ក្រសួងបរិស្ថាននិងមន្រ្តីពាក់ព័ន្ធបង្ហាញពីការប្តេជ្ញាការពារនិង គ្រប់គ្រងបទល្មើសធនធានធម្មជាតិព្រៃឡង់

218
ចែករម្លែក

ដោយ៖ដេប៉ូ/ក្រចេះ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងពីការខិតខំអនុវត្តនូវវិធានការពារនិងអភិរក្សតំបន់ការពារធនធានធម្មជាតិ របស់ខ្លួនគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវនិងចាត់វិធានការលើបទល្មើសធនធានធម្មជាតិដែលកើតមានឡើងដោយភាពម៉ឺងម៉ាត់។

          នៅក្នុងដំណើរដឹកនាំក្រុមអ្នកសារព័ត៌មានទស្សនកិច្ចរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី៣-៤ខែកញ្ញាឆ្នាំ២០២០នៅតំបន់ព្រៃឡង់ខេត្តក្រចេះ លោក នេត្រភក្រ្តា មន្រ្តីអ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថានាកន្លងមកក្រោមកិច្ចសហប្រតិបត្តិការចូលរួមការពារធនធានធម្មជាតិបានធ្វើឱ្យកម្ពុជាលក់មកវិញនូវឥណ្ឌទានកាបោន ក្នុងនេះដូចជា បណ្ឌលកែវសីម៉ា នៅខេត្តមណ្ឌលគិរី នៅដែនជម្រកសត្វព្រៃ តាតៃ ខេត្តកោះកុង និងឧទ្យានជាតិភ្នំក្រវ៉ាញខាងត្បូង ខេត្តកោះកុង។នាពេលនេះក្រសួងកំពុងអនុវត្តសាកល្បងគម្រោងរេដបូក(Redd+)នៅខេត្តស្ទឺងត្រែងផងដែរ។ក្នុងពេលនេះក្រសួងបានសហការជាមួយនឹងគម្រោងព្រៃឡង់បៃងតរបស់អង្គការយូសេតដែលជាកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកដើម្បីការពារព្រៃឈើនៅតំបន់ព្រៃឡង់ដែលត្រូវបានគេឱ្យឈ្មោះថាព្រៃឡង់បៃតង សំដៅធ្វើយ៉ាងណាការពារឱ្យបាននូវព្រៃឈើតំបន់នេះ ហើយគោលដៅសំខាន់គឺការលក់ឥណ្ឌទានកាបោននេះឯង។

          លោកបានបន្ថែមថា “ចំពោះថវិការដែលបានពីការលក់ឥណ្ឌទានកាបោននេះគឺសម្រាប់យកមកអភិរក្សផងនិងសម្រាប់អភិវឌ្ឍន៍សហគមន៍ដែលនៅជុំវិញហ្នឹងផង។អញ្ចឹងហេតុអ្វីប្រជាសហគមន៍ គាត់ត្រូវសហការជាមួយមន្រ្តីឧទ្យាននុរក្សរបស់យើង ពីព្រោះថាពួកគាត់ទទួលបានផលប្រយោជន៍ទី១ពួកគាត់នៅកន្លែងនោះអាចចូលទៅក្នុងព្រៃដើម្បីទាញយកនូវអនុផលព្រៃឈើ ក្នុងហ្នឹងមានដូចជា ជ័រទឹក ឃ្មុំ បន្លែ បង្កាផ្សេងៗ”។

          លោក នេត្រ ភក្រ្តាបានមានប្រសាសន៍ដែរថា តាមការសិក្សាក្នុងឆ្នាំ១៩៦២ប្រជាជនកម្ពុជាមានប្រមាណជាង៥៧០០០០០នាក់ ហើយព្រៃឈើអំឡុងពេលនោះមានប្រមាណ៧៣ភាគរយ ដែលគ្របដណ្តប់លើផ្ទៃប្រទេស។ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្នព្រៃឈើប្រទេសកម្ពុជាបានធ្លាក់ចុះមកត្រឹម ៤៧,៩៧ភាគរយ តែប្រជាពលរដ្ឋបានកើនឡើងប្រមាណ១៦លាននាក់ អញ្ចឹងហើយយើងឃើញថាកត្តាមនុស្សនាំឱ្យបាត់បង់នូវចំនួនព្រៃឈើនិងធនធានធម្មជាតិ ។បច្ចុប្បន្នយើងឃើញមានការកើនឡើងនូវផ្ទៃដីកកសិកម្មនិងផ្ទះសម្បែងប្រជាពលរដ្ឋ ។សម្រាប់ក្នុងចំណោមព្រៃឈើដែលមាន៤៧,៩៧ភាគរយនេះដែរបច្ចុប្បន្នមានប្រមាណ៤១ភាគរយស្ថិតនៅក្នុងការគ្រប់គ្រងនិងអភិរក្សដោយក្រសួងបរិស្ថាននិងក្រសួងកសិកម្ម។ក្នុងគម្រោងនេះក្រសួងបរិស្ថាន កំពុងគ្របគ្រងនូវ ដែនជម្រកសត្វព្រៃ ឧទ្យានជាតិ មានតំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសាជាដើម ហើយក្នុងចំណោមនេះមាន៦៩កន្លែង ដែលមានផ្ទៃដី ប្រមាណ៧,៣លានហិកតាដែលគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា។

          លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថាក្រោមការគ្រប់គ្រងរបស់ក្រសួងនិងកិច្ចសហការគ្រប់ភាគីបានធ្វើឱ្យបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងមានទៀតហើយ ហើយបើមានគឺក្នុងលក្ខណៈទ្រង់ទ្រាយតូចៗដូចជាការដឹកតាមគោយន្ត តាមម៉ូតូជាដើម។ចំពោះបទល្មើសនេះដែរក្រសួងនឹងបន្តទប់ស្កាត់បន្ថែមទៀត។

          ទាក់ទិននឹងបទល្មើសទន្រ្ទានកាន់កាប់តំបន់ដីធនធានធម្មជាតិវិញត្រូវបានលោករដ្ឋលេខាធិការលើកមកបញ្ជាក់ថាមានជនខិលខូច មួយចំនួនបានប្រើប្រាស់រូបភាពយកប្រជាពលរដ្ឋក្រីក្រមកទន្រ្ទានកាន់កាប់ដីព្រៃ  ហើយបន្ទាប់មកពួកគេសុំឃ្វៀលកាត់យកតែម្តង។តាមរយៈរូបភាពនេះដែររាជរដ្ឋាភិបាលកម្ពុជាកំពុងទប់ស្កាត់និងចាត់វិធានការផ្លូវច្បាប់បន្តបន្ទាប់។

          ព្រមជាមួយគ្នានេះលោក ឆាយដួងសាវុធ ប្រធានមន្ទីរខេត្តក្រចេះបានឱ្យដឹងថា នៅតំបន់ព្រៃឡង់ ក្រុមមន្រ្តីឧទ្យានុរក្សតែងសហការជាមួយប្រជាសហគមន៍ និងអង្គការជាមួយដៃគូរក្នុងការទប់ស្កាត់បទល្មើសកើតឡើង។នៅតំបន់ព្រៃឈើជាច្រើនត្រូវបានដាក់ពង្រាយទីស្នាក់ការដើម្បីសំដៅធ្វើការទប់ស្កាត់និងបង្រ្កាបបទល្មើស។

          លោកឱ្យដឹងបន្ថែមថា កន្លងមកនេះមានការចាប់បាននូវជនល្មើសទាំងការកាប់ប្រៃឈើ បរបាញ់សត្វព្រៃ ហើយតាមរយៈកិច្ចការពារនេះដែរបានធ្វើឱ្យព្រៃឈើមួយចំនួនធំការពារបានយ៉ាងជោគជ័យនិងសត្វព្រៃនៅតំបន់នេះក៏មានការកើនឡើងជាបន្តបន្ទាប់។

          លោកថាក្រៅពីការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ មន្ទីរខេត្តក្រចេះនិងមន្រ្តីមូលដ្ឋានក៏បានធ្វើការអប់រំផ្សព្វផ្សាយសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើ សត្វព្រៃឱ្យុបានគង់វង្សយូរអង្វែងបន្តទៀត។

គួរបញ្ជាក់ថាបើតាម លោក នេត្រ ភក្រ្តា បានឱ្យដឹងថា នៅក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ ករណី។ ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមានដែល សមត្ដិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាបនិងទប់ស្កាត់បន្តទៀត៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម