​បើកប្រាក់​បំណាច់​គ្រួសារ​កូន​បាន ។

ពន្ធ ( ន​. ) (​ពន្ធ ជា កិ​. “​ចង​, ជាប់​, ជំពាក់​”; ពន្ធ​, ពន្ធន៍ ជា ន​. “​ចំណង​, អន្ទាក់​, គ្រឿង​ជាប់​, ជំពាក់​”) សួយ​, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់ : ពន្ធស្រូវ​, ពន្ធទូក​, ពន្ធទាស​, ពន្ធខ្លួន​…; ទារពន្ធ​, បង់ពន្ធ ។ ពន្ធដារ ពន្ធ​គ្រប់មុខ : ការបង់​ពន្ធដារ​សម្រាប់​ដែនដី ហៅថា រាជពលី ។ ពន្ធចំពោះ ពន្ធ​ដីស្រែ​ចម្ការ​ជាដើម ដែល​សាមីខ្លួន​ជា​ម្ចាស់​របស់​ត្រូវ​បង់​ជូន​រាជការ​តាម​ចំនួន ដែលមាន​កម្រិត​ទុកជា​ស្រេច​ក្នុង​បញ្ជី ។ ពន្ធមិនចំពោះ​ពន្ធ​នៃ​គ្រឿង​បរិភោគ​និង​គ្រឿង​ប្រើប្រាស់ ផ្សេងៗ​ដូចជា​ពន្ធគយ​និង​រដ្ឋាករ​ជាដើម ដែល​ជននី​មួយៗ​ត្រូវ​បង់​ជូន​រាជការ​ដោយសារ​ខ្លួន ត្រូវការ​បរិភោគ​ឬ​ប្រើប្រាស់​នូវ​វត្ថុ​ទាំងនោះ ។

សភាវៈ ( ន​. ) (​សភាវ​; ស្វ​ភាវ​) ដូច សភាព ដែរ ។ សភាវធម៌ (​សៈភាវៈ​ធ័​រ​) ធម្មជាតិ​ដើម​, គោល​របស់​ធម្មតា ។ សភាវសណ្ឋិត ដែល​ឋិត​នៅ​ស៊ប់​តាម​កំណើត​ដើម​; អ្នក​ដែល​ឋិត​នៅ ស៊ប់​ក្នុង​ធម្មតា ។​ល​។

សណ្ដាប់ធ្នាប់ ( ន​. ) ចា​រិត​, ឫក​ចា​រិត​, បែបបទ : មាន​សណ្ដាប់ធ្នាប់​ល្អ ។ របប​, របៀបរបប : មនុស្ស​ឥត​សណ្ដាប់ធ្នាប់​; ទុកដាក់​របស់​មា​នស​ណ្ដា​ប់​ធ្នាប់​គឺ​ទុកដាក់​តាមរបៀប ។

សណ្ឋិត ( កិ​. ) ឋិត​នៅ​ស៊ប់​, តាំងស៊ប់​, ឈរ​; ឈប់ ។ ទ្រង់​សណ្ឋិត ឬ ទ្រង់​ព្រះ​សណ្ឋិត ទ្រង់​ឈរ ឬ​ទ្រង់​ឈប់ ។ សព្ទ​អារក្ស​ថា “​ចូល​រូប​, ជាន់​រូប​, គ្រប​រូប​” : អស់​លោម​កមក​សណ្ឋិត​, គ្រូ​មក​សណ្ឋិត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម