ទិវា​ឯករាជ្យ​ជាតិ ម៉ា​សេ​ដូ​នី​

226
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​សេ​ដូ​នី ( ឬ ម៉ា​សេ​ដ្វា​ន ) ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ៨ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​បោះឆ្នោត​ប្រជាមតិ​ចាកចេញ ពី​សហព័ន្ធ ប្រជាមានិត យូ​ហ្គោ​ស្លា​វី បង្កើតបានជា សាធារណរដ្ឋ ម៉ា​សេ​ដូ​នី កាលពី​ឆ្នាំ ១៩៩១ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​សាធារណរដ្ឋ ម៉ា​សេ​ដូ​នី មាន​ផ្ទៃដី ២៥ ៧១៣ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប ខាងកើត នា​តំបន់ បាល់​កង់ មាន​ព្រំដែន​ជាប់​ប្រទេស ក្រិ​ក អាល់​បា​នី ប៊ុលហ្គារី ស៊ែ​ប និង កូ​សូ​វ៉ូ ។ ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ពីរលាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា គ្រិស្ត រដ្ឋធានី​គឺ​ទីក្រុង ស្កុប​ជេ ភាសាផ្លូវការ​គឺ​ភាសា ម៉ា​សេ​ដូ​នី ។​

ប្រវត្តិសាស្ត្រ​:
​ទឹកដី​ដែលជា​ប្រទេស ម៉ា​សេ​ដូ​នី បច្ចុប្បន្ននេះ ធ្លាប់​ត្រូវបាន​កាន់កាប់​ដោយ​មហា អំណាច​មួយ ចំនួន ដូចជា ប៊ុលហ្គារី ប៊ី​ហ្សាំ​ង​តាំង ( អតីត ចក្រភព រ៉ូ​ម៉ាំង ខាងកើត​) និង ស៊ែ​ប ជាដើម ។ លុះដល់​សតវត្សរ៍​ទី ១៤ តំបន់ បាល់​កង់ ទាំងមូល ដោយ​រួមទាំង ម៉ា​សេ​ដូ​នី ផង បាន​ធ្លាក់ ក្រោម​ការត្រួតត្រា​របស់ ចក្រភព អូ​តូ​ម៉​ង់ ( ទួ​ក​គី ) ទាំងស្រុង អស់​រយៈពេល​ប្រមាណ​ជា ប្រាំ សតវត្សរ៍ ។

​លុះដល់​ចុង​សតវត្សរ៍​ទី ១៩ មាន​ចលនា​ជាច្រើន​បានកើត​ឡើង ក្នុង​គោលបំណង​ស្វែង រក​ការបង្កើត​រដ្ឋ ម៉ា​សេ​ដូ​នី ស្វ​យ​យ័​ត ។ ចលនា​ដែល​ត្រូវបាន​ចងចាំ​បំផុត​មាន​ឈ្មោះ ថា អង្គការ បដិវត្តន៍ ម៉ា​សេ​ដូ​នី ដែល​ក្រោយមក​បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា អង្គការ សម្ងាត់ បដិវត្តន៍ ម៉ា​សេ​ដូ​នី ដែលមាន​អក្សរ​កាត់​ជា​ភាសា​អង់គ្លេស​ថា SMARO ។ លុះដល់​ឆ្នាំ ១៩០៥ SMARO បាន​ប្តូរ​ឈ្មោះ​ទៅជា អង្គការ​បដិវត្តន៍ ផ្ទៃក្នុង ម៉ា​សេ​ដូ​នី IMARO វិញ ។

​លុះ​ក្រោយ​សង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) អង្គការ​បដិវត្តន៍ ផ្ទៃក្នុង ម៉ា​សេ​ដូ​នី ឬ IMARO បាន​ប្តូរ​ឈ្មោះ​ទៅជា អង្គការ​បដិវត្តន៍ ផ្ទៃក្នុង ត្រា​ស៊ី ITRO ។ អង្គការ និង ចលនា​ទាំង​នោះបាន​ជោគជ័យ​ខ្លះ​ដែរ ក្នុងការ​ប្រឆាំងនឹង​ការត្រួតត្រា​របស់ អូ​តូ​ម៉​ង់ ប៉ុន្តែ​ពួកគេ​ក៏​នៅតែ​មិនទាន់​អាច​រើបម្រះ​ដោះខ្លួន​រួច​ចេញពី អូ​តូ​ម៉​ង់ បាន​នៅឡើយ ។

សង្គ្រាមបាល់​កង់​:
​នៅ​ឆ្នាំ ១៩១២ និង ១៩១៣ រដ្ឋ​ចំនួន បួន នៅ​តំបន់ បាល់​កង់ ដែល​កំពុង​ឋិត​ក្រោម​ការគ្រប់គ្រង របស់ អូ​តូ​ម៉​ង់ គឺ ប៊ុលហ្គារី ម៉ុង​តេ​ណេ​ក្រូ ក្រិ​ក និង ស៊ែ​ប បាន​ងើប​បះបោរ​ប្រឆាំងនឹង អូ​តូ​ម៉​ង់ បង្កើតបានជា​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ ហៅថា សង្គ្រាម បាល់​កង់ ហើយ​ជា​លទ្ធផល គឺ​ពួក​រដ្ឋ​ទាំង បួន នោះបាន​យកឈ្នះ​លើ​កងទ័ព អូ​តូ​ម៉​ង់ ។ ក៏ប៉ុន្តែ​ពេលនោះ​ក៏​មិនទាន់​បង្កើត បានជា​ប្រទេស ម៉ា​សេ​ដូ​នី នៅឡើយ​ដែរ គឺ​នៅពេល​ឈ្នះ​សង្គ្រាម​ខាងលើ​នោះ​ទៅ​ទឹកដី ដែលជា​ប្រទេស ម៉ា​សេ​ដូ​នី សព្វថ្ងៃនេះ​ត្រូវបាន​ដាក់បញ្ចូល​ជា​ទឹកដី​របស់ ស៊ែ​ប ភាគខាងត្បូង ។​

​សង្គ្រាមលោកលើកទី ១ បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី ២៨ កក្កដា ១៩១៤ ( ដល់ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ) ។ នៅ​ឆ្នាំ ១៩១៥ ប៊ុលហ្គារី បាន​ឈរ​នៅ​ខាង សម្ព័ន្ធ មហាអំណាច​កណ្តាល (​មាន អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី អូ​តូ​ម៉​ង់ និង ប៊ុលហ្គារី ) ហើយ​តាមរយៈ​សង្គ្រាម​នោះបាន​ផ្តល់ឱកាស ឱ្យ ប៊ុលហ្គារី ចំណេញ​បាន​ដី​យ៉ាងច្រើន​មក​ត្រួតត្រា​គឺ​ដី​ដែលជា​ប្រទេស ម៉ា​សេ​ដូ​នី បច្ចុប្បន្ននេះ ។ ប៉ុន្តែ​លុះដល់​ឆ្នាំ ១៩១៩ ខណៈដែល​រដ្ឋ ស៊ែ​ប ក្រូ​អាត និង ស្លូ​វ៉ា​នី បង្កើតឡើង​មាន​ចលនា ប្រឆាំង​នឹ​ជនជាតិ ប៊ុលហ្គារី នៅ​ទីនោះ ដែលជា​លទ្ធផល គឺ​គ្រូបង្រៀន បព្វជិត ភាសា សញ្ញា សៀវភៅ និង អង្គការ​ចាត់តាំង​នានា​របស់ ប៊ុលហ្គារី ត្រូវបាន​បណ្តេញចេញ និង រំលាយចោល ហើយ​ទឹកដី​នោះ បាន​ឋិត​ក្រោម​ការត្រួតត្រា​របស់ ស៊ែ​ប វិញ ។ លុះដល់​ឆ្នាំ ១៩២៩ ទឹកដី នៃ រដ្ឋ ម៉ា​សេ​ដូ​នី ស៊ែ​ប ក្រូ​អាត និង ស្លូ​វ៉ា​នី បង្កើតបានជា​ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី ។ ក៏​មិនទាន់ បាន​សុខ​ដែរ ព្រោះ​ក្រោយពី​នោះមក មិនយូរប៉ុន្មាន​ក៏មាន​ចលនា​បង្កើត​រដ្ឋ ម៉ា​សេ​ដូ​នី ឯករាជ្យ ដោយ​បង្កើត​ទស្សនៈ រដ្ឋ ម៉ា​សេ​ដូ​នី រួបរួម ហើយ​គំនិត​នេះ​បង្កើតឡើង​ដោយ​មេដឹកនាំ​ចលនា អង្គការ បដិវត្តន៍ ផ្ទៃក្នុង ម៉ា​សេ​ដូ​នី ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស IMRO ។ ប៉ុន្តែ​គំនិត នៃ ការបង្កើត រដ្ឋ​ឯករាជ្យ ម៉ា​សេ​ដូ​នី រួបរួម មិនអាច​ចេញរួច​ឡើយ​ដោយសារ ស៊ែ​ប និង ក្រិ​ក ជំទាស់ ។ នៅ​ឆ្នាំ ១៩២៤ គណ​បក្សកុម្មុយនិស្ត អន្តរជាតិ បានស្នើ​យោបល់​ថា រាល់​បក្ស កុ​ម្មុយ​និ​ស្ត​នៅ​តំបន់ បាល់​កង់ ទាំងអស់ គួរតែ​ទទួលយក​នូវ​សេនារីយោ ម៉ា​សេ​ដូ​នី រួបរួម ។ ប៉ុន្តែ​គំនិត​នេះ​ត្រូវបាន បក្សកុម្មុយនិស្ត ប៊ុលហ្គារី និង កុ​ម្មុយ​និ​ស្ត ក្រិ​ក បដិសេធ ។

​ដោយហេតុ​នោះ អង្គការ បដិវត្តន៍ ផ្ទៃក្នុង ម៉ា​សេ​ដូ​នី ឬ IMRO មួយអន្លើ​ដោយ អង្គការ បដិវត្តន៍​សម្ងាត់ នៃ យុវជន ម៉ា​សេ​ដូ​នី បាន​បើក​សង្គ្រាម​ឧទ្ទាម​ប្រឆាំងនឹង​រដ្ឋបាល និង​មន្ត្រី កងទ័ព ស៊ែ​ប នៅ​ទីនោះ ។ លុះដល់​ឆ្នាំ ១៩៣៤ ទើប​ជាតិ​សាសន៍ និង ភាសា ម៉ា​សេ​ដូ​នី ត្រូវបាន​ទទួលស្គាល់​ជា​លើកដំបូង ។ ទោះយ៉ាងណា​ក្តី ក៏​រហូតមក​ដល់ពេល​នោះ ម៉ា​សេ​ដូ​នី នៅតែ​ស្ថិតនៅក្រោម​ដំបូល នៃ ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី ជាមួយ ស៊ែ​ប ក្រូ​អាត និង ស្លូ​វ៉ា​នី ដដែល ។​

​អំឡុង​សង្គ្រាមលោកលើកទី ២ ( ១៩៤១-១៩៤៥ ) ព្រះរាជាណាចក្រ យូ​ហ្គោ​ស្លា​វី (​ដែល​ត្រូវ បាន​បង្កើត​កាលពី​ឆ្នាំ ១៩២៩ ដោយមាន ម៉ា​សេ​ដូ​នី ក្រូ​អាត ស៊ែ​ប និង ស្លូ​វ៉ា​នី ) បាន​ឋិត​ក្រោម ការត្រួតត្រា​របស់​ស​ម្ព័​ន​មហាអំណាច AXIS ( ដែលមាន អ៊ីតាលី អាល្លឺម៉ង់ និង ជប៉ុន ជា​ប្រមុខ ) ។​

ម៉ា​សេ​ដូ​នី​ឯករាជ្យ​:
​នៅ​ឆ្នាំ ១៩៤៤ សភា ប្រឆាំង ពួក​ហ្វា​ស៊ី​ស ដើម្បី សេរីភាព​ជាតិ នៃ ម៉ា​សេ​ដូ​នី ឬ ASNOM បានប្រកាស ម៉ា​សេ​ដូ​នី ថា​ជា​សាធារណរដ្ឋ ប្រជា​ជា​មានិត ម៉ា​សេ​ដូ​នី ដែលជា​ផ្នែក​មួយ នៃ សហព័ន្ធ ប្រជាមានិត យូ​ហ្គោ​ស្លា​វី ។ សភា ASNOM នៅ​រក្សា​ភាពជា​រដ្ឋាភិបាល​ស្តីទី​របស់ ម៉ា​សេ​ដូ​នី រហូតដល់​ចប់​សង្គ្រាមលោកលើកទី ២ ហើយ ម៉ា​សេ​ដូ​នី នៅតែ​ជា​សាធារណរដ្ឋ​មួយ នៃ យូ​ហ្គោ​ស្លា​វី ដដែល ។ ប៉ុន្តែ​ដោយសារ ចលនា​ទាំងឡាយ នៅតែ​ចិញ្ចឹមចិត្ត​បង្កើត​នូវ រដ្ឋ​ម៉ា​សេ​ដូ​នី ស្វយ័ត មួយ​នោះ ទើប​នៅ ក្រោយ​ឆ្នាំ ១៩៦៣ ម៉ា​សេ​ដូ​នី ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា សាធារណរដ្ឋ សង្គមនិយម ម៉ា​សេ​ដូ​នី ។​

​នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩១ ការបោះឆ្នោត​ប្រជាមតិ​ត្រូវបាន​ធ្វើឡើង ។ ពេលនោះ​មាន​អ្នក បោះឆ្នោត ៩៥,៥ ភាគរយ​បាន​បោះឆ្នោត​ចាកចេញ​ពី សហព័ន្ធ ប្រជាមានិត យូ​ហ្គោ​ស្លា​វី ហើយ​បង្កើតបានជា សាធារណរដ្ឋ ម៉ា​សេ​ដូ​នី រហូតមកដល់​សព្វថ្ងៃ ។ រដ្ឋាភិបាល និង ប្រជាព​រល​ដ្ឋ ម៉ា​សេ​ដូ​នី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី ៨ ខែ កញ្ញា ដើម្បី រំឭក​ព្រឹត្តិការណ៍​ដែល ម៉ា​សេ​ដូ​នី ផ្តាច់ខ្លួន​ចេញពី យោ​ហ្គោ​ស្លា​វី ដូចដែល​បានលើកឡើង នេះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង ស្កុប​ជេ នៃ សាធារណរដ្ឋ ម៉ា​សេ​ដូ​នី
និស្សិត​ម៉ា​សេ​ដូ​នី ប្រារព្ធ​ពិធី​រាំ​នៅ​ទីលាន​សាធារណៈ​នៅ​ថ្ងៃទី បុណ្យ​ឯករាជ្យ​ជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម