តើការដឹកញ្ជូនតាមដ្រូននឹងក្លាយជាទម្លាប់ថ្មីនៅក្រោយសម័យកូវីដ?

528
ចែករម្លែក

ក្រុមហ៊ុន Amazon កាលពីថ្ងៃចន្ទសប្តាហ៍មុនបាននិយាយថា ពួកគេបានទទួលការយល់ព្រមពីសហព័ន្ធសម្រាប់សេវាកម្មដឹកជញ្ជូនតាមដ្រូនរបស់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេចាប់ផ្តើមសាកល្បងការចែកចាយពាណិជ្ជកម្មតាមរយៈកងដ្រូនដ៏សន្ធឹករបស់ខ្លួន។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា វិញ្ញាបនប័ត្រដែលចេញដោយរដ្ឋបាលសហព័ន្ធអាកាសចរណ៍សហរដ្ឋអាម៉េរិក (FAA) មានអត្ថន័យខ្លាំងណាស់ចំពោះក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្សមួយនេះ ដែលបានធ្វើការលើគម្រោងដ្រូនអស់ជាច្រើនឆ្នាំ។

ក្នុងឆ្នាំ ២០១៣ លោក ជេហ្វ បេហ្សូស នាយកប្រតិបត្តិក្រុមហ៊ុននិងជាបុរសមានជាងគេបំផុតនៅលើពិភពលោក បានដាក់គោលដៅកាត់បន្ថយពេលវេលាចែកចាយមកនៅត្រឹម ៣០ នាទី។

ក្រុមហ៊ុនបាននិយាយថាទោះបីជាការសន្យានៅមិនទាន់ក្លាយជាការពិតក៏ដោយ ក៏ប៉ុន្តែការទទួលបានវិញ្ញាបនប័ត្រគឺជា “ជំហានដ៏សំខាន់” ដោយបន្ថែមថា ខ្លួននឹងអាចបន្តសាកល្បងបច្ចេកវិជ្ជាដឹកជញ្ជូនតាមដ្រូន។

  • អ្នកដើរតួសំខាន់លើសកលលោកក្នុងការផ្តល់ការដឹកជញ្ជូនតាមដ្រូន

ក្រុមហ៊ុន Amazon មិនមែនជាអ្នកដើរតួសំខាន់ដំបូងគេដែលត្រូវបានផ្តល់ភ្លើងខៀវពី FAA ដើម្បីធ្វើអាជីវកម្មចែកចាយតាមអាកាសនោះទេ។ ក្រុមហ៊ុនមេរបស់ Google គឺក្រុមហ៊ុន Alphabet និងក្រុមហ៊ុន United Parcel Service បានទទួលការអនុញ្ញាតកាលពីឆ្នាំមុន។

ប៉ុន្តែបើយោងតាមរបាយការណ៍កាសែតញូវយ៉កថែមស៍ មិនទាន់មានក្រុមហ៊ុនណាមួយអនុវត្តសេវាកម្មទូលំទូលាយនៅឡើយទេ។

នៅប្រទេសចិន ទីផ្សារចែកចាយតាមដ្រូនក៏កំពុងដំណើរការយ៉ាងពេញទំហឹងផងដែរ។ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សៗដូចជា Alibaba, JD, ក្រុមហ៊ុនចែកចាយលេចធ្លោមួយចំនួននិងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីថ្មោងមួយចំនួនបានចេញមកជាបន្តបន្ទាប់ដើម្បីអនុវត្តការសាកល្បងចែកចាយតាមដ្រូន។

កាលពីឆ្នាំមុនរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ចិន (CAA) បានផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុនថ្មីថ្មោងមួយមានមូលដ្ឋាននៅទីក្រុងហាំងចូវ ដោយធ្វើឱ្យវាក្លាយជាក្រុមហ៊ុនដំបូងគេដែលសាកល្បងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនចែកចាយអាហារតាមអ៊ីនធឺណេត Ele.me របស់ក្រុមហ៊ុន Alibaba ក៏បានផ្តល់សិទ្ធិដល់ផ្លូវហោះហើរចំនួន ១៧ ក្នុងឆ្នាំ ២០១៨ ផងដែរ ដែលគ្របដណ្តប់លើផ្ទៃដី ៥៨ គីឡូម៉ែត្រក្រឡានិងបម្រើដល់ភោជនីយដ្ឋានជាង ១០០ ។ ផ្លូវទាំងនោះអាចរកបានសម្រាប់អ្នកដែលធ្វើការនៅក្នុងចង្កោមអគារការិយាល័យនៅទីក្រុងសៀងហៃ។

លោក យ៉ាង ជីនខាយ សមាជិកកិត្តិយសនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រអឺរ៉ុបនិងជាប្រធានសមាគមឧស្សាហកម្មយានលើអាកាសគ្មានមនុស្សបើក (UAE) បាននិយាយថា “ទីផ្សារដឹកជញ្ជូននិងចែកចាយតាមដ្រូនក្នុងស្រុកទើបតែបានចាប់ផ្តើម” ដោយបន្ថែមថា ក្រុមហ៊ុនតិចជាង ១០ មានលិខិតអនុញ្ញាតផ្តល់ជូនសេវាកម្មដល់អតិថិជន។

  • បញ្ហាប្រឈមនិងឱកាស

ដែនកំណត់មួយសម្រាប់ការដឹកជញ្ជូនតាមដ្រូនគឺបញ្ហាថ្មកាន់មិនបានយូរ។ លោក បៃ ជីឡុង អគ្គនាយកក្រុមហ៊ុនផលិតដ្រូនមួយ ដែលមានមូលដ្ឋាននៅទីក្រុងធានជីន បានពន្យល់ថា “រាល់ការបន្ថែមគីឡូលើដ្រូននឹងធ្វើឱ្យថយចុះថាមពលថ្មទ្វេដង”។

លោកបៃបន្ថែមថា “ក្រៅពីនេះ ការអភិវឌ្ឍដ្រូនពាណិជ្ជកម្មត្រូវបានរារាំងដោយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដោយសារតែការព្រួយបារម្ភពីសុវត្ថិភាព”។ ទោះបីជា CAA បានបន្ធូរបន្ថយគោលនយោបាយរបស់ពួកគេក្នុងការគាំទ្រទីផ្សារដ្រូនក៏ដោយ ក៏ប៉ុន្តែព័ត៌មានលម្អិតអំពីប្រតិបត្តិការនៅតែធ្វើឱ្យស្មុគស្មាញដល់ពួកគេ។

លោកបានចង្អុលបង្ហាញថា “ផ្លូវអាកាសឥឡូវត្រូវទទួលការយល់ព្រមជារៀងរាល់ថ្ងៃយ៉ាងតឹងរ៉ឹង ហើយបើទោះបីជាយើងត្រូវបានផ្តល់ផ្លូវហោះហើរដែលបានអនុញ្ញាតក៏ដោយ ក៏យើងនៅតែត្រូវទទួលបានការអនុញ្ញាតប្រតិបត្តិការមុនមួយថ្ងៃ និងការបញ្ជាក់ទ្វេដងនៅថ្ងៃប្រតិបត្តិការ”។

លោកវ៉ាង ស៊ូជីអគ្គលេខាធិការនៃសម្ព័ន្ធច្នៃប្រឌិតឧស្សាហកម្មដ្រូនរបស់ចិន បានចង្អុលបង្ហាញថា មិនមានវិធីសាស្រ្តមានប្រសិទ្ធភាពនិងចាស់ទុំណាមួយសម្រាប់ការគ្រប់គ្រងដ្រូននោះទេ។ “វាត្រូវការការចូលរួមរួមគ្នាពីរដ្ឋាភិបាលឧស្សាហកម្មពាក់ព័ន្ធនិងក្រុមហ៊ុននានាដើម្បីបង្កើតច្បាប់និងគោលនយោបាយ”។

ក្នុងពេលមានការលេចឡើងនៃរលក 5G និងបច្ចេកវិជ្ជាបញ្ញានិម្មិត (AI) យានយន្តស្វយ័តត្រូវគេឃើញយកទៅអនុវត្តមិនត្រឹមតែក្នុងការដឹកជញ្ជូនប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្នុងការជួយសង្គ្រោះបន្ទាន់កសិកម្មជលផលនិងឧស្សាហកម្មព្រៃឈើផងដែរ។

នៅក្នុងយុគសម័យជំងឺរាតត្បាត នៅពេលដែលគេមិនសូវចំណូលលើសេវាកម្មប៉ះពាល់គ្នាដោយផ្ទាល់និងការជួយសង្គ្រោះបន្ទាន់កំពុងខ្វះធនធានមនុស្ស តម្រូវការសម្រាប់សេវាកម្មដឹកជញ្ជូនតាមដ្រូនបានស្ទុះទៅមុខយ៉ាងខ្លាំង។

នៅទូទាំងពិភពលោក កម្លាំងពលកម្មផ្តាច់មុខរបស់មនុស្សដូចជាការបាញ់ថ្នាំសម្លាប់មេរោគនិងការដឹកសម្ភារៈពេទ្យត្រូវបានប្រគល់ឱ្យទៅដ្រូន។ របស់របរទាំងអស់នេះឥឡូវអាចដឹកបញ្ជូនភ្លាមៗនៅពេលដែលអ្នកជំងឺមានអាសន្ន៕ ដោយ ៖ កញ្ញាដាលីស

ដ្រូនត្រូវបានប្រើយ៉ាងសកម្មក្នុងសម័យកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម