សូមអ្នក​បើកបរ មាន​ឥរិយាបថ ចូលរួម​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍

205
ចែករម្លែក

កាលពី​ថ្ងៃទី​៨ ខែកញ្ញា​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​នូវ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ «​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក ក្នុង​រាជធានី​ភ្នំពេញ​»​។

​សិក្ខាសាលា​នេះ​បាន​បង្ហាញថា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក នៅ​មិនទាន់បាន​ទូលំទូលាយ ហើយ​អ្នកបើកបរ​ភាគច្រើន ពិសេស​នៅ​ភ្នំពេញ​នៅ មិនទាន់មាន​ឥរិយាបថ ចូលរួម​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​។ ចំណែក​ការ​រឹតបណ្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​មាន​ប្រសិទ្ធភាព​ក៏​នៅមានកម្រិត ទាប​នៅឡើយ​។

​លទ្ធផល​នៃ​ការសិក្សា​ស្រាវ​ជ្រា​លើ​ប្រធានបទ «​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក ក្នុង​រាជធានី​ភ្នំពេញ​» បាន​បង្ហាញថា ការចូល​រួមសហការ​របស់​អ្នកពាក់ព័ន្ធ ក៏​នៅមាន ភាពខ្វះ​ចន្លោះ ក្នុងការ​ចូលរួម​ពង្រឹង ការអនុវត្ត​ច្បាប់​ផងដែរ ហើយ​ធនធាន​គាំទ្រ​ដល់​ដំណើរ ការអនុវត្ត ការងារ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅមាន​ការខ្វះខាត​ច្រើន ដែលជា ហេតុផល​ធ្វើ​ឲ្យ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​រាជធានី​ភ្នំពេញ​នៅ មាន​កម្រិត​។​

​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​បាន​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ «​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​រាជធានី​ភ្នំពេញ​» រយៈពេល​ប្រាំ​ខែ ចាប់ផ្តើម​ពី​ចុងខែ​តុលា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២០​។​

​ជាការ​ពិត ក្នុងសង្គម​យើង​សព្វថ្ងៃ ពិសេស​នៅ​ភ្នំពេញ អ្នកបើកបរ​ដោយ​មួយចំនួន​ណាមួយ ហាក់ដូចជា​ខ្វះ​ការ​អធ្យាស្រ័យ​គ្នា ហើយ​គោរព​ច្បាប់ តែ​ពេលណា​មាន​ប៉ូលិស ឈរ​យាម ប្រចាំការ​នៅតាម​ផ្លូវ​ប៉ុណ្ណោះ​។ តែ​មិនមែន​ដោយ​ច្រើន​ទេ ជំពូក​អ្នកបើកបរ មិន​គោរព​ច្បាប់ ទម្លាប់​នេះ​។​

​ក្នុងនោះ អ្នកបើកបរ​ឡាន​មួយចំនួន ហាក់ដូចជា​ភ្លេចខ្លួន ឬក៏​យក​ទម្លាប់​តាម​អ្នក​ខុស​មួយចំនួន ដោយ​បើកឡាន​យឺតៗ តែ​នៅ​អែប​ទ្រូងផ្លូវ ទុក​ឲ្យ​អ្នក​វ៉ា​ជែង ទៅ​វ៉ា​ជែង នៅ​ខាងស្តាំ​ដៃ​ទៅវិញ​។​

​មួយវិញទៀត នៅ​ចំណុច​ផ្លូវបំបែក​ជា ៤ ពេលខ្លះ គ្រាន់តែ​ឡាន ៤​គ្រឿង​សោះ ក៏​អាច​បង្ក​ជា ការកកស្ទះ​ចរាចរណ៍​បានដែរ​។ ម្នាក់ៗ ប្រជែង​ចង់ទៅ​មុន តែ​ទីបំផុត នៅ​កកស្ទះ កណ្តាលផ្លូវ បំបែក​ជា ៤​។

​ក៏មានដែរ ប្រភេទ​អ្នកបើកបរ​មួយចំនួន ដែល​មិន​យោគយល់​អធ្យាស្រ័យ​គ្នា នៅ​ផ្លូវ​តូច ដែល​ឡាន​មិនអាច​ជៀស​គ្នា​ហើយ គឺ​សុខចិត្ត​ចុច​ស៊ី​ប្លេ​រ ទល់មុខ​គ្នា ដោយ​មិន​រក​កន្លែង​អែប ឬក៏​ថយក្រោយ ឲ្យ​ឡាន​មួយទៀត អាច​បើក​ទៅមុខ​បាន​នោះ ក៏​ទេ​ដែរ​។​

​មែនទែនទៅ ការបើកបរ រាប់ទាំង​អ្នកបើកបរ​ម៉ូតូ និង​ឡាន ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​ច្បាស់​ណាស់ ជា​មូលហេតុ​ចម្បង​មួយ ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុងនោះ អ្នកបើកបរ​ម៉ូតូ​មួយចំនួន ក៏​មិន​គោរព​ច្បាប់ ដូចជា មិន​ឈប់​ភ្លើងស្តុប មិន​ពាក់មួក​សុវត្ថិភាព​ឲ្យ បាន​ត្រឹមត្រូវ ហើយ​នៅ​ផ្លូវបំបែក បើ​មើល​ឆ្វេង​ស្តាំ មិនមាន​ប៉ូលិស​នៅ​ឈរ​យាម​ទេ គឺ​មួល​ហ្គែ បង្កើនល្បឿន ទៅមុខ ដោយ​មិន​ខ្វល់​ពី​ភ្លើងស្តុប​សោះឡើយ​។​

​មួយថ្ងៃៗ នៅ​ទូទាំងប្រទេស​យើង កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​មធ្យម​សម្លាប់​មនុស្ស មិនតិចជាង ៤​នាក់ និង​របួស​ជាង ១០​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ ស្ទើរតែ​ទាំងអស់ បង្កឡើង​ដោយ​មនុស្ស ដែលជា​អ្នកបើកបរ ហើយ​ភាគច្រើន ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។ ម៉ូតូ ដែលមាន​កម្លាំង​ក្រោម ១២៥​សេ​សេ គឺ​អ្នកបើកបរ មិន​ត្រូវបាន​ច្បាប់​តម្រូវ​ឲ្យ​មាន​បណ្ណ​បើកបរ ដូចជា អ្នកបើកបរ​ឡាន​នោះទេ​។​

​ដូច្នេះ គួរតែ​អ្នកបើកបរ​មួយចំនួន ពិសេស​អ្នកបើកបរ​ម៉ូតូ គួរតែ​ចូលរួម​គោរព​ច្បាប់ទម្លាប់ ទោះបីជា​នៅ​ចំណុច​ភ្លើងស្តុប​នោះ មិនមាន​ប៉ូលិស​ឈរ​យាម​ក៏ដោយ​។ ទម្លាប់​គោរព​ច្បាប់ ត្រឹមត្រូវ នឹង​ក្លាយជា​គំរូ​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ហើយក៏​ជាការ​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មាន​ប្រសិទ្ធភាព​ថែមទៀត​។ មិន​លំបាក​ទេ គ្រាន់តែ​គោរព​ច្បាប់ ប្រៀបដូចជា «​ការពារ ប្រសើរ​ជាង​ព្យាបាល​»​។ មិនយូរ​ទេ គ្រាន់តែ​ឈប់​ភ្លើងស្តុប យ៉ាងយូរ ១​នាទី​ជាង ហើយក៏​មិន​ខូចខាត​អ្វី​ទេ គ្រាន់តែ​ពាក់មួក​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​ម៉ូតូ និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​ឡាន ដោយ​មិន​បើកបរ​លឿនៗ ពេក​នោះ​៕ ដោយ​: លី ម៉េង​ហួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម