ទិវា​ឯករាជ្យ​ជាតិ នៃ កូរ៉េ ខាងជើង

466
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ កូរ៉េ ខាងជើង ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី ៩ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ក្រោម​ការដឹកនាំ​របស់ គឹម អ៊ី​ល ស៊ុ​ង ប្រកាស បង្កើត សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ កាលពី​ខែ កញ្ញា ឆ្នាំ ១៩៤៨ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ ត្រូវបាន​គេ​ស្គាល់​ដោយ​ខ្លី​ថា កូរ៉េខាងជើង មាន​ផ្ទៃដី ១២០ ៥៤០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ី អាគ្នេយ៍ នា​ភាគ​ខាងជើង នៃ តំបន់ ឧបទ្វីប កូរ៉េ មាន​ព្រំដែន​ជាប់​ប្រទេស ចិន រុស្ស៊ី កូរ៉េ ខាងត្បូង និង ជប៉ុន ។ ឆ្នាំ ២០២០ មាន មនុស្ស​ជាង ២៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​ប្រពៃណី​របស់​ប្រទេស​គឺ​សាសនា ហ្សា​ម៉ាន់ និង ខុន​ដូ ដោយមាន​អ្នក​កាន់​ព្រះពុទ្ធសាសនា និង គ្រិស្តសាសនា តិចតួច​។ ភាសាផ្លូវការ​គឺ ភាសា កូរ៉េ ។​រដ្ឋធានី​គឺ​ទីក្រុង ព្យុងយ៉ាង ។ កូរ៉េ ខាងជើង ពេលខ្លះ​ក៏​ដំឡើង សាច់ដុំ​ដាក់​ប្រទេសជិតខាង ដោយ​រួមទាំង​មហាអំណាច​ពិភពលោក​ផងដែរ​ហើយ​បើទោះបី​មិន មែន​ជា​មហាអំណាច​ក្តី ក៏​កូរ៉េខាងជើង មាន​អាវុធ នុយក្លេអ៊ែរ និង មី​ស៊ី​ល ដ៏​គួរឱ្យ​ស្ញើប​ដែរ ។​

​ប្រវត្តិសាស្ត្រ​
​នៅ​អំឡុង​សតវត្សរ៍​ទី ១៩ កូរ៉េ គឺជា​អាណាចក្រ ឯកោ ហើយ​បាន​ប្រឹងប្រែង​ព្យាយាម​ការពារ​ខ្លួន ពី​ចក្រពត្តិនិយម​បស្ចិម​លោក​។​ប៉ុន្តែ​ទីបំផុត​ត្រូវ​បង្ខំចិត្ត​បើក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ពិភពលោក​ខាងក្រៅ ។

​ព្រះ​ចៅ​អ​ធិ​រាជ្យ ឈី​ង របស់ ចិន និង ព្រះ​ចៅ​អ​ធិ​រាជ្យ ជប៉ុន បាន​ដណ្តើម​គ្នា​កាន់កាប់ អាណា ចក្រ កូរ៉េ ហើយ​ទីបំផុត​ក៏​ផ្ទុះ​សង្គ្រាម​ឡើង​មាន​ឈ្មោះថា សង្គ្រាម ស៊ី​ណូ ជប៉ុន លើក​ទី ១ ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ១៨៩៤ ។ សង្គ្រាម​នេះ​ត្រូវបាន​បញ្ចប់ទៅ​វិញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៨៩៥ ដោយ ជប៉ុន ជា​អ្នកទទួលបាន​ជោគជ័យ​ច្រើនជាង ប៉ុន្តែ​បានន័យថា ជប៉ុន ជា​អ្នកឈ្នះ​សង្គ្រាម​នោះ​ដាច់ខាត​ឡើយ ។​

​រុស្ស៊ី ចង់បាន​ដែនដី កូរ៉េ និង ដែនដី ម៉ាន់​ជូ របស់ ចិន ដើម្បី ដាក់​ទីតាំង​កងទ័ពជើងទឹក​សម្រាប់ ប្រតិបត្តិការ​កងទ័ព​នៅ​មហាសាគរ ប៉ាស៊ីហ្វិក និង បម្រើ​ប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន ក៏បាន​ពើប​សង្គ្រាម​ជាមួយ ជប៉ុន ដែលមាន​បំណង​ពង្រីក​អំណាច​របស់ខ្លួន​ដែរ​ក៏បាន​កើត សង្គ្រាម​ឈ្មោះថា សង្គ្រាម​រុស្ស៊ី​-​ជប៉ុន ។ ទីបំផុត​ជោគជ័យ​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ ជប៉ុន ហើយ ជប៉ុន បាន​កាន់កាប់ កូរ៉េ ទាំងស្រុង នៅ​ឆ្នាំ ១៩១០ ។

​សម្ព័ន្ធ​គាំទ្រ​ការរំដោះ កូរ៉េ ប្រឆាំងនឹង​អាណានិគម ជប៉ុន បានកើត​ពាសពេញ​ប្រទេស ចាប់ពី ថ្ងៃទី ១ ខែ មីនា ឆ្នាំ ១៩១៩ ។ ជប៉ុន បាន​បង្ក្រាប​ចលនា​ទាំងនេះ​ដោយបាន​សម្លាប់​មនុស្ស ប្រមាណ ៧ ០០០ នាក់ ។ ប៉ុន្តែ​ចលនា​ទាំងនោះ នៅតែមាន​ជា​បន្ត​ពាសពេញ​ផ្ទៃ​ប្រទេស ដូចជា​ចលនា​បះបោរ​ទូទាំងប្រទេស​រប​ស់​ពួក​និស្សិត​នៅ​ឆ្នាំ ១៩២៩ ជាដើម ធ្វើឱ្យ ជប៉ុន រឹតបន្តឹង​ការគ្រប់គ្រង​ដោយ​កងទ័ព​នៅ​ឆ្នាំ ១៩៣១ ។

​ចាប់ពី​ឆ្នាំ ១៩៣៧ ជប៉ុន កាន់តែ​រឹតបន្តឹង​ចំពោះ​ជនជាតិ កូរ៉េ ជាង​មុន សឹងតែ​លុបបំបាត់​អត្ត សញ្ញាណ ជាតិ​សាសន៍ កូរ៉េ ទាំងស្រុង ។ ប្រពៃណី ប្រវត្តិសាស្ត្រ និង អក្សរសាស្ត្រ​របស់ កូរ៉េ ត្រូវបាន ជប៉ុន លុបបំបាត់ ជំនួស ដោយ​អក្សរ ជប៉ុន វិញ ។​សូម្បីតែ​ឈ្មោះ ក៏ត្រូវ ជប៉ុន​បង្ខំ​ឱ្យ ប្រើ​តាមបែប ជប៉ុន ទាំងអស់ ។ ពេលនោះ​ក៏មាន​ចលនា​តស៊ូ​ជា​លក្ខណៈ​ឧទ្ទាម​បានកើត ឡើង​ប្រឆាំងនឹង​អាណានិគម ជប៉ុន ទៀត ។ ផ្នែក​ខ្លះ នៃ ចលនា​នោះ បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយ ចិន និង អាស៊ី អាគ្នេយ៍ ហើយ​មេដឹកនាំ​ម្នាក់ នៃ មេដឹកនាំ​ចលនា​ឧទ្ទាម​ទាំងនោះ​គឺជា​ជន​កុ​ម្មុយ និ​ស្ត​ឈ្មោះ គឹម អ៊ី​ល ស៊ុ​ង ( Kim Il-sung ) ។

​ការលេចឡើង​ភាពជា​មហាអំណាច របស់ ជប៉ុន ធ្វើឱ្យ ជប៉ុន ជួប​សត្រូវ​ជាច្រើន​ជាពិសេស​ពួក មហាអំណាច អឺរ៉ុប មាន​ចក្រភព អង់គ្លេស ជាដើម ដែល​កំពុង​ធ្វើ​អាណានិគម នៅ ទ្វីបអាស៊ី ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដំបូង អាមេរិក មិនទាន់បាន​ហក់​ចូលក្នុង​ជម្លោះ និង សង្គ្រាម​នានា ខាងលើ​នៅឡើយ​ទេ ហើយ អាមេរិក គឺជា​អ្នកផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដ៏​សំខាន់ របស់ ជប៉ុន ទៀតផង ។​

​ប៉ុន្តែ​ដោយ​មើលឃើញថា ប្រសិនបើ​មហាអំណាច​លោកខាងលិច​ចាញ់ ជប៉ុន នោះ ផល ប្រយោជន៍​របស់​មហាអំណាច​លោកខាងលិច ដែល​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង អាមេរិក ខ្លះ​ផង​នោះ អាច​ប្រឈម​នឹង​បញ្ហា ។ ហេតុ​នោះ អាមេរិក ក៏​ងាករេ​លួច​ទៅ​ពិភាក្សា​ជាសម្ងាត់​នូវ​ផែនការ ខ្លះ​ជាមួយ អង់គ្លេស ដែលជា​សត្រូវ​របស់ ជប៉ុន ។ ដោយ​យល់ថា អាមេរិក ចាប់ផ្តើម​លែង ស្មោះត្រង់​នឹង ជប៉ុន ទៀតហើយ នៅ​ព្រឹក​ព្រលឹម​នៃ ថ្ងៃទី ៧ ( ត្រូវ​ជាទី ៨ នៅ ជប៉ុន ) ខែ ធ្នូ ឆ្នាំ ១៩៤១ ជប៉ុន បានចាប់ផ្តើម​វាយកម្ទេច​ទីតាំង​កងទ័ពជើងទឹក អាមេរិក Pearl Harbor រដ្ឋ ហា​វ៉ៃ បាន​បញ្ឆេះ​ឱ្យ​សង្គ្រាម​ពិភពលោក​លើក​ទី ២ (១៩៤១-១៩៤៥ ) បាន​ផ្ទុះឡើង​យ៉ាង​ពេញទំហឹង ។ ក្នុងអំឡុង​សង្គ្រាម​នេះ បុរស​ជនជាតិ កូរ៉េ រាប់ម៉ឺន​នាក់ ត្រូវបាន​បង្ខំ​ឱ្យធ្វើ​កងទ័ព​ជួយ ជប៉ុន ចូល​ប្រយុទ្ធ ចំណែក​អ្នក​នៅក្នុង​ប្រទេស​ត្រូវធ្វើ​ការ​យ៉ាងធ្ងន់ធ្ងរ ដើម្បី ឩ​ប​ត្ថ​ម្ភ ជប៉ុន ។ ស្ត្រី​ប្រមាណ​ជា ២០០ ០០០ នាក់ ភាគច្រើន​ជា​ស្ត្រី​ជនជាតិ កូរ៉េ ត្រូវបាន​បង្ខំ​ឱ្យធ្វើជា​អ្នកបម្រើ ផ្លូវភេទ​ដល់​កងទ័ព ជប៉ុន ។​

​បំបែក កូរ៉េ ជា​ពីរ​
​ទីបំផុត ជប៉ុន បាន​ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី ២ នៅ​ឆ្នាំ​១៩៤៥ បានបញ្ចប់​សង្គ្រាម លោក​នេះ​ទៅ ។ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម នៃ សង្គ្រាមត្រជាក់ នោះ គឺ​សង្គ្រាម​មនោ​គម ឬ សង្គ្រាម​លទ្ធិ រវាង​លោក​កុ​ម្មុយ​និ​ស្ត និង លោក​សេរី ។ ទឹកដី កូរ៉េ ត្រូវបាន​បែងចែក​ជា ២ ផ្នែក គឺ​ដោយសារ អាមេរិក ដែលជា​អ្នកឈ្នះ​សង្គ្រាមលោកលើកទី ២ បាន​កាត់​យក​ទឹកដី កូរ៉េ មួយផ្នែក ចំណែក​មួយផ្នែក​ទៀត​ត្រូវបាន សូ​វៀត ដែលជា​បងធំ​កុ​ម្មុយ​និ​ស្ត កាត់​យក ។​
​គំនិត​ផ្តួចផ្តើម ដើម្បី ការរួបរួម និង ឯករាជភាព កូរ៉េ ត្រូវបាន​រលាយ​ខ្សុល ហើយ​បាន​បង្កើត កូរ៉េ ជា​រដ្ឋ​ពីរ គឺ កូរ៉េ ខាងជើង ក្រោម​ការត្រួតត្រា​របស់ សូ​វៀត ( កុ​ម្មុយ​និ​ស្ត ) និង កូរ៉េ ខាងត្បូង ក្រោម​ការ​ត្រួ​ត្រា​ពី​អាមេរិក និង សម្ព័ន្ធមិត្ត ( សេរី ) ធ្វើឱ្យ ជាតិ​សាសន៍ កូរ៉េ ទៅជា​សត្រូវ​នឹង​គ្នា ដោយសារ កូរ៉េ ទាំង ពីរ ត្រូវតែដើរ​លើ​វិថី​ដែលជា​ប្រព័ន្ធ នយោបាយ សេដ្ឋកិច្ច និង សង្គម ផ្ទុយ​ពីគ្នា​ទាំងស្រុង ។

​នៅ​ខែ តុលា ឆ្នាំ ១៩៤៥ សូ​វៀត បា​នប​ង្កើ​អាជ្ញាធរ សូ​វៀត នៅ កូរ៉េ ខាងជើង ហើយ​បាន​បង្កើត គណៈកម្មាធិការ​ប្រជាជន​បណ្តោះអាសន្ន សម្រាប់ កូរ៉េ ខាងជើង នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៤៦ ដោយមាន​អតីត​មេ​ចលនា​ឩ​ទ្ទាម​ប្រឆាំង ជប៉ុន គឹម អ៊ី​ល ស៊ុ​ង ជា​ប្រធាន ។ រដ្ឋាភិបាល​បណ្តោះ អាសន្ន កូរ៉េ ខាងជើង បានចាប់ផ្តើម​ធ្វើកំណែទម្រង់​ដីធ្លី នាំឱ្យមាន​ការចាប់ខ្លួន​មនុស្ស​មួយចំនួន ខណៈ​អ្នកខ្លះរ​ត់ទៅ កូរ៉េ ខាងត្បូង ។​

​នៅ កូរ៉េ ខាងត្បូង ឯណោះ ក៏​កើត​កោលាហល​ណាស់ដែរ ហើយ​ទីបំផុត ប្រជាពលរដ្ឋ​នាំគ្នា ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាលយោធា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ព្រោះ​មេដឹកនាំ​នៅ​ទីនោះ មាន​ភាពពុករលួយ បក្សពួកនិយម និង ឃោរឃៅ យ៉ាង​ក្រៃលែង ។ នៅ​ខែ មេសា ឆ្នាំ ១៩៤៨ ក៏មាន​ការបះបោរ​ដ៏​ធំ​ទៀត ឈានទៅដល់​ការបង្ក្រាប​យ៉ាង​ហិង្សា ។ នៅ​ខែ ឩ​សភា ឆ្នាំ ១៩៤៨ កូរ៉េ ខាងត្បូង ប្រកាស​ខ្លួន​ថា​ជា​រដ្ឋ ដែល​បានសេចក្តីថា កូរ៉េ ខាងត្បូង បានប្រកាស​បំបែក ជាតិ​សាសន៍​ខ្លួនឯង ដោយសារតែ អាមេរិក នៅ​ពី​ក្រោយខ្នង ។ ដោយហេតុ​នោះ កូរ៉េ ខាងជើង ដែលមាន សូ​វៀត នៅ​ពី​ក្រោយខ្នង ក៏​មានតែ​ប្រកាស​បង្កើត សា​ធា​រណា​រដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត កូរ៉េ នៅ​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ១៩៤៨ នោះដែរ ក្រោម​ការដឹកនាំ​របស់​លោក គឹម អ៊ី​ល ស៊ុ​ង ។ ដោយហេតុ​នោះ ទើប​ជនជាតិ កូរ៉េ ខាងជើង បានចាត់ទុក គឹម អ៊ី​ល ស៊ុ​ង ថា​ជា បិតា​ស្ថាបនិក​កូរ៉េ ខាងជើង ហើយក៏​គឺ​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ១៩៤៨ នោះឯង ដែល​បាន​ក្លាយជា ទិវា​ឯករាជ្យ​ជាតិ កូរ៉េ ខាងជើង រហូតមកដល់​សព្វថ្ងៃ ។ ស្ថានភាព​ពិភពលោក និង នៅក្នុង ប្រទេស មានការ​ប្រែប្រួល នៅ​ឆ្នាំ ១៩៤៨ នោះ សូ​វៀត បាន​ដក​កងទ័ព​របស់ខ្លួន​ចេញពី កូរ៉េ ខាងជើង ចំណែក អាមេរិក ត្រូវ​បង្ខំចិត្ត​ដក​កងទ័ព​របស់ខ្លួន​ចេញពី កូរ៉េ ខាងត្បូង នៅ​ឆ្នាំ ១៩៤៩ ដែរ ។​

​សង្គ្រាម កូរ៉េ
​ទោះបី​កងទ័ព​មហាអំណាច បាន​ដក​ចេញពី កូរ៉េ ទាំង ពីរ ទៅហើយ​ក្តី ក៏​ពួក​មហាអំណាច នៅតែ​ចិញ្ចឹមចិត្ត​យក កូរ៉េ ធ្វើជា​បរិវារ​អំណាច​របស់​ពួកគេ​រៀងៗ​ខ្លួន​តាមរយៈ​ការជួយ​ផ្ចុងផ្តើម ដល់​មេដឹកនាំ កូរ៉េ ទាំង ពីរ ឱ្យ​ដណ្តើម​អំណាច​ពីគ្នា​ជំនួស​ពួកគេ ( មហាអំណាច​ដែល​កាល ណោះ គឺ អាមេរិក និង សូ​វៀត ) ។ ដោយហេតុ​នោះ កូរ៉េ ខាងត្បូង មាន​គម្រោង​ចង់​កម្ទេច រដ្ឋាភិបាល​កូរ៉េ ជើង ដោយ​ប្រើ​កងទ័ព​ជា​ទ្រង់ទ្រាយ​ធំ ។ កូរ៉េ ខាងជើង ដឹង​ជើង​ប្រួល​បែប​នោះ ក៏​បើ​ការវាយលុក​ទៅលើ កូរ៉េ ខាងត្បូង​មុន គឺ​នៅ​ថ្ងៃ ទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០​បាន​បញ្ឆេះ ភ្លើងសង្គ្រាម កូរ៉េ ទាំង ពីរ ឱ្យ​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង ។​

​អ្នកណា​ក៏​អាច​មើល​យល់​ដែរ​ថា អាមេរិក ដែល​ខ្លាច កូរ៉េ របូត​ពី​ដៃ​ខ្លួន ក៏​ចង់​ធ្វើ​អន្តរាគមន៍ សង្គ្រាម​នៅ កូរ៉េ នោះ​ណាស់ ប៉ុន្តែ​ខុសច្បាប់​អន្តរជាតិ ក៏​ទៅ​អន្ទោកអន្ទោល​រហូត​យក​បាន ឈ្មោះ អង្គការ សហប្រជាជាតិ ទៅធ្វើ​អន្តរាគមន៍​ការពារ​កូរ៉េ ខាងត្បូង ហើយ​បាន​រុល​ជ្រុល​ចូល កូរ៉េ ខាងជើង យ៉ាង​គឃ្លើន ។ ចិន ដែលមាន​ព្រំដែន​ជាប់​នឹង​កូរ៉េ ខាងជើង​ស្គាល់​ច្បាស់​នូវ ពុតត្បុត អាមេរិក និង សម្ព័ន្ធមិត្ត ( តាមពិត សង្គ្រាម​នោះ គឺជា សង្គ្រាម រវាង សូ​វៀត និង អាមេរិក ទេ ប៉ុន្តែ ចិន ដឹងថា ប្រសិនបើ អាមេរិក ឈ្នះ​សង្គ្រាម​នោះ គឺ អាមេរិក​បាន​ចូលដល់ របង​ផ្ទះ ចិន ហើយនឹង​គំរាមកំហែង​ដល់ ចិន ជាក់​ជាមិនខាន ទើប ចិន​សម្រេច​ចូលខ្លួន​ធ្វើ សង្គ្រាម​នោះ ។ មុននឹង​ចូលធ្វើ​សង្គ្រាម​នោះ សូ​វៀត និង ចិន បាន​សន្យា​នឹង​គ្នា​ថា​នឹង​ចូល ធ្វើសង្គ្រាម​នោះ​ជាមួយគ្នា ព្រោះ​សត្រូវ​របស់​ពួកគេ គឺ អាមេរិក ដូចគ្នា ។ ប៉ុន្តែ​ពេល​សង្គ្រាម ឆាបឆេះ​ឡើង មានតែ ចិន ប៉ុណ្ណោះ ដែល​ចូលប្រឡូក ទើបត្រូវ​មេដឹកនាំ និង ប្រជាជន ចិន ចាត់ទុកថា សូ​វៀត បាន​ក្បត់ ចិន ធ្វើឱ្យ ចិន ខាតបង់​យ៉ាងច្រើន ហើយ​ផ្តល់ឱកាស​ឱ្យ សូ​វៀត បាន​ពង្រឹងសមត្ថភាព​របស់ខ្លួន​ទៅវិញ ) ក៏បាន​ជួយ កូរ៉េ ខាងជើង នាំឱ្យមាន​តុល្យភាព កម្លាំង​ទ័ព​ម្តងទៀត​នៅក្នុង​សង្គ្រាម កូរ៉េ នេះ ។​

​សង្គ្រាម​នោះ ត្រូវបាន​គេ​មើលឃើញ និង កត់ត្រា​ថា​ជា​រលក នៃ មនុស្ស ដែល​នៅក្នុង​ប្រវត្តិ សង្គ្រាម នៃ មនុស្សជាតិ​ពុំដែល​ធ្លាប់​ជួប ព្រោះថា អាមេរិក និង បក្សពួក មាន​កងទ័ព និង សព្វាវុធ​ខ្លាំង និង ទំនើប​ជាង គឺ​ងាយ​នឹង​កម្ទេច​ប​ច្ចា​មិត្រ​របស់ខ្លួន ។ ចំណែក កូរ៉េ ខាងជើង និង ចិន ដែលមាន​កងទ័ព​មិនសូវ​ហំ​ហាន ប៉ុន្តែ​មាន​ភាព​ប្តូរផ្តាច់​ជាទីបំផុត​ហេតុនេះ​ក៏មាន​តែ​កេណ្ឌ មនុស្ស​ជា​បន្តបន្ទាប់​ចូល​ប្រយុទ្ធ គឺ​ស្លាប់ ១០០ ចូល ២០០ , ស្លាប់ ២០០ ចូល ៣០០ , ស្លាប់ ៣០០ ចូល ៤០០ …. គឺ​ចេះតែ​កើនឡើង​រហូត កើនឡើង​ឥតឈប់ឈរ កើនឡើង​រហូត​ទាល់ តែ​ពួក​បច្ចាមិត្ត គឺ អាមេរិក និង បក្ខពួក សម្លាប់​មិន​អស់ ។ កូនប្រុស​បង្កើត​ម្នាក់រ​បស់ ម៉ៅ សេទុង ក៏បាន​ស្លាប់​នៅក្នុង​សង្គ្រាម​នោះដែរ ។​

​ដោយហេតុនេះ ទើប​កូរ៉េ ខាងជើង មិន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ អាមេរិក និង សម្ព័ន្ធមិត្ត​ហើយក៏ ដោយសារតែ​តុល្យភាព នៃ កម្លាំង​ទ័ព​នោះ ទើប​ទីបំផុត​មាន​សន្ធិសញ្ញា​មួយ​ចុះហត្ថលេខា ដោយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៥៣ បានបញ្ចប់​សង្គ្រាម​នោះ (​ជា​បណ្តោះ អាសន្ន​ប៉ុណ្ណោះ ) ទៅដោយ​បានកំណត់​ព្រំដែន នៃ កូរ៉េ ទាំង ០២ ។ សង្គ្រាម​នោះបាន​ផ្តាច់ ផ្តិល​អាយុជីវិត​ជន​ស៊ីវិល និង កងទ័ព​ជាង ០១ លាន នាក់ ។ អាគារ និង ហេដ្ឋារចនាសម្ព័ន្ធ នៃ កូរ៉េ ខាងជើង ត្រូវ​បន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង ។

​តាមពិតទៅ​សង្គ្រាម កូរ៉េ នេះ គឺជា​សង្គ្រាម​របស់​ពួក​មហាអំណាច​ទាំង ០២ សុទ្ធសាធ ឬ ថា​ជា​សង្គ្រាម​ដែល​ពួក​មហាអំណាច​ខ្ចី​ប្រទេស​ដទៃ​ធ្វើជា​សមរភូមិ​ប្រយុទ្ធ​របស់ខ្លួន​តែប៉ុណ្ណោះ ក៏​ព្រោះតែ​ពួក​មហាអំណាច​ចៀសវាង​មិន​ចេញមុខ​ធ្វើសង្គ្រាម​ដោយផ្ទាល់​តែប៉ុណ្ណោះ ហើយ​សង្គ្រាមត្រជាក់​នោះ​ភាគច្រើន​មាន​ប្រភព​ចេញពី អឺរ៉ុប ។

​ដើម្បី ចិញ្ចឹម​មហិច្ឆតា​របស់ខ្លួន កងទ័ព អាមេរិក ត្រូវ​បានដាក់​ឱ្យនៅ កូរ៉េ ខាងត្បូង​តាំងពី​សម័យ សង្គ្រាម​នោះមក រហូត​បច្ចុប្បន្ន ហើយ​ទង្វើ​នេះ​ត្រូវបាន កូរ៉េ ខាងជើង​ហៅថា​ជាការ​ត្រួតត្រា របស់​ពួក​ចក្រពត្តិនិយម ។ នៅ​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០០៦ កូរ៉េ ខាងជើង​បានប្រកាស​អំ​ពី​ការ ពិសោធ​អាវុធ នុយ​គ្លី​អ៊ែរ ជា​លើកដំបូង​របស់ខ្លួន ញ៉ាំងឱ្យ​ពួក​មហាអំណាច​ខាង អាមេរិក បារម្ភ ។ នៅ​ឆ្នាំ ២០១៣ វិបត្តិ​អន្តរជាតិ បាន​ផ្ទុះឡើង ដោយ​ចាត់ទុកថា កូរ៉េ ខាងជើង​មានបំណង ផលិត មី​ស៊ី​ល អន្តរទ្វីប ។​

​ប្រការ​ទាំងនេះ ពេលខ្លះ​មហាអំណាច​ខាង​សេរី ដែលមាន អាម​រិ​ក ជា​បងធំ សឹងតែ​ភ្លេចខ្លួន ហើយក៏​ចេញមក​ប្រឈមមុខ​ដោយផ្ទាល់​ចំពោះ កូរ៉េ ខាងជើង ។ ប៉ុន្តែ​ដោយ​នៅតែ​ក្រែង​ចំពោះ មហាអំណាច​ដទៃ​ខ្លះ និង មតិ​អន្តជាតិ​ខ្លះ ទើប​មិនយូរប៉ុន្មាន​ក៏​បែរជាយក​ប្រទេស​ដទៃ​ហើយ ជា​ញឹកញាប់​គឺ កូរ៉េ ខាងត្បូង ឱ្យ​ជា​អ្នក​ចេញមុខ​ឈ្លោះ​ជាមួយ កូរ៉េខាងជើង ជា​ជំនួស​វិញ ។ និយាយ​ជារួម ទំនាស់​រវាង​ឩ​ប​ទ្វីប​កូរ៉េ ជា​បង​ប្អូ​នេះ នឹង​មិនអាច​បញ្ចប់​បានឡើយ​ដ៏​រាប​ណា មហាអំណាច​មិន​ព្រមព្រៀងគ្នា ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​:​មេសា​

រូបសំណាក​លោក គឹម អ៊ី​ល ស៊ុ​ង បិតា​ស្ថាបនិក កូរ៉េ ខាងជើង
ព្យុហយាត្រា​កងទ័ព​កូរ៉េខាងជើង នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ
ទីក្រុង ព្យូ​ង​យ៉ាង នៃ ប្រទេស កូរ៉េ ខាងជើង
ព្យុហយាត្រា​កងទ័ព​កូរ៉េខាងជើង នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម