ហ្វីលីពីន​គ្រោង​ធ្វើ​កិច្ចព្រមព្រៀង​រុករក​រ៉ែ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង

1299
ចែករម្លែក
  • 1
    Share

​មន្ត្រី​ហ្វីលីពីន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​មេសា​ថា​ប្រទេស​ហ្វីលីពីន​កំពុង​ពិចារណា​លើ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ក្នុង​រយៈពេល​ពីរ​បី​ខែ​ខាង​មុននេះ ដើម្បី​រួមគ្នា​រុករក​ប្រេង​និង​ឧស្ម័ន នៅ​ផ្នែក​មួយ​នៃ​ផ្លូវ​ទឹកសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ប្រទេស​ទាំង​២​នេះ ។​

​កាលពី​ខែ​កុម្ភៈ​ប្រទេស​ទាំង​២​នេះ​បាន​ព្រមព្រៀង​គ្នា​បង្កើត​ក្រុម​ពិសេស​មួយ​ដើម្បី​ស្វែងរក​វិធី​រុករក​រួមគ្នា​សម្រាប់​ការយក​ប្រេង​និង​ឧស្ម័ន​នៅ​សមុទ្រ​នៅក្នុង​តំបន់​ដែនទឹក​​ដែល​ប្រទេស​ទាំង​២​នេះ អះអាង​សិទ្ធិ​កាន់កាប់​ដោយ​មិនចាំបាច់​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​អធិបតេយ្យភាព​ឡើយ​។​

​លោក Jose Santiago Santa Romana ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​ចិន

​លោក Jose Santiago Santa Romana ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​ចិន បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​នៅ​ខេត្ត​Hainan របស់​ចិន​ថា ” យើង​​កំពុង​ពិនិត្យ​មើល​ថា​តើ​យើង​អាច​សំរេចបាន​កិច្ចព្រមព្រៀង​មួយ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​ដែរ​ទេ ” ។​

​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​នេះ បាន​និយាយថា ” វា​ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ដើម្បី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ប៉ុន្តែ​ភាគី​ទាំង​២​នេះ​អាច​ចំណាយ​ពេលវេលា​​ច្រើន​តាម​ដែល​ត្រូវការ​ដើម្បី​ធានា​ថា​គោលដៅ ត្រូវបាន​បំពេញ​និង​សម្រេច​បាន​តាម​ផែនការ ។​

​ឯកអគ្គរដ្ឋទូត​នេះ បាន​និយាយ​បន្ថែមថា ហ្វីលីពីន​មានបំណង​ចង់​ធ្វើឱ្យ​ប្រសើរឡើង នូវ​សន្តិសុខ​ថាមពល​របស់ខ្លួន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​អះអាង​សិទ្ធិ​កាន់កាប់​ភាគច្រើន​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ដែល​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ និង មាន​បរិមាណ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​​ច្រើន​នេះ​។ ក្រៅពី​ហ្វីលីពីន ផ្នែក​មួយ​នៃ​សមុទ្រ​នេះ ក៏​ត្រូវ​បាន​ទាមទា​រកា​ន់​កាប់​ផងដែរ ដោយ ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ និង វៀតណាម ។​

​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នៃ​វេទិកា​Boao សម្រាប់​អាស៊ី ហើយ​នឹង​ជួប​ជា​​មួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង​នៅ​ថ្ងៃ​អង្គារ​នេះ​(​ទី​១០​ខែ​មេសា​)៕​ដោយ​៖​សុខា​

ទីតាំងផ្សាយពាណិជ្ជកម្ម