​ប្រជាពលរដ្ឋ ៖ មិនមាន​ការបាត់បង់​ដី ទៅ​វៀតណាម ដូច​លោក រ៉ុង ឈុន – សួង សុ​ភ័​ណ្ឌ លើកឡើង​ទេ​

347
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ ចម្រុះ​កិច្ចការ​ព្រំដែន បាន​ដឹកនាំ គណៈប្រតិភូ អញ្ជើញ​ចុះទៅ​ជួប ប្រជាពលរដ្ឋ នៅ​ភូមិ​ត្រពាំង​ផ្លុង​១ និង​ភូមិ​ត្រពាំង​ផ្លុង់​២ នៅជាប់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម លេខ ១១៤ ដល់ ១១៩ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​បន្ទាប់ពី​បោះបង្គោល​ព្រំដែន​រួច នៅ​តំបន់​នោះ មាន​បាត់​ដី ទៅ​វៀតណាម ដូច​ការលើកឡើង របស់លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ដែរឬទេ ? ។​

​ការចុះទៅ​ជួប​ប្រជាពលរដ្ឋ​នេះ ក៏មាន​ការចូលរួម ពី​គណៈប្រតិភូ គណបក្ស​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់ ផងដែរ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ បាន​អះអាង ស្រដៀង​គ្នា​ថាៈ ” មិនមាន​ការបាត់បង់​ដី ទៅខាង​ភាគី​វៀតណាម ដោយសារ​ការបោះបង្គោល​ព្រំដែន ដូចជា​ការលើកឡើង របស់លោក រ៉ុង ឈុន និង​លោក សួង សុ​ភ័​ណ្ឌ នោះទេ ហើយ​ពួកគាត់ ក៏​មិនបាន​និយាយថា បាត់បង់​ដី​ដែរ ពួកគាត់​ហ៊ាន ប្រឈម​ចំពោះ មុខ​ច្បាប់ “​។​

​តំណាង​ប្រជាពលរដ្ឋ ចំនួន ១០៦ គ្រួសារ បាន​បដិសេធ ចំពោះ​ការលើកឡើង របស់ លោក រ៉ុង ឈុន និង​លោក សួង សុ​ភ័​ណ្ឌ គឺជា​ការមិនពិត ពីព្រោះ ការបោះបង្គោល​ព្រំដែន អត់​មាន​បាត់បង់​ទឹកដី​ទេ ហើយ​ពួកគាត់ សូម​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ថែរក្សា​ទឹកដី បាន​គង់វង្ស​។​

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល ថ្ងៃទី​៥ ខែកញ្ញា ថាៈ ប្រជាពលរដ្ឋ ដែល​បាន​មកជួប គឺ​បាន​និយាយថា មិនបាត់បង់​ទឹកដី ដោយសារ​ការបោះបង្គោល​ព្រំដែន របស់​គណៈកម្មាធិការ ចម្រុះ​កិច្ចការ​ព្រំដែន​។ អ្វីដែល​ពួកគាត់ ចង់បាន គឺ​ចង់បាន​ដី ដែល​នៅសល់ ដើម្បី​ធ្វើការ​បង្កបង្កើនផល​។ ការ​ទៅ​ជួប​ប្រជាពលរដ្ឋ​នេះ គឺ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ និយាយ​ដោយ​សេរី​។​

​លោក​ទេសរដ្ឋមន្ត្រី វ៉ា​គឹមហុង បានបញ្ជាក់​ថាៈ ” អ្នក​ដែល​អះអាង ដូចជា លោក រ៉ុង ឈុន ក៏ដូចជា លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ គឺ​គាត់​អះអាង ខុស​ទាំងស្រុង ហើយ​អ្វីដែល​គាត់​អះអាង គឺ​មិនមែនជា​ពាក្យសំដី របស់​ប្រជាពលរដ្ឋ នៅ​ទី​នោះទេ ហើយ​ប្រជាពលរដ្ឋ ទាំងអស់នោះ អត់​មាន​ផ្តាំផ្ញើ ឲ្យ​និយាយ​ជំនួស​គាត់​ថា បាត់បង់​ទឹកដី ដូចជា​គាត់​ថា នោះទេ នេះ​គឺជា​អ្វីដែល​យើង​រកឃើញ​។ ប្រជាពលរដ្ឋ សូម​អរគុណ ដល់​សម្តេច​តេ​ជោ ហ៊ុន សែន បោះបង្គោល​ព្រំដែន បាន​ត្រឹមត្រូវ អត់​មាន​បាត់បង់​ទឹកដី មាន​សល់​ដី​ទៀង​ផង​” ។​

​ចំណែក​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន បានបញ្ជាក់​ថាៈ ” គ្រប់​ចម្លើយ​របស់​ប្រជាពលរដ្ឋ សុ​ទ្ឋ​តែ​ឆ្លើយថា អត់​មាន​បាត់​ដី ទៅ​វៀតណាម​ទេ អ្វីដែល​គាត់​ចូលរួម ជាមួយ​ពួក​អគតិ កន្លងទៅ ដោយសារ​ពួកគេ បាន​សន្យាថា នឹង​ជួយ​តវ៉ា​សុំ​ដី ដែល​កម្ពុជា​ទទួលបាន បន្ទាប់ពី​ការបញ្ចប់​ការងារ ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន នៅ​តំបន់​នោះ ឲ្យ​ពួកគាត់ បាន​អាស្រ័យ​ផល ទៅ​ថ្ងៃមុខ​តែប៉ុណ្ណោះ​។ ការពិត ត្រូវបាន​លាតត្រដាង បន្ថែមទៀត “ ។​

​រីឯ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​អះអាងថាៈ ” រឿង​ព្រំដែន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ ជាមួយ​វៀតណាម ពេញ​មួយ​ព្រឹក​នេះ ខ្ញុំ​បាន​ចុះ​ឃ្លាំមើល គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​ចុះ​ជួប​ពលរដ្ឋ ដែល​អះអាងថា បាត់បង់​ដីស្រែ​របស់​ពួកគាត់ នៅ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន ជាប់គុក​ដោយសារតែ​រឿង មិន​ពិត អំពី​ការ​អះអាងថា បាត់បង់​ដី​ពលរដ្ឋ​ខ្មែរ ក្រោយ​បោះបង្គោល​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម “ ។​

​ទាក់ទង​ការ​បំភ្លៃ​ការពិត រឿង​បាត់បង់​ទឹកដី ទៅ​វៀតណាម ដោយសារ​ការបោះបង្គោល​ព្រំដែន គឺ​សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាលពី​យប់ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ និង​លោក សួង សុ​ភ័​ណ្ឌ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ។ នៅក្នុង​រឿងនេះ លោក រ៉ុង ឈុន និង​លោក សួង សុ​ភ័​ណ្ឌ ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​ញុះញង់ បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​មាត្រា ៤៩៥. បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើ​ញុះញង់​ដោយផ្ទាល់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​ម​ធ្យោ​ណាមួយ ក្នុងចំណោម​មធ្យោបាយ ដែលមាន​ចែង ក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​) ខែ ទៅ ២ (​ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ០០០ ០០០ (​មួយ​លាន​) រៀល​ទៅ ៤ ០០០ ០០០ (​បួន​លាន​) រៀល ប្រសិនបើ​ការ​ញុះញង់​នេះ គ្មាន​ប្រសិទ្ធភាព​ទេ​៕V

ទីតាំងផ្សាយពាណិជ្ជកម្ម