អាជ្ញាធរ​អប្សរា​នឹង​ចាប់ផ្ដើម​រើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​នៅ​សប្តាហ៍​ទី​៣ ខែកក្កដា​នេះ​ ​

1136
ចែករម្លែក

(​សៀមរាប​) ៖ ការរុះរើ​សំណង់​ខុសច្បាប់​ជាង​៥០០​ករណី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​អាច​នឹងត្រូវ​ធ្វើឡើង​ក្នុងអំឡុង​សប្តាហ៍​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខនេះ ។​
​ ​
​ការរុះរើ​នេះ​នឹង​ចាប់ផ្តើម ចេញពី​សំណង់​ខុសច្បាប់ ដែល​នៅ​កៀក​នឹង​ប្រាសាទ ហើយ​បន្តទៅ​សំណង់​ខុសច្បាប់ ផ្សេងៗ​ទៀត​ដែល​កំពុង គំរាមកំហែង​យ៉ាងខ្លាំង ដល់​បេតិកភណ្ឌ​អង្គរ​។​
​ ​
​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​នេះ លោក​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងារ​រួមគ្នា រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាលខេត្ត​សៀមរាប​និង​​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​អនុវត្ត​ការងារ​នេះ បាន​បង្កើតឡើង​រួចរាល់​ហើយ នៅតែ​ក្រុម​ប្រចាំ​ស្រុក​នីមួយៗ រៀបចំ​ផែនការ​លម្អិត​ដើម្បី​​អនុវត្ត​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប៉ុណ្ណោះ ។​
​ ​
​លោក​បាន​បញ្ជាក់ថា សំណង់​ខុសច្បាប់​ទាំងអស់នេះ ក្រុមការងារ​បាន​សិក្សា​ឃើញ ពី​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ចំពោះ​​បេតិកភណ្ឌ​អង្គរ ហើយ​គ្មាន​សំណង់​ខុសច្បាប់​ណាមួយ ដែល​ត្រូវបាន​លើកលែង​មិន​រុះរើ​នោះទេ​។ ការអនុវត្តន៍​ដូច្នេះ គឺ​ដើម្បី​រក្សា​ឲ្យ​បាន នូវ​បេតិកភណ្ឌ​អង្គរ ជៀស​ឲ្យ​ផុត ពី​ការដាក់​អង្គរ​ចូលទៅក្នុង បញ្ជី​បេតិកភណ្ឌ​ពិភពលោក ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​អាច​នឹងត្រូវ​ប្រឈម នឹង​ការដក​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។​
​ ​
​ពាក់ព័ន្ធ​នឹង​ការតវ៉ា ដែល​អាច​នឹង​កើតមានឡើង ក្នុងអំឡុង​ពេលដែល ក្រុមការងារ​ចុះ​បំពេញ​តួនាទី​នោះ លោក លី សំរិទ្ធ​អភិបាលរង​ខេត្តសៀមរាប បញ្ជាក់ថា “​ការងារ​នេះ គឺ​ដើម្បី​ថែរក្សា​នូវ​បេតិកភណ្ឌ ដូនតា​របស់​យើង​។ បើ​មាន​អ្នកធ្វើ​បាតុកម្ម មែន​តើ​គេ​ធ្វើ​ដើម្បី​អ្វី​? ដើម្បី​ការពារ​អ្នកធ្វើ​ខុស​ឬ​យ៉ាងណា​? យើង​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​បាន​យល់​ពី​បញ្ហា​នេះ ហើយ​រួមគ្នា​ដើម្បី​ការពារ បេតិកភណ្ឌ​ដូនតា​។ យើង​បាន​ត្រៀមកម្លាំង រួចជាស្រេច​ក្នុងករណី មានការ​តវ៉ា​ណាមួយ​កើតឡើង ។​

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​យុទ្ធនាការ បោះឆ្នោត​ជ្រើសរើស មេឃុំ​ចៅសង្កាត់ កន្លងទៅ​ថ្មីៗ​នេះ សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​បាន​កើនឡើង យ៉ាងគំហុក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ ពិភពលោក​អង្គរ​។ តាម​របាយការណ៍​ផ្លូវការ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា សំណង់​ខុសច្បាប់​ទាំងនេះ មាន​ចំនួន​៥២១​ករណី ដែល​សំណង់​ខ្លះ នៅ​កៀក​ជិត​នឹង​ប្រាសាទ មាន​ចម្ងាយ​ត្រឹមតែ​៥០​ម៉ែត្រ ទៅ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ប្រាសាទ ។
​ ​
​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចេញ​គោលការណ៍ រុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ​ចេញ ដើម្បី​ថែរក្សា​ឲ្យ​បាន​នូវ​បេតិកភណ្ឌ​ពិភពលោក​អង្គរ សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕ ​ដោយ ៖វិបុល

លោក​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរាក្នុងសន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម