កសិករ​ខ្មែរ​មួយចំនួន​កង្វះ​បច្ចេកទេស​ដាំពោត​ធ្វើ​ឱ្យទទួល​ទិន្នផល​ទាប​មិន​សម​ពលកម្ម​

1869
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុម​កសិករ​នៅ​ខេត្តកណ្តាល​មួយចំនួន​បាន​លើកឡើងថា ការប្រកប​របរ​កសិក​ម្ម​របស់​ពួកគាត់​ពិសេស​ការដាំ​ពោត ដែល​អាស្រ័យ​លើ​ការយល់ដឹង​តាមបែប​បុរាណ ធ្វើឱ្យ​ការទទួល​ទិន្នផល​ត្រឹមតែ​៧​ទៅ​៨​តោន ក្នុង​មួយ​ហិកតា ខណៈដែល​គេ​ដាំ​លក្ខណៈ​បច្ចេកទេស បច្ចុប្បន្ន​អាច​ហុច​ផល​រហូតដល់​
១៤​ទៅ​១៥​តោន​ឯណោះ​។​

​ការបញ្ចេញ​ឱ្យដឹង​របស់​ក្រុម​កសិករ​បែបនេះ​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​ប្រមូល​ផល​ពូជ​ពោត​បង្កាត់​ថ្មី P 4554 និង P 4472 របស់​ផៃ​អូ​នៀ​នៅ​ភូមិ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក​ខេត្តកណ្តាល​កាលពី​ថ្មីៗ​កន្លងមក​។​

​ជា​កសិករ​ដាំពោត​មិនតិចជាង​១០​ឆ្នាំ​មកនេះ លោក ខុន សុ​គាំ បុរស​វ័យ​ជាង​៥០​ឆ្នាំ​រស់នៅ​ភូមិ​បឹង​ក្រោម​ឃុំ​ខ្ពប​អា​ទាវ​ស្រុក​លើកដែក បានឱ្យដឹងថា បច្ចុប្បន្ន​ការដាំ​ពោត​របស់​ពួកគាត់​តាមបែប​បុរាណ​នោះ អាច​ទទួល​ទិន្នផល​ត្រឹមតែ​៧​ទៅ​៨​តោន​ទេ ក្នុង​ដី​មួយ​ហិកតា​។ ការទទួល​ទិន្នផល​ទាប​បែបនេះ ធ្វើឱ្យ​ការរកចំណូល​ក៏​ទាប​ដែរ ពិសេស​ងាយ​ប្រឈម​នឹង​ពោត​កើតរោគ​ជំងឺ​ថែមទៀត​។​

​បុរស​រូបនេះ​ប្រាប់ថា ការដាំ​ពោត​បែប​បុរាណ​របស់​ពួកគាត់​ដោយសារ​កង្វះ​យល់ដឹង​និង​គ្មាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​លើ​វិធី​កសិកម្ម​បែប​ទំនើប​បច្ចុប្បន្ន​។​

​ជាមួយគ្នានេះ លោក ទាន​សុង ជា​កសិករ​ដាំពោត​មួយរូប​រស់នៅ​ភូមិ បឹង​លើ ឃុំ​ខ្ពប​អា​ទាវ​នេះ​ដូចគ្នា​ប្រាប់ថា​គាត់​មិនបាន​យល់ដឹង​ត្រឹមត្រូវ​ពី​វិធី​ដាំពោត​ទេ ហើយ​ឆ្នាំ​ខ្លះ​ការដាំ​បែរជា​ទទួលផល​តិច​ខាតដើម​និង​ខាត​កម្លាំង​ពលកម្ម​ថែមទៀត​។​

​ទាក់ទិន​ក្នុង​រឿង​ដាំពោត​នេះដែរ​លោក​ឧក​ញ្ញា ស៊ន​សុខ​ណា អគ្គនាយក​ក្រុមហ៊ុន អា​ហ្គ្រោ​ថេ​កវី​តា បានបញ្ជាក់​ឱ្យដឹងថា កសិករ​កម្ពុជា​មួយចំនួន​ធំ គឺ​មិនសូវ​បាន​យល់ដឹង​ពី​ការធ្វើ​កសិកម្ម​បែប​ទំនើប​ឡើយ​។ ពួកគាត់​ពឹងផ្អែក​តែ​ការដាំដុះ​បែប​បុរាណ ហេតុនេះ​មិន​ត្រឹម​ប្រឈម​ការទទួលបាន​ទិន្នផល​តិចតួច​ទេ នៅ​ប្រឈម​ហានិភ័យ​ខូចខាត​ខ្ពស់​ផង​។​

​លោក​ឧ​កញ្ញា​បន្ត​ឱ្យដឹងថា ក្រៅពី​បច្ចេកទេស​ការដាំដុះ​កសិករ​ត្រូវ​វ័យឆ្លាត​ក្នុងការ​ជ្រើសរើស​ពូជ​ផងដែរ ដូច​ជាការ​ដាំពោត​ប្រភេទ​ពូជ​ដែល​ល្អ នាពេល​បច្ចុប្បន្ន​មានតែ​ពូជ​ពោត​បង្កាត់​ថ្មី P 4554 និង P 4472 របស់​ផៃ​អូ​នៀ​ទេ​។ ពូជ​ពោត​នេះ​អាច​ទទួល​ទិន្នផល​មួយ​ហិកតា​ចាប់ពី​១៤​ទៅ​១៥​តោន ហើយ​កសិករ​អាច​រក​ផលចំណេញ​ក្នុង​មួយ​ហិកតា​យ៉ាងហោចណាស់​៥០០​ដុល្លារ​ដែរ​។ ជាមួយគ្នា​លោក ហ៊​សុផល អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល បានឱ្យដឹងថា​ក្នុង​ខេត្តកណ្តាល​ទាំងមូល​មាន​ផ្ទៃដី​ដាំពោត​ទើបតែ​បាន​ជាង​១២៨០០​ហិកតា​និង​ដោយឡែក​នៅ​ស្រុក​លើកដែក​មាន​
​ការដាំ​ពោតក្រហម​បានត្រឹមតែ​២៧៣៨​ហិកតា​ប៉ុណ្ណោះ​។​

​លោ​កថា​កសិករ​ខ្មែរ​ដោយសារ​ខ្វះ​បច្ចេកទេស​ក្នុងការ​ដាំពោត​ក្រហម ទើប​ធ្វើឱ្យ​មិនសូវ​ធ្វើ​កសិកម្ម​លើ​ដាំ​ណាំ​ពោត នាំឱ្យ​កម្ពុជា​ជួបប្រទះ​កង្វះខាត​ពោត​លើ​ទីផ្សារ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម